W A ៖ ពិព័រណ៍រូបថត “ភ្នំក្រវាញជារៀងរហូត” បង្កើនស្មារតីពលរដ្ឋអោយចូលរួមការពារព្រៃឈើ និងសត្វព្រៃ
នាយកប្រតិបត្តិអង្គការសម្ព័ន្ធមិត្តសត្វព្រៃ (Wildlife Alliance) កញ្ញាបណ្ឌិត Suwanna Gauntlett បានអះអាងថា ព្រៃឈើតំបន់ជួរភ្នំក្រវាញ គឺជាព្រៃមួយក្នុងចំណោមព្រៃរងទឹកភ្លៀងដែលពុំទាន់រងផលប៉ះពាល់ចុងក្រោយបង្អស់នៅតំបន់អាស៊ីអាគ្នេយ៍។ ព្រៃឈើនៅតំបន់ជួរភ្នំក្រវាញ ជាជម្រកសត្វព្រៃរាប់ពាន់ប្រភេទ ទាក់ទាញទឹកភ្លៀង និងជួយការពារទប់ស្កាត់គ្រោះរាំងស្ងួត និងគ្រោះទឹកជំនន់។ សំខាន់បំផុតវាស្រូបយកឧស្ម័នកាបូនឌីអុកស៊ីត ផ្តល់មកវិញនូវខ្យល់បរិសុទ្ធសម្រាប់ដកដង្ហើម និងបង្កើតឱកាសការងារជាច្រើន។ វាក៏ជាជម្រករបស់ជនជាតិដើមភាគតិច ដែលរស់នៅអាស្រ័យផលពីព្រៃឈើនេះ។
ដើម្បីបង្កើនការយល់ដឹងបន្ថែមពីតំបន់ព្រៃឈើជួរភ្នំក្រវាញ អង្គការសម្ព័ន្ធមិត្តសត្វព្រៃបានប្រកាសរៀបចំពិពណ៌រូបថតដើម្បីលើកកម្ពស់ស្មារតីការពារ និងអភិរក្សព្រៃឈើចុងក្រោយឱ្យគង់វង្សនៅតំបន់អាស៊ីអាគ្នេយ៍ដែលមានវត្តមានតែនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ដោយការតាំងពិព័ណ៌«ភ្នំក្រវាញជារៀងរហូត»នេះមានរយៈពេល២០ថ្ងៃ ចាប់ពីថ្ងៃទី២៣ កុម្ភៈ ដល់ថ្ងៃទី១៨ ខែមិនា ដែលបើកអោយចូលទស្សនាដោយសេរី នៅ Factory Phnom Penh ដែលមានការដាក់តាំងបង្ហាញរូបថតដើមទេសភាពស្រស់ស្អាតនៃតំបន់ជួរភ្នំក្រវាញ សត្វព្រៃ ជីវចម្រុះផ្សេងៗរួមទាំងប្រជាជនរស់នៅជុំវិញ។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានកាលពីរសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ នៅកន្លែងវិចិត្រសាលសិល្បៈ FT និង AIR (Sra Art) Gallery កញ្ញាបណ្ឌិត Suwanna Gauntlett បានអោយដឹងថា ពិព័រណ៍ “ភ្នំក្រវាញជារៀងរហូត” រៀបចំឡើងក្រោមកិច្ចសហការជាមួយ Murals for Cambodia (MFC)។ ពិព័រណ៍នេះនឹងដាក់តាំងបង្ហាញរូបថតទេសភាពស្រស់ស្អាតនៃតំបន់ជួរភ្នំក្រវាញ ជីវៈចម្រុះ និងការរស់នៅរបស់ប្រជាជនជុំវិញតំបន់នោះ។
ពិព័រណ៍នេះដោយមានការគាំទ្រពីក្រសួងបរិស្ថាន អង្គការសម្ព័ន្ធមិត្តសត្វព្រៃបានចុះការពារផ្ទាល់តំបន់ទេសភាពព្រៃរងទឹកភ្លៀងជួរភ្នំក្រវាញទំហំ ១,៧ លានហិកតា គោលបំណងការពារនិងអភិរក្សព្រៃរងទឹកភ្លៀងដែលពុំទាន់រងផលប៉ះពាល់ចុងក្រោយបង្អស់នៅតំបន់អាស៊ីអាគ្នេយ៍។
បើតាមកញ្ញា Suwanna Gauntlett ថា «ព្រៃឈើ សត្វព្រៃ និងមនុស្សអាចរួមរស់ជាមួយគ្នាប្រកបដោយភាពសុខដុមរមនា។ យើងត្រូវប្រឹងប្រែងដើម្បីសម្រេចគោលបំណងនេះ។ ព្រៃឈើបាត់បង់ដោយសារភ្លើងឆេះនិងការកាប់រាន ដូច្នេះឥឡូវនេះជាពេលដែលយើងត្រូវយល់ពីសភាពធ្ងន់ធ្ងរនៃបញ្ហានេះឱ្យបានទាន់ពេលវេលា ចូរការពារអ្វីដែលយើងមាន។ ពេលវេលាបានមកដល់ហើយ»។
ជាមួយគ្នានេះដែរ កញ្ញាបណ្ឌិត Suwanna Gauntlett បានបញ្ជាក់ពីគម្រោងនាំយកមកវិញនូវវត្តមានសត្វខ្លាធំមករស់នៅក្នុងព្រៃតំបន់ជួរភ្នំក្រវាញ។ កញ្ញាឲ្យដឹងថា«ពិព័រណ៍នេះក៏នឹងផ្សព្វផ្សាយអំបូរសត្វខ្លាធំដែលយើងនឹងស្តារឡើងវិញ ហើយអប់រំអ្នកទាំងអស់គ្នាអំពីសារៈសំខាន់របស់សត្វខ្លាធំនៅក្នុងជម្រកព្រៃធម្មជាតិ ដោយគ្មានការបរបាញ់និងដាក់អន្ទាក់ចាប់សត្វព្រៃ»។
ដោយឡែកលោក FONKi ស្ថាបនិក និងជាប្រធាន FT Gallery ជាដៃគូសហការរៀបចំពិព័រណ៌បានបញ្ជាក់ថា នេះជាឆ្នាំទីពីរសម្រាប់ពិព័រណ៍រៀបចំឡើងក្នុងគោលដៅលើកកម្ពស់ការយល់ដឹងពីព្រៃឈើនៅតំបន់ជួរភ្នំក្រវាញ។ លោកថា តាមរយៈពិព័រណ៌នេះជាកិច្ចខិតខំប្រឹងប្រែងជួយដល់ប្រជាសហគមន៍ បណ្តុះស្មារតីដឹងគុណយ៉ាងជ្រាលជ្រៅចំពោះជីវៈចម្រុះដ៏អស្ចារ្យរបស់កម្ពុជា៕