មេទ័ពកំពូលរុស្ស៊ី២រូប ត្រូវតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) បានចេញដីកាចាប់ខ្លួន
តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) បានចេញដីកាចាប់ខ្លួនមេទ័ពកំពូលរុស្ស៊ី២រូប ជុំវិញបទឧក្រិដ្ឋកម្មសង្រ្គាមនៅប្រទេសអ៊ុយក្រែន។ មេទ័ពទាំងពីរ ដែល ICC ចេញដីកាចាប់ខ្លួនគឺឧត្តមសេនីយទោ Sergei Kobylash និងឧត្តមនាវីឯក Viktor Sokolov នៃកងទ័ពជើងទឹករុស្ស៊ី។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ Reuters នៅថ្ងៃពុធទី៦ខែមីនា។
ការចេញដីការបស់តុលាការចុងក្រោយនេះ ដោយសារមេទ័ពទាំងពីរ ជាអ្នកបញ្ជាឲ្យមន្ត្រីថ្នាក់ក្រោម បាញ់មីស៊ីលកម្ទេចហេដ្ឋារចនាសម្ព័ន្ធអគ្គិសនីរបស់អ៊ុយក្រែន។ ឧក្រិដ្ឋកម្មដែលចោទប្រកាន់នេះ គឺបានកើតឡើងនៅចន្លោះខែតុលាឆ្នាំ២០២២ដល់ខែមីនាឆ្នាំ២០២៣ ហើយការវាយប្រហារនោះ បណ្តាលឲ្យជនស៊ីវិលត្រូវរងទុក្ខវេទនានិងបង្កឲ្យមានការខូចខាតដល់សំណង់អគារនានា
អ្នកទាំងពីរនាក់ ត្រូវបានចោទប្រកាន់ថាជាអ្នកទទួលខុសត្រូវចំពោះឧក្រិដ្ឋកម្មសង្រ្គាមនៃការដឹកនាំការវាយប្រហារទៅលើវត្ថុស៊ីវិល ហើយក៏ត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិនៃអំពើអមនុស្សធម៌ផងដែរ។
នេះត្រូវបានគេដឹងថា ជាលើកទី២ហើយ ដែល ICC ចេញដីកាចាប់ខ្លួនមន្ត្រីរុស្ស៊ីពាក់ព័ន្ធនឹងសង្គ្រាមនៅអ៊ុយក្រែន ពោលគឺលើកមុន ICC ក៏ចេញដីកាចាប់ខ្លួនលោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន និងបេសកជនសិទ្ធិកុមាររបស់គាត់គឺលោកស្រី Maria Lvova-Belova ផងដែរ។
សូមបញ្ជាក់ នៅពេលមានការចោទប្រកាន់បទឧក្រិដ្ឋកម្មនេះ លោក Kobylash អាយុ៥៨ឆ្នាំ គឺមានតួនាទីជាមេបញ្ជាការអាកាសចរណ៍របស់កងទ័ពអាកាសរុស្ស៊ី ចំណែកលោក Sokolov អាយុ៦១ឆ្នាំ គឺជាឧត្តមនាវីឯកនៅក្នុងកងនាវាចររុស្ស៊ី ដែលដឹកនាំកងនាវាចរសមុទ្រខ្មៅ៕