នគរបាលឃាត់រាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យបន្តបន្ទាប់ចំនួន ០៦នាក់ ដែលបានប្រព្រឹត្តបទល្មើស អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា
រាជធានីភ្នំពេញ៖ ដោយទទួលបានបញ្ជាដឹកនាំដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាល និងលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ និងមានការដឹកនាំបញ្ជាផ្ទាល់ដោយលោកឧត្តមសេនីយ៍ទោ លី ប៊ុនអេង ស្នងការរងទទួលដឹកនាំការិយាល័យ ។
នៅថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ កម្លាំងការិយាល័យបានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបន្តបន្ទាប់ចំនួន ០៦ នាក់ ដែលបានប្រព្រឹត្តបទល្មើស អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា (យក ជើងធាក់ម៉ូតូឲ្យដួលរួចនាំគ្នាចុះពីលើម៉ូតូ យកកាំបិតប៉័ងតោកាប់ ដៃ ជើង វាយ ទាត់ ធាក់ជនរងគ្រោះប្លន់យកម៉ូតូ) ប្រព្រឹត្តនៅរាជធានីភ្នំពេញ ចំនួន ០៣ ករណី ចាប់យកម៉ូតូជាមធ្យោបាយជិះធ្វើសកម្មភាព ចំនួន ០២ គ្រឿង និងម៉ូតូរបស់ជនរងគ្រោះចំនួន ០១ គ្រឿង បញ្ជូនមកការិយាល័យដើម្បីសាកសួរចាត់ការតាមនីតិវិធី។
បច្ចុប្បន្ន ជនសង្ស័យ វត្ថុតាងជាមធ្យោបាយជិះធ្វើសកម្មភាព និងម៉ូតូជារបស់ជនរងគ្រោះ ដែលចាប់យកបានខាងលើ ការិយាល័យកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ៕