នាវាស្វ័យការពារកងទ័ពជើងទឹកជប៉ុន ២គ្រឿង ចូលចតនៅកំពង់ផែព្រះសីហនុ រយៈពេល៣ថ្ងៃ

(ព្រះសីហនុ)៖ នាវាស្វ័យការពារកងទ័ពជើងទឹកជប៉ុន ២គ្រឿង បានចូលចតកំពង់ផែស្វ័យ័តក្រុងព្រះសីហនុ នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤នេះ។ នាវាស្វ័យការពារកងទ័ពជើងទឹកជប៉ុន ចូលចតកំពង់ផែក្រុងព្រះសីហនុរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២៤ នៅអំឡុងពេលនៃការហ្វឹកហ្វឺននាវិក សកម្មភាពតាមសមុទ្រ និងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការល្អរវាងកងទ័ពជើងទឹកកម្ពុជា-ជប៉ុន។

នាឱកាសនេះដែរ មន្ត្រីជាន់ខ្ពស់មូលដ្ឋានសមុទ្រកម្ពុជា បានទទួលស្វាគមន៍ការចូលចតនៃនាវាកងស្វ័យការពារជើងទឹកជប៉ុនទាំង ២គ្រឿង នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ប្រកបដោយសុវត្ថិភាពក្នុងដំណើរទស្សនកិច្ចនៅកម្ពុជា។

យោងតាមរបាយការណ៍បានបញ្ជាក់ថា នាវាកងស្វ័យការពារជើងទឹកជប៉ុនទាំង២គ្រឿង​នោះ ទី១៖ ឈ្មោះ (DDG-172) TV-3521 SHIMAKAZE  ទម្ងន់ផ្ទុក ៤,៦៥០តោន, បណ្ដោយ ១៥០ម៉ែត្រ, ទទឹង១៦.៤ម៉ែត្រ, ជម្រៅទឹក ៤.៨ម៉ែត្រ និងមាននាវិកសរុប ចំនួន ២៦០នាក់។ នាវានេះដឹកនាំដោយលោកវរនាវីឯក យូណាជីហារ៉ ម៉ាកូតូ ជាមេបញ្ជាការកងពលធំទី១ ហ្វឹកហ្វឺនស្វ័យការពារជប៉ុន និងលោកវរនាវីទោ កានីម៉ារូ រីយូហៃ ជាមេបញ្ជាការ។

ទី២៖ ឈ្មោះ DD-114 SUZUNAMI មានទម្ងន់ ៤,៦៥០តោន, បណ្ដោយ១៥១ម៉ែត្រ, ទទឹង១៧.៤ម៉ែត្រ, ម្រៅទឹក ៥.៣ម៉ែត្រ មាននាវិកចំនួន១៧៥នាក់ ដឹកនាំដោយលោកវរនាវីទោ គីណូហ្សីតា យូតាកា ជាមេបញ្ជាការ។ ក្នុងនោះក៏មានក៏មានឧទ្ធម្ភាចក្រចូលរួមផងដែរ។

ឆ្នាំ២០២៤នេះ គឺខួប៣២ឆ្នាំ នៃការបញ្ជូនកងកម្លាំងរក្សាសន្តិភាពជប៉ុន មកកាន់ប្រទេសកម្ពុជា ហើយបើគិតចាប់ពីឆ្នាំ២០០០ រហូតមកដល់ពេលបច្ចុប្បន្ននេះ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានទទួលស្វាគមន៍នាវាស្វ័យការពារជើងទឹកជប៉ុន ចំនួន ១៤លើក ស្មើនឹង ៣០គ្រឿង៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds