វិធីសាស្រ្តជួយឱ្យសក់ដុះលឿន និងភ្លឺរលោង
មនុស្សគ្រប់គ្នាមិនថាប្រុស ឬស្រីនោះទេតែងតែស្រមៃចង់បានសក់ដែលមានសុខភាពល្អ ភ្លឺរលោង និងលូតលាស់លឿន។ ថ្វីត្បិតតែការប្រើប្រាស់ផលិតផល និងរបបអាហារគឺជាចំណែកជួយជំរុញដល់ការលូតលាស់សក់ហើយ ប៉ុន្តែក៏ត្រូវមានគន្លឹះមួយចំនួនដើម្បីជាជំនួយផងដែរ។ ដូច្នេះប្រសិនបើចង់ឱ្យសក់យើងដុះជាមួយសុខភាពល្អ និងភ្លឺរលោងអាចសាកល្បងអនុវត្តនូវវិធីសាស្រ្តទាំងនេះបាន៖
1/ ឧស្សាហ៍ម៉ាស្សាក្បាល
ការម៉ាស្សាក្បាលគឺជាវិធីងាយស្រួល និងល្អបំផុតក្នុងការជួយជំរុញដល់ការលូតលាស់របស់សរសៃសក់។ វាមិនត្រឹមតែធ្វើឱ្យមានអារម្មណ៍ល្អនោះទេ វាថែមទាំងអាចជួយឱ្យសរសៃឈាមរត់បានល្អ ពង្រឹងសុខភាពឫសសក់ និងផលិតប្រេងសម្រាប់ចិញ្ចឹមឫសសក់ផងដែរ។ លើសពីនេះទៀត ការម៉ាស្សាក្បាលបែបនេះក៏អាចជួយកាត់ស្ងួតនៃស្បែកក្បាល និងធ្វើឱ្យសក់មានទម្ងន់ជាងមុនផងដែរ។ សក់យើងនឹងកាន់តែស្អាតប្រសិនបើយើងម៉ាស្សាជាមួយប្រេងដូង។
2/ កុំកក់សក់ញឹកញាប់ពេក
ការរក្សាអនាម័យស្បែកក្បាលគឺជារឿងល្អហើយអាចជំរុញដល់ការលូតលាស់សក់ដែរ។ ប៉ុន្តែប្រសិនបើយើងព្យាយាមកក់សម្អាតសក់ជារៀងរាល់ថ្ងៃពេកមិនមែនជារឿងល្អឡើយដោយសារសារធាតុគីមីដែលនៅក្នុងសាប៊ូមួយចំនួនធំនឹងជម្រះនូវសារធាតុប្រេងធម្មជាតិសម្រា់ប់ចិញ្ចឹមសរសៃសក់ ធ្វើឱ្យស្បែកក្បាលបាត់បង់សំណើម និងសុខភាពឫសសក់ចុះខ្សោយផងដែរ។ ជាពិសេសនៅពេលដែលយើងមិនបានលាងជម្រះសាប៊ូឱ្យបានជ្រះល្អ វានឹងធ្វើឱ្យកាកសំណល់ជាប់ស្ទះនៅក្នុងឫសសក់ដែលបណ្ដាលឱ្យសក់កាន់តែងាយជ្រុះថែមទៀត។
3/ ជៀសវាងការត្រូវកម្ដៅខ្លាំង
ការប្រើប្រាស់ម៉ាស៊ីនផ្លុំសក់ ម៉ាស៊ីនកៀបសក់ ឬម៉ាស៊ីនមូលសក់ច្រើនក៏ជាកត្តាមួយផ្នែកដែលរួមចំណែកធ្វើឱ្យសក់ខូច ផុយ ស្ងួត និងឆាប់ជ្រុះផងដែរ។ ដោយសារតែកម្ដៅនៃម៉ាស៊ីនទាំងនោះនឹងធ្វើឱ្យបាត់បង់សារធាតុចិញ្ចឹម និងជាតិទឹកនៃសរសៃសក់ ក៏ដូចជាបំផ្លាញភាពរឹងមាំរបស់ឫសសក់ផងដែរ។ មិនមែនមានន័យថាយើងមិនអាចប្រើវាបាននោះទេ តែគួរតែព្យាយាមប្រើវាឱ្យបានតិចតួចបំផុត ឬក្នុងកម្រិតកម្ដៅមួយដែលទាប ដើម្បីជៀសវាងកុំឱ្យសក់ខូចខ្លាំងជាងនេះ។
4/ កុំសិតសក់ញឹកញាប់ពេក
ថ្វីត្បិតតែការសិតសក់ធ្វើឱ្យយើងមើលទៅមានសណ្ដាប់ធ្នាប់ តែការសិតសក់ញឹកញាប់ពេកក៏អាចបំផ្លាញសក់ដោយមិនដឹងខ្លួនបានដែរដោយសារតែក្រាស់នឹងកកិតផ្ទាល់ជាមួយស្បែកក្បាលខ្លាំង។ ដូច្នេះនៅពេលដែលយើងសិតគឺគួរតែប្រើកម្លាំងដៃថ្នមៗព្រោះវាប្រៀបដូចជាការម៉ាស្សាក្បាលហើយជួយជំរុញឱ្យស្បែកក្បាលផលិតនូវប្រេងធម្មជាតិ ក៏ដូចជាធ្វើឱ្យសក់មានសំណើម និងទម្ងន់ជាងមុនផងដែរ។
5/លាងសម្អាតសក់ជាមួយទឹកត្រជាក់
ការលាងសម្អាតសក់ជាមួយនឹងទឹកត្រជាក់អាចនឹងជួយការពារស្រទាប់ស្បែកក្បាល និងធ្វើឱ្យសក់មានភាពទន់រលោងផងដែរ។ ផ្ទុយទៅវិញ ប្រសិនបើយើងលាងសម្អាតសក់ជាមួយទឹកក្ដៅស្មើនឹងការបំផ្លាញឬសសក់ ហើយធ្វើឱ្យសក់របស់យើងស្ងួត រឹង ផុយ ងាយជ្រុះ លូតលាស់យឺត និងឬសសក់ខ្សោយថែមទៀតផង។
6/កុំទុកឱ្យសក់សើមយូរ
វាជាការល្អក្នុងការរុំសក់របស់យើងជាមួយកន្សែងក្រោយកក់សក់ហើយ។ ប៉ុន្តែយើងមិនគួររុំទុកវាយូរពេកនោះទេដោយសារនៅពេលសក់សើមជាពេលដែលសក់យើងងាយជ្រុះ និងទន់ខ្សោយបំផុត។ ដូច្នេះហើយក្រោយពេលកក់សក់ហើយ យើងត្រូវសម្ងួតសក់ឱ្យបានលឿនដើម្បីជៀសវាងការឡើងផ្សិតស្បែកក្បាល ឬសក់ជ្រុះ។ ការសម្ងួតនេះផងដែរល្អបំផុតនៅពេលយើងម៉ាស៊ីនផ្លុំជាមួយកម្ដៅទាប ឬកង្ហារ។
7/ឧស្សាហ៍ប្រើក្រែមបន្ទន់
ក្រែមបន្ទន់សក់ប្រៀបដូចជាការព្យាបាល និងផ្ដល់ប្រូតេអ៊ីនទៅដល់សរសៃសក់ដែរ។ មិនតែប៉ុណ្ណោះ វាអាចជួយផ្ដល់សារធាតុចិញ្ចឹមយ៉ាងជ្រៅទៅក្នុងសរសៃសក់ និងជំរុញការលូតលាស់ផងដែរ។ លើសពីនេះទៀត ការប្រើប្រាស់ក្រែមបន្ទន់សក់ក៏អាចជួយរក្សាសំណើមនៃសរសៃសក់ ជួសជុលសក់ខូច និងកាត់បន្ថយបញ្ហាសក់សំពោងថែមទៀតផង៕