ថ្ងៃស្អែក WA រៀបចំតាំងពិព័រណ៍ បង្ហាញរូបសត្វព្រៃកម្រជិតផុតពូជ និងជីវៈចម្រុះផ្សេងៗ ដែលមាននៅក្នុងតំបន់ជួរភ្នំក្រវាញ

ភ្នំពេញ៖​ អង្គការសម្ព័ន្ធមិត្តសត្វព្រៃ (Wildlife Alliance) បានរៀបចំតាំងពិព័រណ៍ បង្ហាញរូបសត្វព្រៃកម្រជិតផុតពូជ និងជីវៈចម្រុះផ្សេងៗ ដែលមាននៅក្នុងតំបន់ជួរភ្នំក្រវាញ រយៈពេលជាង២០ថ្ងៃ គឺចាប់ពីថ្ងៃទី២៣ ខែកុម្ភៈ ដល់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ នៅអគារ Factory Phnom Penh រាជធានីភ្នំពេញ។

ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពី ការរៀបចំការតាំងពិព័រណ៍ ក្រោមប្រធានបទ «ភ្នំក្រាវាញជារៀងរហូត»​ស្ថាបនិក និងជានាយិការប្រតិបត្តិការអង្គការ Wildlife Alliance (WA)​ កញ្ញាបណ្ឌិត Suwanna Gauntlett បានលើកឡើងថា ជួរភ្នំក្រវាញ គឺជាព្រៃរងទឹកភ្លៀង ក្នុងចំណោមព្រៃរងទឹកភ្លៀងដែលពុំទាន់រងផលប៉ះពាល់ចុងក្រោយបង្អស់ នៅតំបន់អាស៊ីអាគ្នេយ៍ ហើយព្រៃឈើនៅតំបន់នេះ ជាជម្រកសត្វព្រៃរាប់ពាន់ប្រភេទ ទាក់ទាញទឹកភ្លៀង និងជួយការពារទប់ស្កាត់គ្រោះរាំងស្ងួត និងគ្រោះទឹកជំនន់។

កញ្ញាថា ទីនោះសំខាន់បំផុត វាស្រូបយកឧស្ម័នកាបូនឌីអុកស៊ីត(CO2) ផ្ដល់មកវិញនូវខ្យល់បរិសុទ្ធសម្រាប់ដកដង្ហើម និងបង្កើតឱកាសការងារជាច្រើន និងក៏ជាជម្រករបស់ជនជាតិដើមភាគតិចដែលរស់នៅអាស្រ័យផលពីព្រៃឈើនេះ។ ការរៀបចំពិព័រណ៍នេះ ក៏ដើម្បីលើកកម្ពស់ស្មារតីការពារ និងអភិរក្សព្រៃឈើចុងក្រោយឱ្យនៅគង់វង្សនៅតំបន់អាស៊ីអាគ្នេយ៍ ដែលមានវត្តមាននៅក្នុងប្រទេសកម្ពុជាគឺ​ ជួរភ្នំក្រវាញ។

កញ្ញាបណ្ឌិត Suwanna Gauntlett បានបន្ថែមថា​ ក្នុងចំណោមសត្វព្រៃដែលរស់នៅក្នុងតំបន់ជួរភ្នំក្រវាញរាប់ពាន់ប្រភេទនោះ ក៏មានសត្វកម្រជិតផុតពូជជាង ៦០ប្រភេទ(សត្វក្នុងបញ្ជីក្រហម) ដូចជាសត្វដំរីអាស៊ី ខ្ទីង ខ្លាឃ្មុំព្រះអាទិត្យ ក្រពើភ្នំ ស្វាកន្ទុយស​ និងអណ្ដើកធំ​ ជាដើម​។ គម្រោងបន្តរាជរដ្ឋាភិបាល ដែលមានក្រសួងបរិស្ថានជាសេនាធិការ សហការជាមួយ WA រៀបចំចាំទទួលអំណោយសត្វខ្លាធំចំនួន ៤ក្បាល ពីរដ្ឋាភិបាលឥណ្ឌា ក្នុងពេលឆាប់ៗ (ឈ្មោល១ និងញី៣ក្បាល) ខណៈព្រៃជួរក្នុងតំបន់ភ្នំក្រវាញ មានការដាក់នូវកាំមេរ៉ាសុវត្ថិភាពជាង ៤០០កន្លែង ដើម្បីតាមដានពីសត្វជាចំណីរបស់ខ្លាធំផងដែរ។

ដោយឡែកលោក FONKI ស្ថាបនិក និងជាប្រធាន FT Gallery បានលើកឡើងដែរថា បេសកកម្មក្រុមរបស់លោក គឺបង្កើតឱ្យមានលំហ​ និងបន្ថែមពណ៌នៃជីវិតដើម្បីពង្រឹងសហគមន៍បណ្ដុះថែរក្សា​ និងលើកតម្កើងគុណតម្លៃសម្រាប់ទីផ្សារសិល្បៈខ្មែរ ហើយរួមទាំងកិច្ចខិតខំប្រឹងប្រែងប្រកបដោយសុខដុមរមនានេះ ជួយដល់សហគមន៍ បណ្ដុះនូវស្មារតីដឹងគុណយ៉ាងជ្រាលជ្រៅ ចំពោះជីវៈចម្រុះដ៏អស្ចារ្យរបស់កម្ពុជា។

សូមបញ្ជាក់ថា​ អង្គការសម្ព័ន្ធមិត្តសត្វព្រៃ ជាអង្គការក្រៅរដ្ឋាភិបាលអន្តរជាតិ​ ត្រូវបានបង្កើតឡើងដោយ​ កញ្ញា Suwanna Gauntlett ក្នុងគោលបំណងចុះការពារព្រៃឈើ​ និងសត្វព្រៃដោយផ្ទាល់តាមរយៈកម្មវិធីអភិរក្សបែបជឿនលឿន។​ អង្គការនេះផ្តល់ជំនួយផ្នែកបច្ចេកទេស​ និងគំនិតស៊ីជម្រៅដល់បណ្តារដ្ឋាភិបាល​ និងខិតខំបង្កើតឱ្យមានការឯកភាពរួមពីភាគីពាក់ព័ន្ធក្នុងការរកបាននូវដំណោះស្រាយចំពោះការគំរាមកំហែងដល់បរិស្ថានជាច្រើនករណីរួមទាំងការជួញដូរសត្វព្រៃការធ្វើសម្បទានដីសេដ្ឋកិច្ចសម្រាប់ចម្ការកសិឧស្សាហកម្ម​ និងការជីកយករ៉ែ​ និងការទន្ទ្រានចាប់យកដីព្រៃពីសហគមន៍មូលដ្ឋាន។​ អង្គការសម្ព័ន្ធមិត្តសត្វព្រៃគឺ​ ជាអង្គការឈានមុខគេក្នុងការដឹកនាំសកម្មភាពផ្ទាល់នៅក្នុងតំបន់ខ្សែក្រវាត់ត្រូពិចអាស៊ីអាគ្នេយ៍៕IMG_1176IMG_1174IMG_1173

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds