យុទ្ធនាការបាញ់ថ្នាំមូសនៅរាជធានីភ្នំពេញ លោក ឃួង ស្រេង ណែនាំឲ្យយកចិត្តទុកដាក់ដើម្បីសុខមាលភាពពលរដ្ឋ
អនុវត្តតាមការចង្អុលបង្ហាញពីសម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ លើការយកចិត្តទុកដាក់សុខមាលភាពប្រជាពលរដ្ឋ និងដោយយោងទៅលើស្ថានភាពជាក់ស្ដែង នៃការរីករាលដាលជំងឺគ្រុនឈាម មានការកើនឡើង លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដឹកនាំប្រជុំជាមួយអាជ្ញាធរ និងមន្ត្រីជំនាញពាក់ព័ន្ធ ដើម្បីចាត់វិធានជាបន្ទាន់ ដោយចាត់ក្រុមការងារ នៃមន្ទីរសុខាភិបាលរាជធានីភ្នំពេញ និងដោយមានកិច្ចសហការពីកងពលតូចលេខ៧០ ចុះបាញ់ថ្នាំមូសនៅសង្កាត់ទាំង១០៥ ទូទាំងរាជធានីភ្នំពេញសំដៅធ្វើយ៉ាងណា លុបបំបាត់ឲ្យអស់មូសខ្លា និងគ្មានជំងឺគ្រុនឈាម។
ក្រុមការងារ ដែលមានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ក្រុមគ្រូពេទ្យ អាជ្ញាធរខណ្ឌពាក់ព័ន្ធ និងកងពលតូចលេខ៧០ នារសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ បានជួបជុំគ្នានៅសាលារាជធានីភ្នំពេញ ដោយមានការណែនាំបន្ថែមពីលោក ឃួង ស្រេង នៅមុនពេលក្រុមការងារ ចុះយុទ្ធនាការបាញ់សម្លាប់មុខខ្លា នៅខណ្ឌចំនួន៥ ដែលជាខណ្ឌមានបញ្ហាប្រឈមជំងឺគ្រុនឈាមខ្លាំងជាងគេ។
នៅថ្ងៃទី១ នៃយុទ្ធនាការបាញ់សម្លាប់មូសខ្លានេះ បានប្រើប្រាស់ម៉ាស៊ីនបាញ់ថ្នាំសម្លាប់មូសចំនួន១៥គ្រឿង ប្រើប្រាស់កម្លាំងកងពលតូចលេខ៧០ ចំនួន២៦នាក់ សហការជាមួយក្រុមគ្រូពេទ្យ និងអាជ្ញាធរខណ្ឌពាក់ព័ន្ធទាំង៥ ដែលជាខណ្ឌមានបញ្ហាប្រឈមខ្លាំងជាងគេ ចំពោះការរីករាលដាលជំងឺគ្រុនឈាមនេះ ក្នុងនោះរួមមាន ៖ ខណ្ឌដង្កោ ខណ្ឌកំបូល ខណ្ឌពោធិ៍សែនជ័យ ខណ្ឌសែនសុខ និងខណ្ឌមានជ័យ។
ក្នុងឱកាសនោះ លោក ឃួង ស្រេង បានធ្វើការណែនាំទៅមន្ទីរសុខាភិបាលរាជធានីភ្នំពេញថា ជាជំហានដំបូងនេះ ក្រុមការងារត្រូវបាញ់ថ្នាំសម្លាប់មូសខ្លានៅទូទាំង៥ខណ្ឌនេះ ឲ្យបានរួចរាល់ ក្នុងរយៈពេលមួយសប្តាហ៍ រួចបន្តទៅខណ្ឌផ្សេងទៀត រហូតបញ្ចប់ទាំង១៤ខណ្ឌ និង១០៥សង្កាត់។ ក្រោយបញ្ចប់កិច្ចការងារទាំង១៤ខណ្ឌហើយ មន្ទីរសុខាភិបាល ត្រូវបន្តការបាញ់ថ្នាំសម្លាប់មូសនៅតាមប្រឡាយលូនានា នៅក្នុងរាជធានីភ្នំពេញ បន្តទៀតសំដៅធ្វើយ៉ាងណា លុបបំបាត់ឲ្យបាននូវជំងឺគ្រុនឈាម។
លោកបានអំពាវនាវឲ្យប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ ចូលរួមលុបបំបាត់ជម្រកមូសខ្លា ដូចជាលុបបំបាត់ទឹកដក់ថ្លាជាជម្រកមូសខ្លា (ទឹកដក់នៅក្នុងសំបកកង់ឡាន កង់ម៉ូតូ សំបកកំប៉ុង ដប វត្ថុដក់ទឹកភ្លៀងជាជម្រកមូសខ្លា)។ យើងរួមគ្នាលុបបំបាត់ជម្រកមូសខ្លា នៅក្នុងសហគមន៍របស់យើង ដើម្បីរួមចំណែកទុបស្កាត់ការចម្លងជំងឺគ្រុនឈាម។ មូសខ្លាជាភ្នាក់ងារចំលងជំងឺគ្រុនឈាម រីឯមូសអង្កាមមិនមែនជាភ្នាក់ងារចម្លងជំងឺគ្រុនឈាមទេ។
សូមជម្រាបថា ជំងឺគ្រុនឈាមអាចកើតមានលើមនុស្សគ្រប់វ័យ ទាំងវ័យក្មេង និងមនុស្សចាស់ ដែលបង្កឡើងដោយ វីរុសគ្រុនឈាម តាមរយៈការខាំចម្លងដោយសត្វមូសខ្លាញី ដែលចូលចិត្តពងកកើតជាដង្កូវទឹក នៅតាមទីកន្លែងដែលមានទឹក ដក់រងថ្លាគ្មានក្លិន ដូចជា៖ ពាង អាង ធុងដាក់ទឹកប្រើប្រាស់ ទឹកថូផ្កា ចានទ្រជើងតុ ទូ ក្រឡ ពែង ពិសេសសំបកកង់ឡាន ម៉ូតូ ក្រឡ កំប៉ុង ចាន កែវ ជាដើម ដែលទុក ឬបោះចោលពាសវាលពាសកាល បង្កើតជាប្រភពដក់ទឹក និងជម្រកសត្វមូស។ យើងត្រូវដាក់ថ្នាំអាបែតក្នុងវត្ថុទាំងនោះ ដើម្បីសម្លាប់ដង្កូវទឹក ជាការរួមចំណែកទុបស្កាត់ការកកើតមូសខ្លា ដែលជាភ្នាក់ងារចម្លងជំងឺគ្រុនឈាម៕