សមត្ថកិច្ចបង្ក្រាបល្បែងស៊ីសងខុសច្បាប់​១៤៨ករណី បញ្ចូនខ្លួនទៅតុលាការ​១៣នាក់​ និងអប់រំ​ ណែនាំ​១៧៤នាក់!

ភ្នំពេញ ៖ គិតពីថ្ងៃទី១២​ ដល់ថ្ងៃទី១៨​ ខែកុម្ភៈ​ ឆ្នាំ២០២៤​ ពោលគឺរយៈពេល​ ១សប្ដាហ៍​ សមត្ថកិច្ច នៃក្រសួងមហាផ្ទៃ បានបើកប្រតិបត្តិការបង្ក្រាបល្បែងស៊ីសងសរុបចំនួន​ ១៤៨ករណី ឃាត់ខ្លួនអ្នកពាក់ព័ន្ធចំនួន​ ១៨៧នាក់ ក្នុងនោះបញ្ចូនទៅតុលាការចំ​នួន​ ១៣នាក់​ និងអប់រំ​ ណែនាំ​ ធ្វេីកិច្ចសន្យាបញ្ឈប់ចំនួន​ ១៧៤នាក់​។ នេះបើតាមលោក ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។
អ្នកនាំពាក្យរងរូបនេះ​បញ្ជាក់បន្ថែមថា ក្រោមការបង្ក្រាបល្បែងស៊ីសងខុសច្បាប់នេះ​ សមត្ថកិច្ចជំនាញ​ នៃក្រសួងមហាផ្ទៃ​ បានអនុវត្តវិធានការច្បាប់ ដោយកសាងសំណុំរឿងចំនួន​ ៤ករណី ដែលមានជនសង្ស័យចំនួន​ ១៣នាក់ បញ្ជូនទៅកាន់តុលាការចាត់នីតិវិធីចោទប្រកាន់ផ្ដន្ទាទោស។ ក្រៅពីនេះចំនួន​ ១៤៤ករណីទៀត​ ដែលមានអ្នកពាក់ព័ន្ធចំនួន​ ១៧៤នាក់ មាន៖ ខេត្តបាត់ដំបង​ ១៣៦ករណី, ខេត្តកំពត​ ៥ករណី, ខេត្តតាកែវ​ ១ករណី, ខេត្តប៉ៃលិន​ ១ករណី, ខេត្តត្បូងឃ្មុំ​ ១ករណី
​ នគរបាលក្រសួងមហាផ្ទៃ បានចាត់វិធានការរដ្ឋបាល ពោលគឺ អប់រំ ណែនាំ និងធ្វើកិច្ចសន្យាបញ្ឈប់សកម្មមិនឱ្យប្រព្រឹត្តតទៅទៀត។
លោក ទូច សុឃៈ (សុខៈ) លើកឡើងថាប្រមុខរាជរដ្ឋាភិបាលកម្ពុជា​ ក្រោមការដឹកនាំប្រកបដោយភាពប៉ិនប្រសព្វរបស់​ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា​ ដែលមានក្រសួងមហាផ្ទៃជាសេនាធិការ​ ក្រោមការដឹកនាំរបស់​ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី បានដឹកនាំ​បញ្ជាឱ្យសមត្ថកិច្ចយកចិត្តទុកដាក់ខ្ពស់ចំពោះទិសដៅអាទិភាពសំខាន់ៗ​ ជាពិសេសទិសដៅអាទិភាពទាំង៦​ របស់រាជរដ្ឋាភិបាលកម្ពុជា​ ក្នុងនីតិកាលទី៧​ នេះ ក្នុងនោះក៏មានការបង្ក្រាបល្បែងស៊ីសងខុសច្បាប់នេះផងដែរ។
អនុវត្តតាមច្បាប់ និងឈរលើមូលដ្ឋាននៃគោលការណ៍ដឹកនាំខាងលើនេះ អាជ្ញាធរដែនដីថ្នាក់ក្រោមជាតិ សមត្ថកិច្ចនគរបាល ទាំងអគ្គស្នងការដ្ឋាននគរបាលជាតិ ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត អធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ និងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ ទូទាំងប្រទេស បានបន្តយកចិត្តទុកដាក់អនុវត្តបង្ក្រាបយ៉ាងសកម្ម រាល់ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ជាពិសេសបានអនុវត្តតាមគោលនយោបាយភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព៕
អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds