មហោស្រពភាពយន្តអឺរ៉ុបលើកទី១៥ នឹងនាំយកខ្សែភាពយន្តអឺរ៉ុបមកកាន់កម្ពុជា
ភ្នំពេញ៖ ប្រតិភូសហភាពអឺរ៉ុបប្រចាំប្រទេសកម្ពុជា កំពុងនាំយកនូវមហោស្រពភាពយន្តអឺរ៉ុប (EUFF 2024) ត្រឡប់មកកាន់ទីក្រុងភ្នំពេញម្តងទៀតហើយ ដោយបង្ហាញនូវខ្សែភាពយន្ត និងវប្បធម៌ដ៏អស្ចារ្យ ដែលនឹងផ្តល់នូវការកំសាន្ត និងភាពរីករាយដល់ទស្សនិកជនគ្រប់វ័យ។
មហោស្រពភាពយន្តលើកទី ១៥ មានរយៈពេល១០ថ្ងៃ ចាប់ពីថ្ងៃទី ២៣ ខែកុម្ភៈ ដល់ថ្ងៃទី ៣ ខែមីនា ទស្សនិកជននឹងបានទស្សនានូវភាពយន្តដោយឥតគិតថ្លៃចំនួន២២ មកពីអឺរ៉ុប ដែលមានអក្សររត់ពីក្រោមជាភាសាអង់គ្លេស (ហើយរឿងមួយចំនួនក៏មានអក្សរខ្មែររត់ពីក្រោមផងដែរ) ។ មហោស្រពភាពយន្តអឺរ៉ុបនឹងមានវត្តមានទូទាំងរាជធានីភ្នំពេញ ដែលជាបណ្តំនៃខ្សែភាពយន្ត និងវប្បធម៌។
មហោស្រពភាពយន្តលើកទី ១៥ នឹងចាក់បញ្ចាំងនៅវិទ្យាស្ថានភាសាបារាំង ផ្ទះមេត្តា និងមជ្ឈមណ្ឌលបុប្ផាណា មហោស្រពភាពយន្តអឺរ៉ុបឆ្នាំ ២០២៤ នេះ ក្រៅពីនេះបន្ថែមទីតាំងចំនួន ២បន្ថែមទៀត ដើម្បីសម្រួលដល់អ្នកទស្សនាក្នុងការជ្រើសរើសភាពយន្តដ៏គួរឱ្យចាប់អារម្មណ៌ និងចម្រុះបែបក្នុងឆ្នាំនេះ។ នៅឆ្នាំនេះ រោងភាពយន្តលីជេន នរោម៉ល ក៏ជាដៃគូចាក់បញ្ចាំងនៃមហោស្រពភាពយន្តអឺរ៉ុបឆ្នាំ២០២៤ (EUFF 2024)ផងដែរ ដែលនឹងផ្តល់នូវបទពិសោធន៍ភាពយន្ត ដូចជារឿងកំប្លែងដែលទទួលបានពានរង្វាន់ ដែលឆ្លុះបញ្ជាំងអំពីសហគមន៍ LGTBQ គឺរឿង Dating Amber [2020] និយាយជាភាសាអង់គ្លេស និងមានអក្សររត់ពីក្រោមជាភាសាខ្មែរ ហើយនិងរឿង Mitra [2021] ជាខ្សែភាពយន្តប្រភេទសងសឹកគ្នា។
មហោស្រពភាពយន្តក៏នឹងមានកម្មវិធីសំនួរចំលើយ ទៅកាន់អ្នកផលិតកុនបន្ទាប់ពីការទស្សនាខ្សែភាពយន្តរបស់ពួកគាត់ រួមមានលោក Arash T. Riahi ជាអ្នកផលិតកុនដែលឈ្នះពាន់រង្វាន់នៅទីក្រុង Chicago និងពីមហោស្រពភាពយន្តអន្តរជាតិ Trømso ។ ជាមួយគ្នាផងដែរ យើងក៏នឹងមានរៀបចំវគ្គសិក្សាខ្លីស្តីពីវិធីសាស្ត្រក្នុងការនិពន្ធរឿង និងការប្រើប្រាស់កញ្ចប់ថវិកាតិច។
មហោស្រពភាពយន្តអឺរ៉ុបនឹងចាប់ផ្តើមនៅថ្ងៃទី២៣ ខែកុម្ភៈ នៅវិទ្យាស្ថានភាសាបារាំង អមជាមួយនឹងការជប់លៀងបើកសម្ពោធ ហើយនឹងការចាក់បញ្ចាំងខ្សែភាពយន្តបារាំង Tempête [2022] ។ មហោស្រពភាពយន្តដែលចាប់ផ្តើមនៅសប្តាហ៍នេះ នឹងត្រូវបិទបញ្ចប់នៅថ្ងៃទី៣ ខែ មីនា នៅភោជនីយដ្ឋាន Chew & Bash Island Club និងការចាក់បញ្ចាំងភាពយន្ត Kratt នៅកណ្តាលសួន Coconut Park៕