កោះអំពិល ជាកោះដ៏ស្រស់ស្អាតមួយកំពុងបង្អួតសម្រស់ដល់អ្នកទេសចរ

​​ «កោះអំពិល» គឺជាកោះលាក់ខ្លួនដ៏ស្រស់ស្អាតមួយដែលស្ថិតនៅក្នុងទឹកដីខេត្តកោះកុង និងកំពុងបង្អួតសម្រស់ដល់អ្នកទេសចរយ៉ាងផុលផុស។

កោះអំពិល មានទីតាំងស្ថិតនៅក្នុងស្រុកគិរីសាគរ ខេត្តកោះកុង ទល់មុខនឹងកោះស្តេច មានចម្ងាយប្រមាណ២៥០គីឡូម៉ែត្រពីរាជធានីភ្នំពេញ និង១៤០គីឡូម៉ែត្រពីក្រុងខេមរភូមិន្ទ ខេត្តកោះកុង ។ តារារះនៅទិសនិរតីមួយនេះ កំពុងបង្អួតសម្រស់ និងសក្តានុពលរបស់ខ្លួនយ៉ាងសម្បូរបែបដូចជាផ្កាថ្ម ឆ្នេរខ្សាច់សក្បុស និងជីវចម្រុះជាច្រើននៅបាតសមុទ្ររួមផ្សំនឹងការរៀបចំបដិសណ្ឋារកិច្ចប្រកបដោយការយកចិត្តទុកដាក់ បាននិងកំពុងទាក់ទាញអារម្មណ៍អ្នកទេសចរជាតិ និងអន្តរជាតិជាអនេក ។

សូមជម្រាបថា​​ កោះអំពិល ជាតំបន់សក្ដានុពលទេសចរណ៍បែបសមុទ្រ ដែលពេញនិយមនាពេលបច្ចុប្បន្ននេះ។ រីសតនៅលើកោះនេះ មានផ្ទះវីឡាសម្រាប់ស្នាក់នៅបែបឯកជននៅជាប់មាត់សមុទ្ទ មានអាងហែលទឹក ស្បារ អមដោយដើមដូងខ្ពស់ៗរាប់រយដើម និងឆ្នេរខ្សាច់សក្បុស ដែលកំពុងរង់ចាំភ្ញៀវទេចរជាតិ និងអន្តរជាតិមកសម្រាកលំហែកាយ។​​ នៅជុំវិញកោះនោះ​ក៏មានផ្កាថ្មដែលអាចឱ្យភ្ញៀវទេសចរមុជទឹកមើលទេសភាពនាបាតសមុទ្ទ។​​ លើសពីនេះភ្ញៀវទេសចរក៏អាចស្ទូចត្រីលេង ជិះទូកកៃយ៉ាក់ និងដើរលើស្ពានដ៏វែងកាត់លើសមុទ្ទនា ពេលល្ងាចទស្សនាថ្ងៃលិចដ៏ស្រស់ស្អាត។​​ គួរដឹងដែរថា​​ ខេត្តកោះកុង ក្រៅពី «កោះអំពិល» ក៏មានតំបន់ទេសចរណ៍ជាច្រើនទៀត ដែលអាចទៅលំហែកាយរួមមាន៖ ទឹកធ្លាក់តាតៃ កោះស្តេច ឆ្នេរនេសាទ ឆ្នេរផ្កាយ៧ ពាមក្រសោប (ព្រៃកោងកាង) ឆ្នេរបារាំង ភ្នំម្រេចកង្កែប អូទឹកវេទ កោះស្រឡៅ ឆ្នេរកោះកុងក្រៅជាដើម…

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds