មន្ត្រីជាន់ខ្ពស់ គ.ជ.ប ៖ ការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់លទ្ធផល នៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ រកឃើញថា ពុំមានអ្វីខុសឆ្គងនោះទេ
(ភ្នំពេញ)៖ មន្ត្រីជាន់ខ្ពស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឱ្យដឹងថា ឆ្លងកាត់តាមការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ឡើងវិញនូវលទ្ធផល នៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ ដែលគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) បានបញ្ជូនមក គ.ជ.ប រកឃើញថា ពុំមានអ្វីខុសឆ្គងនោះទេ។
ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន នៅរសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោយជិតបញ្ចប់ការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់លទ្ធផលបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាឡើងវិញ, លោក តុប ឬទ្ធី អគ្គនាយក នៃអគ្គនាយកដ្ឋានសេវាកម្មច្បាប់ និងបច្ចេកទេស នៃ គ ជ ប បានថ្លែងថា បន្ទាប់ពីគណៈកម្មាធិការបោះឆ្នោតរាជធានី-ខេត្តនីមួយៗ បានបញ្ជូនលទ្ធផលតាមមណ្ឌលនីមួយៗ រួមក គ.ជ.ប បានរៀបចំបែងចែកជា៨ក្រុម ដើម្បីត្រួតពិនិត្យ។ សម្រាប់ការត្រួតពិនិត្យនេះគឺត្រួតពិនិត្យទៅលើទម្រង់១១១០ ទម្រង់១១១១ និងទម្រង់១១១៤។
លោកថា៖ ក្នុងការត្រួតពិនិត្យនេះដែរបើសិនទម្រង់ទាំង៣នេះ មិនមានទិន្នន័យណាមួយខុសឆ្គងអ្វីទេ គឺយើងនឹងធ្វើការបូកសរុបបញ្ចូលទៅក្នុង១១១៧ នេះជានីតិវិធី។ ទោះបីយ៉ាងណា បើក្នុងករណីដែលការត្រួតពិនិត្យទម្រង់ទាំង៣នេះ ហើយឃើញថា មិនស៊ីគ្នា គឺយើងនឹងឈានដល់ដំណាក់កាលត្រួតពិនិត្យទៅលើកញ្ចប់ ១១០២ ,១១០១ និង១១០៨ថែមទៀត។ ទាំងនេះ គឺជានីតិវិធីដែល គ.ជ.ប ត្រូវធ្វើ និងពិនិត្យមើល។ ការត្រួតពិនិត្យជិតបញ្ចប់នេះឃើញថាលទ្ធផលនេះពុំមានអ្វីខុសឆ្គងទេ។ អ្វីដែលគណៈកម្មាធិការរាជធានី-ខេត្ត ត្រួតពិនិត្យមកនេះឃើញថាត្រឹមត្រូវទាំងអស់។
លោកបានបន្ថែមថា សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤នេះ គណបក្សដែលនាំមុខច្រើនជាងគេ គឺគណបក្សប្រជាជនកម្ពុជា ដោយនាំមុខទាំងភូមិភាគទាំង៨។ ក្រោយការត្រួតពិនិត្យ ផ្ទៀតផ្ទាត់រួចនៅថ្ងៃនេះ អគ្គនាយកដ្ឋាននឹងដាក់ឱ្យ គ.ជ.ប ត្រួតពិនិត្យនៅថ្ងៃទី២៩ ខែកុម្ភៈខាងមុខ។ ក្រោយ គ.ជ.ប សម្រេច និងផ្សព្វផ្សាយ លទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោត នឹងធ្វើឡើងនៅថ្ងៃខាងមុខនេះ ។
លោក តុប ឬទ្ធី បានគូបញ្ជាក់ថា ក្រោយការប្រកាសលទ្ធផលបណ្តោះអាសន្នរួចហើយ គ.ជ.ប នឹងទុកពេលវេលាឱ្យគណបក្សនយោបាយ ដែលចូលរួមបោះឆ្នោតទាំងនេះមានសិទ្ធិដាក់ពាក្យប្តឹងតវ៉ារយៈពេល ៧២ម៉ោង ក្រោយការបិទផ្សារលទ្ធផលបណ្តោះអាសន្ននេះ និងបើក្នុងករណីមិនមានពាក្យបណ្តឹងទេ គ.ជ.ប នឹងប្រកាសលទ្ធផលជាផ្លូវការតែម្តង។ សម្រាប់ការប្រកាសនេះ គឺធ្វើឡើងតាមសំឡេងគណបក្សនីមួយៗទទួលបានអាសនៈ និងស្រង់បេក្ខជនជាប់ឆ្នោតតែម្តង។
សូមជម្រាថា យោងតាមលទ្ធផលបឋមការប្រកាសរបស់ គ.ជ.ប នៅយប់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ នៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា អាណត្តិទី៥ បានឱ្យដឹងថា គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាចទទួលបាន ៥៥អាសនៈ (១០,០៥២សំឡេង) គណបក្សឆន្ទៈខ្មែរ ទទួលបាន ៣អាសនៈ (១,៣៩៤សំឡេង)។ ដោយឡែកគណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្សកម្លាំងជាតិ មិនទទួលបានអាសនៈ នោះទេ៕