អ្នកនាំពាក្យបរិស្ថាន៖ ក្រសួងបាននឹងកំពុងតាមដានយ៉ាងយកចិត្តទុកដាក់លើគុណភាពខ្យល់នៅកម្ពុជា

ភ្នំពេញ៖ ឯកឧត្តម ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន នៅព្រឹកថ្ងៃសុក្រនេះ បានលើកឡើងថា ក្រសួងបរិស្ថាន បាននិងកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ យ៉ាងខ្លាំង លើគុណភាពខ្យល់ ដោយប្រើឧបករណ៍ និងស្ថានីយត្រួតពិនិត្យគុណភាពខ្យល់ចំនួន៥១ ទីតាំងនៅទូទាំងប្រទេស។

អ្នកនាំពាក្យក្រសួងបរិស្ថាន បានអោយដឹងថា ជាលទ្ធផល គិតក្នុងថ្ងៃទី១៥ ខែកុម្ភះ ឆ្នាំ២០២៤ ស្ថានភាពគុណភាពខ្យល់នៅកម្ពុជា មានភាពល្អប្រសើរ គឺកម្រិតភាគល្អិតនិចល PM 2.5 ស្ថិតនៅ ២៨,៨៦ µg/m3 ដែលទាបជាងកម្រិតស្តង់ដារកំណត់ គឺ ៥០ µg/m3 ជាមធ្យមក្នុងរយៈពេល២៤ម៉ោង។ អ្នកនាំពាក្យក្រសួងបរិស្ថាន បានលើកឡើងថា ជាទូទៅគុណភាពខ្យល់នៅកម្ពុជាស្ថិតក្នុងស្ថានភាពល្អ។ ល្អ ក៏ព្រោះតែមានកត្តាចាំបាច់មួយចំនួនដូចជា៖
១- ក្រុមការងារបានតាមដានគុណភាពខ្យល់នៅតាមទីប្រជុំជន ជាប្រចាំ ដែលបានផ្សព្វផ្សាយលើបណ្តាញសង្គមរបស់ក្រសួង និងបណ្តាញសារព័ត៌មានមួយចំនួន ដែលបច្ចុប្បន្ននេះ ឧបករណ៍តាមដានគុណភាពខ្យល់ បានគ្របដណ្តប់ទីប្រជុំជនសំខាន់ៗ គ្រប់ខេត្ត ក្រុង និងនៅរាជធានីភ្នំពេញ
២- ក្រុមការងារជំនាញ បានរចុះត្រួតពិនិត្យ និងអធិការកិច្ចប្រភពបំពុលខ្យល់ ជាទៀតទាត់ តាមស្ថានភាពនិងភាព ចាំបាច់នៃប្រភពបំពុលនីមួយៗ
៣- ការពង្រឹងលិខិតបទដ្ឋានគតិយុត្ត និងផែនការយុទ្ធសាស្រ្តគាំទ្រកិច្ចគាំពារគុណភាពខ្យល់ ដូចជា អនុក្រឹត្យស្តីពីការគ្រប់គ្រងការបំពុលខ្យល់ និងការរំខានដោយសំឡេង សារាចរលេខ០១ ស្តីពីវិធានការបង្ការ ទប់ស្កាត់និងកាត់បន្ថយការបំពុលខ្យល់សាធារណៈ ផែនការខ្យល់ស្អាតកម្ពុជា ផែនការយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន២០២៣-២០២៨
៤- កម្ពុជាស្ថិតក្នុងលក្ខខណ្ឌអំណោយផល ដោយទំហំ និងបរិមាណប្រភពបំពុល នៅមានកម្រិតតិចតួច និងចរន្តបណ្តូរខ្យល់នៅតាមទីក្រុងនិងទីប្រជុំជនមានភាពល្អប្រសើរ។

ឯកឧត្តម ខ្វៃ អាទិត្យា បានបន្ថែមថា ដើម្បីធានាបាននូវការទប់ស្កាត់ការបំពុលខ្យល់ ជាយថាហេតុនៅក្នុងរដូវប្រាំងនេះ ក្រសួងបរិស្ថាន បានចេញសេចក្តីជូនដំណឹងដល់អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ជំរុញការអនុវត្តវិធានការទប់ស្កាត់ និងកាត់បន្ថយការបំពុលខ្យល់សាធារណៈ រួមមាន៖ ធ្វើការអប់រំណែនាំប្រជាពលរដ្ឋកុំឱ្យដុតរានព្រៃ វាលស្មៅ សំណល់កសិកម្ម គល់ជញ្ជ្រាំង សំរាម-សំណល់រឹង និងការដុតប្លាស្ទិក នៅទីចំហ, ព្រមទាំង ចាត់វិធានការទប់ស្កាត់ការហុយធូលីនៅការដ្ឋានសំណង់ និងការដឹកជញ្ជូនសម្ភារសំណង់ និងធ្វើការសម្អាតធូលី និងធ្វើអនាម័យនៅតាមដងផ្លូវ និងទីសាធារណៈ និងចូលរួមយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រ់ថង់ប្លាស្ទិកទេ» ឱ្យបានជាប់ជាប្រចាំ។

ជាមួយគ្នានេះ ក្រសួងបរិស្ថាន និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏បានចេញសេចក្តី ជូនដំណឹង ស្តីពីវិធានការការពារនិងទប់ស្កាត់ភ្លើងឆេះព្រៃ ដល់គ្រប់ស្ថាប័នមានសមត្ថកិច្ច រដ្ឋបាលថ្នាក់ក្រោមជាតិ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ្ធ សហគមន៍ សិស្សានុសិស្ស ព្រះសង្ឃ និងប្រជាពលរដ្ឋ ទាំងអស់ឱ្យបានយល់ច្បាស់ពីករណីកិច្ចក្នុងការការពារ ទប់ស្កាត់ និងប្រយុទ្ធនឹងភ្លើងឆេះព្រៃ ដោយរួមសហការយ៉ាងជិតស្និទ្ធជាមួយអង្គភាពជំនាញក្រោមឱវាទក្រសួងទាំងពីរ។

មន្រ្តីនាំពាក្យក្រសួងបរិស្ថាន បានសង្ងន់ថា ក្រសួងបរិស្ថាន បាននិងកំពុងលើកកម្ពស់ថាមពលស្អាតដូចជា ថាមពលពន្លឺព្រះអាទិត្យ ថាមពលខ្យល់ និងវារីអគ្គិសនី ទប់ស្កាត់ការបំពុលចេញពីរោងចក្រ ជំរុញការប្រើប្រាស់ថាមពល Euro 5 សម្រាប់ដឹកជញ្ជូន នៅឆ្នាំក្រោយ ជាដើម។

ឯកឧត្តម ខ្វៃ អាទិត្យា បានបន្ថែមថាទាំងអស់នេះ គឺបានអនុលោកតាមក្រមបរិស្ថាន ដែលគ្រោងដាក់ឱ្យអនុវត្តចាប់ពីឆ្នាំក្រោយ ហើយលើសពីនេះទៀតតាមរយៈយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ២០២៣-២០២៨ ក្រសួងបរិស្ថានកំពុងជំរុញយុទ្ធនាការដាំដុះដើមឈើ ឱ្យបាន១លានដើមក្នុងមួយឆ្នាំ ដែលនឹងចូលរួមយ៉ាងសំខាន់ ក្នុងការបង្កើនគម្របព្រៃឈើកម្ពុជា៦០% នៅឆ្នាំ២០៥០ ក៏ដូចជាសម្រាប់បន្សុទ្ធគុណភាពខ្យល់ និងផ្តល់សារៈប្រយោជន៍ផ្នែកសេវាអូកូឡូស៊ីជាច្រើនទៀត សម្រាប់កម្ពុជា តំបន់ និងពិភពលោកផងដែរ៕May be an image of textMay be an image of text

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds