ចាប់ខ្លួនជនជាតិចិន២នាក់ ដកហូតកាំភ្លើង៤ដើម រួមគ្រឿងញៀនមួយចំនួនទៀត បញ្ជូនទៅសាលាដំបូងខេត្ត
បន្ទាយមានជ័យ៖ កម្លាំងកងអាវុធហត្ថក្រុងប៉ោយប៉ែតស្រាវជ្រាវឃាត់ខ្លួនជនជាតិចិន២នាក់ មានទាំងកាំភ្លើង និងគ្រឿងញៀន បញ្ជូនទៅកាន់សាលាដំបូងខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ បន្ទាប់ពីជនសង្ស័យបានបង្កហិង្សាទៅលើជនជាតិចិនដូចគ្នា ហើយត្រូវបានភាគីរងគ្រោះរត់មកប្តឹងសមត្ថកិច្ចឱ្យជួយអន្តរាគន៍។
ជនជាតិចិនទាំងពីរនាក់ទី១.ឈ្មោះ ជា ជីនហ្គ័រ ហៅកាំង ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិចិន បច្ចុប្បន្ន ស្នាក់នៅភូមិគីឡូម៉ែត្រ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ទី២.ឈ្មោះ លី អ៊ីនឈុន ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិចិន បច្ចុប្បន្ន ស្នាក់នៅភូមិក្បាលស្ពាន២ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ប្រភពពីបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឲ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យខាងលើនេះ ផ្តើមឡើងដោយជនសង្ស័យបានប្រើហិង្សាទៅលើជនជាតិចិនដូចគ្នា ហើយជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹង ទើបកម្លាំងបានចុះស្រាវជ្រាវធ្វើការបង្ក្រាបនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ នៅក្នុងភូមិបូរីដឹផាកស៊ីធី ក្នុងភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ដោយឡែកប្រតិបត្តការនេះដែរ សមត្ថកិច្ចដកហូតវត្ថុតាងរួមមាន៖ កាំភ្លើងចំនួន០៤ដើម គ្រាប់ចំនួន០២គ្រាប់, បង់អាវុធចំនួន០៣, ដំបងឆក់០១ដើម, គ្រាប់អាវុធខ្លីចំនួន៦០គ្រាប់, ខ្នោះដៃចំនួន២គូ គ្រឿងញៀនប្រភេទម្សៅក្រាមពណ៌សថ្លាចំនួន០៦កូនថង់កិប ស្មើនឹងទម្ងន់១២,៥៦ក្រាម។ គ្រឿងញៀនប្រភេទថ្នាំគ្រាប់រាងមូល ពណ៌ក្រហមក្បឿង(WY)ចំនួន០១ថង់កិប ស្មើនឹង១៩៦គ្រាប់ ទម្ងន់២១,៥៩ក្រាម។ គ្រឿងញៀនប្រភេទម្សៅពណ៌ស(កេតាមីន)ចំនួន០១កូនថង់កិប ទម្ងន់០,៦៦ក្រាម និងឧបករណ៍ប្រើប្រាស់គ្រឿងញៀ និងប័ណ្ណសំគាល់ខ្លួនជាច្រើនទៀត។
បច្ចុប្បន្ន ជនសង្ស័យជាជនជាតិចិនទាំងពីរនាក់ ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅកាន់ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ និងបន្តសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីអនុវត្តច្បាប់៕