ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញជួបប្រជុំ និងសំណេះសំណាលដោយផ្ទាល់ជាមួយថ្នាក់ដឹកនាំមន្ទីរពេទ្យជាតិ និងអង្គភាពផ្តល់សេវាសុខាភិបាល ក្រោមឱវាទក្រសួងសុខាភិបាល
នៅរសៀលថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញដឹកនាំកិច្ចប្រជុំ និងសំណេះសំណាលជាមួយថ្នាក់ដឹកនាំ ដែលជានាយកមន្ទីរពេទ្យជាតិទាំងអស់ និងប្រធានអង្គភាពផ្តល់សេវាសុខាភិបាល ក្រោមឱវាទក្រសួងសុខាភិបាល។
ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានបញ្ជាក់នូវគោលបំណង គឺដើម្បីពិនិត្យ និងដោះស្រាយបញ្ហាប្រឈមនានា ដែលនៅមានសេសសល់ ឫអាចនឹងកើតមាន និងចែករំលែកនូវវឌ្ឍនភាពរវាងមន្ទីរពេទ្យ និងមន្ទីរពេទ្យ កម្រិតថ្នាក់ជាតិក្នុងការធានាឱ្យបានការផ្តល់សេវាប្រកបដោយគុណភាព ប្រសិទ្ធភាព សិក្តិសិទ្ធិភាព និងសមធម៌ជូនប្រជាពលរដ្ឋ ឈានទៅរកការគ្របដណ្តប់សុខភាពជាសកល។
ក្នុងឱកាសនោះផងដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកឡើងនូវចំណុចសំខាន់ៗ មួយចំនួនដូចជា ៖
១-ការគ្រប់គ្រងមន្ទីរពេទ្យជារួម
២-កិច្ចការដឹកនាំពិនិត្យ និងតាមដានគុណភាពសេវាថែទាំ និងព្យាបាល រាប់ទាំងសេវាសង្គ្រោះបន្ទាន់ ប្រពោធនកម្ម វះកាត់ សម្ភពនិងសង្គ្រោះទារកភ្លាមៗ
៣-កិច្ចការប្រើប្រាស់និងថែទាំសម្ភារបរិក្ខារវេជ្ជសាស្រ្ត និងការវិនិយោគ អភិវឌ្ឍន៍បន្ថែម
៤-ការគ្រប់គ្រងធនធានមនុស្ស និងបង្កើនសមត្ថភាពជំនាញ រួមមានការគ្រប់គ្រងបុគ្គលិក និងការងាររដ្ឋបាលទូទៅ ការពង្រឹងគុណភាពការទំនាក់ទំនងសាធារណៈ
៥-ការងារអធិការកិច្ច កំណែទម្រង់ សំដៅប្រសិទ្ធិភាព សុវត្តិភាព និងគុណភាពលើកគ្រប់ទិដ្ឋភាពគ្រប់គ្រង និងដឹកនាំ ជាដើម សម្រាប់អោយថ្នាក់ដឹកពាំនាំយកមកអនុវត្ត បន្តរក្សាបានទំនុកចិត្ត និងការពេញចិត្តពេញថ្លើមពីប្រជាពលរដ្ឋ ។
កិច្ចប្រជុំមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ទីប្រឹក្សាក្រសួង រដ្ឋលេខាធិការទទួលបន្ទុកពង្រឹងគុណភាពសេវាមន្ទីរពេទ្យ និងពង្រឹងក្រមសីលធម៌វិជ្ជាជីវៈ ព្រមទាំងឯកឧត្តម ទីប្រឹក្សា លោកនាយកមន្ទីរពេទ្យជាតិទាំង ១០ និងមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន។