មកស្គាល់ពីកម្រឹតខ្សែក្រវាត់ WBC ដែលបឺត សង្ឃឹម ត្រូវប្រកួតដណ្តើមនៅចុងសប្តាហ៍នេះ
ការប្រកួតដណ្តើមខ្សែក្រវាត់មួយថៃ WBC រវាងអ្នកលេងចិត្តសាស្ត្រ ប៉ឺត សង្ឃឹម ត្រូវប្រកួតជាមួយកីឡាករថៃ Yothin FA Group នាល្ងាចថ្ងៃសៅរ៍ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤ នៅប្រទេសអូស្ត្រាលី ជាប្រវត្តិសាស្ត្រមួយដែលកីឡាករគុនខ្មែរមានឈ្មោះប្រកួតដណ្តើមខ្សែក្រវាត់ WBC ជាផ្លូវការ ខណៈជួបដៃគូ Yothin ពោរធេញបទពិសោធច្រើន បច្ចេកទេស និងមានខ្សែក្រវាត់៦គ្រឿង។
ខ្សែក្រវាត់មួយថៃ WBC ទម្ងន់ Featherweight (៥៧.១គីឡូក្រាម)នេះ៣ប្រភេទផ្សេងគ្នាគឺខ្សែក្រវាត់ពិភពលោក (World Champion) ខ្សែក្រវាត់អន្តរជាតិ (International Champion) និងខ្សែក្រវាត់ទ្វីបអឺរ៉ុប (European Champion)។ រហូតដល់ពេលនេះ ខ្សែក្រវាត់ពិភពលោកមានម្ចាស់គ្រប់គ្រងហើយគឺកីឡាករអេស្ប៉ាញ Antonio Orden។
ចំណែកខ្សែក្រវាត់អន្តរជាតិនៅទំនេរដែលមិនមានម្ចាស់គ្រប់គ្រងទេ ហើយខ្សែក្រវាត់នេះនឹងត្រូវប្រកួតដណ្តើមរវាងកីឡាករកម្ពុជា ប៉ឺត សង្ឃឹម និងកីឡាករថៃ Yothin នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤ នៅប្រទេសអូស្ត្រាលី។ បច្ចុប្បន្ននេះ Yothin ស្ថិតនៅចំណាត់ថ្នាក់លេខ៩ក្នុងតារាងចំណាត់ថ្នាក់ ហើយ ប៉ឺត សង្ឃឹម ក៏មានឈ្មោះដែរគឺស្ថិតនៅលេខ១៤ នៅពេលរូបគេមានឈ្មោះប្រកួត។
ដោយឡែកខ្សែក្រវាត់ទ្វីបអឺរ៉ុបក៏នៅទំនេរ ហើយក៏មិនទាន់មានការប្រកួតដណ្តើមដែរនៅតំបន់អឺរ៉ុប។
បច្ចុប្បន្នមានកីឡាករ២០រូបក្នុងប្រភេទទម្ងន់៥៧.១គីឡូក្រាមដែលចាប់ពីលេខ១រហូតដល់លេខ២០ ក្នុងនោះកីឡាករថៃ៩រូប កីឡាករអេស្ប៉ាញ២រូប កីឡាករអៀរឡង់២រូប ជប៉ុន១រូប ប្រេស៊ីល១រូប និងបារាំង១រូប។ កីឡាករទាំង២០រូបនេះមានសិទ្ធិក្នុងការប្រកួតប្រជែងដណ្តើមខ្សែក្រវាត់ពិភពលោក និងអន្តរជាតិ ហើយកីឡាករចំណាត់ថ្នាក់លេខ១ដល់៥មានភាគរយខ្ពស់ក្នុងការប្រកួតដណ្តើមពីកីឡាករអេស្ប៉ាញ Antonio Orden ដែលជាម្ចាស់ខ្សែក្រវាត់ពិភពលោក។
និយាយពី Yuthin អាយុ៣១ឆ្នាំជាកីឡាករដែលមានបទពិសោធច្រើនក្នុងអាជីព។ រូបគេបានចាប់ផ្តើមហ្វឹកហាត់ប្រដាល់តាំងពីអាយុ៥ឆ្នាំរហូតពេលនេះធ្លាប់ឡើងសង្វៀនមិនក្រោម៣០០ដងនោះទេ។ ចំណែកអ្នកលេង ប៉ឺត សង្ឃឹម អ្នកគាំទ្រស្គាល់ច្បាស់ណាស់ ជាកីឡាករម្នាក់ដែលមានទាំងបច្ចេកទេស និងចិត្តសាស្ត្រខ្ពស់ ហើយជាម្ចាស់មេដាយមាសស៊ីហ្គេម២សម័យកាលជាប់គ្នា។ រូបគេកំពុងកាន់ខ្សែក្រវាត់ជាច្រើនគ្រឿង៕