ក្រសួងបរិស្ថាន ស្នើឱ្យបឈ្ឈប់ការផ្សព្វផ្សាយមាតិកាជំរុញឱ្យមានការបំផ្លាញធនធានធម្មជាតិ

បន្ទាប់ពីបានឃើញការផ្សាយក្នុងបណ្តាញសង្គមហ្វេសប៊ុក Yorn Khy ដែលផលិតមាតិកាដោយយកផ្កាបំពង់ក្រឡោម ទៅធ្វើជាម្ហូប ដើម្បីទាក់ ទាញការចាប់អារម្មណ៍ពីសាធារណជន អ្នកនាំពាក្យក្រសួងបរិស្ថានស្នើឱ្យបឈ្ឈប់ការផ្សព្វផ្សាយមាតិកាជំរុញឱ្យមានការបំផ្លាញធនធានធម្មជាតិ។

ឯកឧត្តម ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន នៅទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤បានធ្វើការអប់រំដោយផ្ទាល់ ដល់ម្ចាស់គណនេយ្យខាងលើ និងស្នើឱ្យមានការ លប់ចេញពីបណ្តាញផ្សព្វផ្សាយសង្គមរបស់ខ្លួន និងឱ្យបញ្ឈប់ការប៉ុស្តិ៍ធ្វើមុខម្ហូប ដែលធ្វើពីសាច់សត្វព្រៃ ឬរុក្ខជាតិកម្រ និងជិតផុតពូជ នៅក្នុងពិភពលោក ដែលកំពុងត្រូវបានអភិរក្សនិងការពារ ឱ្យគង់វង្សសម្រាប់កូនចៅតជំនាន់។

ឯកឧត្តម បានបន្ថែមថា បច្ចុប្បន្ននេះ ក្រសួងបរិស្ថានបាននិងកំពុងចាត់វិធានការតឹងរឹ ងចំពោះបទល្មើសធនធានធម្មជាតិ ក្នុងនោះគឺត្រូវអនុវត្តច្បាប់១០០% ចំពោះអ្នកប្រព្រឹត្តបទល្មើសធនធនាធម្មជាតិ។ ជាមួយគ្នានេះអ្នកនាំពាក្យបានអប់រំជំរុញឱ្យមានការផ្លាស់ប្តូរឥរិយាបថ ប្រជាពលរដ្ឋទាំង អស់ មានការយល់ដឹងនិងចូលរួមថែរក្សាសត្វព្រៃនិងធនធានជីវៈចម្រុះ ក៏ជាផ្នែកសំខាន់ដែល ក្រសួងបាននិងកំពុងយកចិត្តទុកដាក់។

ឯកឧត្តម ខ្វៃ អាទិត្យា បានលើកឡើងថា ជាពិសេស ការបរិភោគសត្វព្រៃឱ្យធ្វើឱ្យសុខភាព របស់អ្នកបរិភោគ កាន់តែប្រឈមនឹងគ្រោះថ្នាក់ខ្លាំង និងពេលខ្លះប្រឈមនឹងការ បាត់បង់ជីវិត។ អ្នកនាំពាក្យសង្ឃឹមថា អ្នកបង្កើតមាតិការផ្សព្វផ្សាយតាមបណ្តាញសង្គម ចូលរួម បង្កើនការយល់ដឹងអំពីសារៈសំខាន់នៃជីវៈចម្រុះ នឹងលើកទឹកចិត្តដល់ប្រជាពលរដ្ឋ ការពារព្រៃ ឈើ សត្វព្រៃ និងជីវចម្រុះឱ្យបានល្អថែមទៀត។ សត្វព្រៃនិងជីវៈចម្រុះ គឺជាផ្នែកមួយដ៏សំខាន់ ក្នុងការធានាសេវាកម្មប្រព័ន្ធអេកូឡូស៊ី ដែលផ្តល់អត្ថប្រយោជន៍ដល់ប្រជាជន និងសេដ្ឋកិច្ចមូលដ្ឋាន ជាពិសេសធានា ដល់ការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។

អ្នកនាំពាក្យបានលើកឡើងថា យោងតាមការសិក្សារបស់អ្នកជំនាញ ផ្កាបំពង់ក្រឡោម, បំពង់ស្រមោច ឬអ្នកខ្លះហៅថា «ផ្កាបំពង់លុក» ឬ «ផ្កាក្រឡូមពារ» ភាសាបច្ចេកទេស Pitcher plants (Nepenthes) គឺជាពួករុក្ខជាតិ អាចចាប់ សម្លាប់ និងរំលាយសត្វល្អិតជាអាហារ ដែលចូលទៅក្នុងទម្រង់ស្លឹកពិសេសរបស់វា។ រុក្ខជាតិនេះមាន ដុះនៅតាមតំបន់ការពារធម្មជាតិនានា នៅកម្ពុជាហើយទីតាំងដែលមានឈ្មោះល្បីគឺដូច ជានៅលើឧទ្យានជាតិព្រះមុនីវង្សបូកគោ នៅតំបន់ខ្នងផ្សារ ក្នុងឧទ្យានជាតិជួរក្រវ៉ាញ កណ្តាលជាដើម។

ឯកឧត្តម ខ្វៃ អាទិត្យា បានជម្រាបជូនថា រាល់រុក្ខជាតិបំពង់ក្រឡោមទាំងអស់នេះ ត្រូវបានដាក់ក្នុងឧបសម្ព័ន្ធទី២ (Appendix II) នៃអនុសញ្ញាស្តីពី ពាណិជ្ជកម្មអន្តរជាតិ លើប្រភេទសត្វ និងរុក្ខជាតិព្រៃដែលកំពុងរងគ្រោះ (CITES) ដោយមិនអនុញ្ញាតឱ្យមាន ការជួញដូរនោះឡើយ។  ជាមួយគ្នានេះ មន្រ្តីនាំពាក្យក្រសួងបរិស្ថាន ស្នើសុំប្រជាពលរដ្ឋនិងភ្ញៀវទេសចរ ចូលរួមថែរក្សា ផ្កាបំពង់ក្រឡោមកម្ពុជាយើងដើម្បីការពារថែរក្សាពូជឱ្យបាននៅគង់វង្ស និងចូលរួមថែរក្សាសោភ័ណភាព នៅតាមមូលដ្ឋាន នៅតាមរមណីយដ្ឋានធម្មជាតិឱ្យ បានស្រស់ស្អាត ទាក់ទាញភ្ញៀវទេសចរណ៍ ឱ្យមកទស្សនាបានច្រើន បង្កើតការងារជូន សហគមន៍ និងផ្តល់ប្រាក់ចំណូលជូនប្រជាពលរដ្ឋ កាន់តែប្រសើរថែមទៀត៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds