រដ្ឋបាលខេត្តពោធិ៍សាត់បានចេញសេចក្តីបំភ្លឺពាក់ព័ន្ធនឹងការផ្សាយពីផ្ទះបណ្តែតទឹកនៅឃុំកំពង់លួង

រដ្ឋបាល​ខេត្តពោធិ៍សាត់ នៅ​ថ្ងៃ​ទី​២៧ ខែកុម្ភៈ ឆ្នាំ​២០២៤​ បាន​ចេញ​សេចក្តី​បំភ្លឺ​ព័ត៌មាន ពាក់ព័ន្ធ​កាលពី​ពេល​ថ្មី​ៗ​នេះ មានការ​ផ្សព្វផ្សាយ តាម​បណ្ដាញ​ព័ត៌មាន​សង្គម​របស់​គណនី​ហ្វេ​ស​ប៊ុ​ក​ផេ​ក​ឈ្មោះ KHMER ដែល​មាន​ខ្លឹមសារ​ថា ៖ អស្ចារ្យ​មែន​! ស្ងាត់​ភ្ញៀវ​ខាងកើត​ចូល​មក​ធ្វើ​ផ្ទះ​បណ្តែត​ទឹក​ពេញ​បឹង​កំពង់​លួង ខេត្តពោធិ៍សាត់​.. កម្ពុជា​អើយ តទៅ​មុខ​ទៀត​ទៅ​ជា​យ៉ាងណា​ទៅ

ពាក់ព័ន្ធករណីនេះ រដ្ឋបាលខេត្តពោធិ៍សាត់ បានបំភ្លឺថា ឃុំកំពង់លួង ជាឃុំបណ្តែតទឹកដែលមានប្រជាពលរដ្ឋរស់នៅលើផ្ទៃទឹកជាអចិន្ត្រៃយ៍ចំនួន៤ភូមិ មិនថានៅរដូវទឹកឡើង ឬរដូវទឹកស្រក ដែលបានរស់នៅបែបនេះជាយូរណាស់មកហើយ និងក្លាយជាទម្លាប់របស់ពួកគាត់។ យ៉ាងណានៅរដូវទឹកឡើងប្រជាពលរដ្ឋមានការរស់នៅជាលក្ខណៈរាយប៉ាយ ដោយមានទីតាំងទៅតាមព្រែក និងប្រឡាយ ចំណែកនៅរដូវទឹកស្រកវិញ ប្រជាពលរដ្ឋបានផ្លាស់ទីទៅរស់នៅផ្នែកខាងក្រោមមានលក្ខណៈប្រមូលផ្តុំគ្នា ដែលមើលទៅឃើញរូបភាពច្រើនកុះករ។

«ទន្ទឹមនឹងមានការបន្លាស់ទីចុះឡើងតាមស្ថានភាពទឹកឡើង ទឹកស្រកនោះ សេវាសាធារណៈក៏បានផ្លាស់ទៅតាមពួកគាត់ដែរដូចជា សាលារៀនបណ្តែតទឹក មណ្ឌលសុខភាពបណ្តែតទឹក និងសាលាទ្រទ្រង់ព្រះពុទ្ធសាសនាបណ្តែតទឹកជាដើម។ ដោយឡែក ប្រជាពលរដ្ឋទាំងអស់នេះមិនមានការកើនឡើងដូចអ្វីដែលបណ្តាញសង្គមហ្វេសប៊ុកឈ្មោះ KHMER បានផ្សព្វផ្សាយនោះឡើយ ហើយអាជ្ញាធរ និងមន្រ្តីជំនាញបានធ្វើការគ្រប់គ្រង់យ៉ាងម៉ត់ចត់ស្របតាមច្បាប់ និងលិខិតបទដ្ឋាននានា»។ នេះបើតាមការបញ្ជាក់បន្ថែមរបស់រដ្ឋបាលខេត្តពោធិ៍សាត់៕

អត្ថបទដែលជាប់ទាក់ទង