អតីតនាយករដ្ឋមន្រ្តីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា នឹងត្រូវដោះលែងពីពន្ធនាគារ នាថ្ងៃអាទិត្យ សប្ដាហ៍នេះ

ទីក្រុងបាងកក៖ នាយករដ្ឋមន្ត្រីថៃ លោក ស្រេតថា ថាវីស៊ីន បាននិយាយថា អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដែលជាប់ពន្ធនាគារ នឹងត្រូវដោះលែងពីមន្ទីរឃុំឃាំងនៅថ្ងៃអាទិត្យ សប្ដាហ៍នេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នាថ្ងៃសៅរ៍ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤។
អតីតនាយករដ្ឋមន្រ្តីថៃ និងជាមហាសេដ្ឋីនយោបាយដ៏ខ្លាំងក្លារូបនេះ ត្រូវបានតុលាការសម្រេចឃុំខ្លួនតាំងពីខែសីហា ឆ្នាំមុន ពោលគឺ បន្ទាប់ពីលោកបានវិលត្រឡបើពីការនិរទេសខ្លួនឯងទៅក្រៅប្រទេសរយៈពេល ១៥ឆ្នាំមកហើយនោះ។
លោក ថាក់ស៊ីន ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារយៈពេល ៨ឆ្នាំ ពីបទប្រព្រឹត្តអំពើពុករលួយ និងការរំលោភបំពានអំណាច ប៉ុន្ដែត្រូវបានព្រះមហាក្សត្រថៃ បន្ថយទោសមកត្រឹម ១ឆ្នាំវិញ ក្រោយសម្រាកព្យាបាលជំងឺអាថ៌កំបាំងនៅមន្ទីរពេទ្យរបស់ប៉ូលីសថៃរយៈពេល ៦ខែក្រោយវិលចូលប្រទេស។
កាលពីដើមសប្ដាហ៍នេះ លោក ថាក់ស៊ីន ទទួលបានការអនុញ្ញាតដោះលែងពីពន្ធនាគារមុនកាលកំណត់ ដោយមិនទាន់បានបញ្ជាក់ពីកាលបរិច្ឆេទដោះលែងនៅឡើយទេ ប៉ុន្ដែរហូតមកដល់ថ្ងៃសៅរ៍នេះ ទើបមានការបញ្ជាក់ច្បាស់លាស់ ដោយធ្វើឡើងនៅថ្ងៃអាទិត្យ សប្ដាហ៍នេះតែម្ដង។
ថ្លែងប្រាប់អ្នកសារព័ត៌មាន លោក ស្រេតថា បានគូសបញ្ជាក់ដូច្នេះថា «ការដោះលែងនឹងត្រូវធ្វើឡើងនៅថ្ងៃទី១៨ ខែកុម្ភៈ នេះ»។ លោក បន្ថែមថា «លោកមិនបានដឹងអ្វីលម្អិតបន្ថែមនោះទេ តែថាអ្វីៗគ្រប់យ៉ាងនឹងត្រូវអនុវត្តទៅតាមច្បាប់»។
ទោះបីជាត្រូវបានដោះលែងក៏ដោយ លោក ថាក់ស៊ីន អាចប្រឈមមុខនឹងបញ្ហាផ្លូវច្បាប់បន្ថែមទៀត ខណៈអាជ្ញាធរថៃកំពុងពិចារណាចោទប្រកាន់រូបលោកពីបទប្រមាថព្រះចេស្ដាព្រះមហាក្សត្រថៃ អំឡុងបទសម្ភាសន៍មួយកាលពីឆ្នាំ២០១៥៕
អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds

Open