កម្មករជាង ៣៥ម៉ឺននាក់ ចូលរួមបណ្តុះវប្បធម៌ស្អាតនៅកម្ពុជា តាមរយៈយុទ្ធនាការ«ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ»

ភ្នំពេញ៖ គិតត្រឹមថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ ចំនួនរោងចក្រចូលរួមផ្សព្វផ្សាយ ពីយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ»  បានកើនឡើងបានចំនួន ៤៥៣រោងចក្រ ស្មើ៦០១លើក និងមានអ្នកចូលរួមសរុប៣៥០,៩១២នាក់។ នេះបើយោងតាមឯកឧត្តម ខ្វៃ អាទិត្យា មន្ត្រីអ្នកនាំពាក្យក្រសួងបរិស្ថាន។

មន្ត្រីនាំពាក្យរូបនេះ បានបន្ថែមថា អនុលោមតាម «យុទ្ធសាស្រ្តបញ្ចកោណ» ដំណាក់កាលទី១ និងឈរលើមូលដ្ឋានគោលនយោបាយ និងយុទ្ធសាស្រ្តជាតិ ដែលមានជាធរមាន ទាំងក្រមខណ្ឌអនុសញ្ញាអន្តរជាតិពាក់ព័ន្ធវិស័យបរិស្ថាន ក្រសួងបរិស្ថាន សម្រេចសមិទ្ធផលលេចធ្លោ នៅក្នុងរយៈពេល៦ខែ នៃរាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា គឺបានដាក់ចេញនូវយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ឆ្នាំ២០២៣-២០២៨ ដែលនឹងនាំនាវាកម្ពុជាឆ្ពោះទៅសម្រេចនូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ លើមុំអាទិភាពសំខាន់ ចំនួន៣រួមមាន៖ ស្អាត បៃតង និងចីរភាព។

ឯកឧត្តម ខ្វៃ អាទិត្យា បានបន្តថា ក្នុងភាពស្អាត ក្រសួងបរិស្ថានបាននឹងកំពុងរៀបចំយុទ្ធនាការសម្អាតលើដី យុទ្ធនាការសម្អាតផ្ទៃទឹក និងសម្អាតផ្ទៃមេឃ។ ក្នុងយុទ្ធនាការសម្អាតលើដី គឺក្រសួងបានដាក់ចេញ យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» នៅទូទាំងប្រទេស ដែលផ្តើមពីសិស្សានុសិស្សនៅតាមសាលារៀន ចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣ រហូតមកទល់ថ្ងៃនេះ ទទួលបានការចូលរួម ពីប្រជាពលរដ្ឋចំនួន៥លាននាក់។ យុទ្ធនាការ«ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» បានចូលរួមកាត់បន្ថយចំនួនថង់ប្លាស្ទិបានប្រមាណពី១៥ ទៅ២០លានថង់ក្នុងមួយថ្ងៃ។

ជាមួយគ្នានេះដែរ អ្នកនាំពាក្យក្រសួងបរិស្ថាន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដែលបានគាំទ្រ និងអនុញ្ញាតឱ្យសិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូ នៅតាមសាលារៀន បានចូលរួមដោយផ្ទាល់ក្នុងយុទ្ធនាការកន្លងមក ព្រមទាំងថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃក្រសួង ស្ថាប័ន រដ្ឋបាលរាជធានីភ្នំពេញ និងខេត្តទូទាំងប្រទេស អាជ្ញាធរមូលដ្ឋាន ដៃគូអភិវឌ្ឍន៍ ម្ចាស់រោងចក្រ សហគ្រាស យុវជនកាកបាទក្រហមកម្ពុជា សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) សមាគមកាឬទ្ធិនារីកម្ពុជា ព្រះសង្ឃ និងប្រជាពលរដ្ឋគ្រប់ទិសទី ដែលបានយកចិត្តទុកដាក់ និងរួមចំណែកដើម្បីយុទ្ធនាការកម្ពុជា ដែលជាផ្ទះរបស់យើងទាំងអស់គ្នាស្អាត និងឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ។

នៅក្នុងជំហានបន្ទាប់ ក្រសួងបរិស្ថាននឹងចែកធុងសំរាមតាមសាលារៀន និងជួយបង្រៀនសិស្សានុសិស្ស បន្ថែមទៀត ឱ្យចេះញែកសំរាម  ដាក់ថង់ប្លាស្ទិកដោយឡែក ដាក់សំរាមសម្រាប់ធ្វើជី សំរាមណាអាចដុតបំផ្លាញចោល។ល។ ឯកឧត្តម ខ្វៃ អាទិត្យា បានលើកឡើងពីគោលបំណងនៃយុទ្ធនាការបន្តនេះ គឺជាការបណ្តុះផ្នត់គំនិតយុវជនយើង ក៏ដូចជាប្រជាពលរដ្ឋ ឱ្យចេះញែកសំរាម ចេះបែងចែកសំរាម កាត់បន្ថយសំរាមបញ្ចេញចោលផ្តេសផ្តាស់។

ក្នុងឱកាសនេះក្រសួងបរិស្ថាននឹងប្រកាសដាក់ចេញយុទ្ធនាការផ្ទៃទឹកស្អាត ដែលចាប់ផ្តើមពីការសម្អាតទន្លេសាប ជាអាទិភាពដំបូងគេ នៅថ្ងៃទី០១ ខែមីនា ខាងមុខ គឺចាប់ផ្តើមសម្អាតថង់ប្លាស្ទិកលើផ្ទៃទឹក ទប់ស្កាត់មិនឱ្យហូរចូលទន្លេសាប។

អ្នកនាំពាក្យក្រសួងបរិស្ថាន ស្នើសុំឱ្យមានការចូលរួម ជាពិសេសលោកគ្រូ អ្នកគ្រូ រួមជាមួយសិស្សានុសិស្ស ចូលរួមអនុវត្តនូវយុទ្ធនាការនេះបន្ត និងឱ្យបានជាទៀងទាត់ នោះវានឹងក្លាយជាទម្លាប់ល្អ ដែលធ្វើឱ្យយើងកាត់បន្ថយ រហូតដល់ឈានទៅឈប់ប្រើប្រាស់ថង់ប្លាស្ទិកទាំងស្រុង នាពេលអនាគត៕ឯកឧត្តម ខ្វៃ អាទិត្យា ៖ ការអភិវឌ្ឍសហគមន៍មូលដ្ឋាន ចូលរួមលើកកម្ពស់ជីវភាព  សហគមន៍មូលដ្ឋាន និងសហគមន៍តំបន់ការពារធម្មជាតិ - ក្រសួងព័ត៌មាន

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds