សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជាបានអញ្ចើញ ជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់ប្រាក់រង្វាន់លើកទឹកចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាជូនដល់ជ័យលាភី ការប្រកួតជើងឯកអាស៊ីអាគ្នេយ៍ ជើងឯកអាស៊ី ជើងឯកពិភពលោក និងការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ីអាគ្នេយ៍ហ្គេម លើកទី២០
នៅរសៀលថ្ងៃចន្ទទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជាបានអញ្ចើញ ជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់ប្រាក់រង្វាន់លើកទឹកចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាជូនដល់ជ័យលាភី ការប្រកួតជើងឯកអាស៊ីអាគ្នេយ៍ ជើងឯកអាស៊ី ជើងឯកពិភពលោក និងការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ីអាគ្នេយ៍ហ្គេម លើកទី២០។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ស្ថិតក្នុងឱកាសដ៏វិសេសវិសាលនេះ សម្តេចសូមពាំនាំនូវក្ដីនឹករលឹក និង ការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និង ជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ជូនចំពោះ ឯកឧត្តម លោកជំទាវ, លោក លោកសី, គ្រូបង្វឹក, កីឡាករ កីឡាការិនី ទាំងអស់ ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបានមានប្រសាសន៍ថា បច្ចុប្បន្នវិស័យកីឡាមានការរីកចម្រើនគួរឱ្យកត់សម្គាល់ និង បានដើរតួនាទីយ៉ាង សំខាន់នៅក្នុងសង្គមកម្ពុជា ។ កីឡាទទួលបាននូវការចាប់អារម្មណ៍ និង ការគាំទ្រពីសំណាក់ មហាជនខ្មែរគ្រប់ស្រទាប់វណ្ណៈ ដោយមិនគិតពីពណ៌សម្បុរ ឬ និន្នាការនយោបាយឡើយ ដោយ ប្រជាជនខ្មែរនាំគ្នាលេងកីឡា ដើម្បីសុខភាព ទាំងផ្លូវកាយ និង ផ្លូវចិត្ត ដូចពាក្យ ស្លោកថា «កីឡា សាងមនុស្ស ហើយមនុស្សសាងសង្គម»
ដូច្នេះហើយ រាជរដ្ឋាភិបាលនឹងខិតខំបន្តយកចិត្តទុកដាក់ខ្ពស់លើការអភិវឌ្ឍវិស័យកីឡាបន្ថែមទៀត ដើម្បីបង្កលក្ខណៈល្អប្រសើរសម្រាប់ប្រជាជនទូទៅក្នុងការលេងកម្សាន្ត និងពង្រឹងសមត្ថភាពកីឡាករ កីឡាការិនីកម្ពុជាឱ្យកាន់តែខ្លាំងពូកែក្នុងការប្រកួតដណ្តើមយកជ័យជម្នះជូនជាតិមាតុភូមិ។
ឈរលើលទ្ធផលនះ អត្តពលិកកម្ពុជា ដែលដណ្តើមមេដាយពីលើឆាកអន្តរជាតិតែងតែទទួលបាន ការលើកទឹកចិត្ត និងថវិកាជាតិជាប្រាក់រង្វាន់តាមគោលការណ៍ពីរាជរដ្ឋាភិបាលកម្ពុជា ដោយក្នុងនោះ រាជរដ្ឋាភិបាលកម្ពុជាដែលជានិច្ចកាលតែងបានលើកទឹកចិត្ដ និងឧបត្ថម្ភគាំទ្រដល់កីឡាករ កីឡាការិនី នូវរាល់ការប្រកួត ទាំងក្នុងស្រុក ក្នុងតំបន់ និងលើឆាកអន្តរជាតិ ជាពិសេស គឺកម្ពុជាបាននិងកំពុងកសាងកិត្តិយសដ៏ធំធេងតាមរយៈការយកឈ្នះមេដាយមាសកម្រិតពិភពលោកជាបន្តបន្ទាប់ ហើយកាលពីពេលថ្មីៗកន្លងទៅនេះ កម្ពុជាបានសម្រេចនូវសមិទ្ធផលធំធេង ក្នុងការទទួលធ្វើជាម្ចាស់ផ្ទះ លើការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ដែលយើងបានរង់ចាំអស់រយៈពេល៦៤ឆ្នាំ ក្នុងនោះកម្ពុជាទទួលបានមេដាយមាស ៨១គ្រឿង មេដាយប្រាក់ ៧៤គ្រឿង និងមេដាយសំរឹទ្ធ ១២៩គ្រឿង៕