បង្ក្រាបស្លាបមាន់ខូចគុណភាព២តោន ដែលឈ្មួញលួចនាំចូលពីវៀតណាមបំរុងចែកចាយក្នុងរាជធានីភ្នំពេញ
ភ្នំពេញ៖ កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយ ក.ប.ប រាជធានីភ្នំពេញ ធ្វើការបង្ក្រាបស្លាបមាន់ខូចគុណភាពចំនួន២០០កេស ស្មើនឹង ២,០០០គីឡូក្រាម យកទៅដុតកម្ទេចចោល ខណៈឈ្មួញលួចនាំចូលពីប្រទេសវៀតណាម មកចែកចាយនៅក្នុងរាជធានីភ្នំពេញ។ ប្រតិបត្តិការបង្ក្រាបនេះបានធ្វើឡើងកាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ ។
ក្នុងប្រតិបត្តិការណ៍នេះ សមត្ថកិច្ចឃាត់បានរថយន្ដម៉ាក Ssang Young ពណ៌លឿន ពាក់ផ្លាកលេខ ភ្នំពេញ 2AM-9042 ដែលលួចនាំចូលស្លាបមាន់ចំនួន២០០កេស ស្មើនឹង ២,០០០គីឡូក្រាម គ្មានឯកសារបញ្ជាក់ពីប្រភពច្បាស់លាល់ និងមិនអនុលោមភាពផ្នែកបទដ្ឋានព័ត៌មានលក្ខខ័ណ្ឌតម្រូវម្ហូបអាហារ ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋជាអ្នកប្រើប្រាស់។ បច្ចុប្បន្នកម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច និង ក.ប.ប. រាជធានីភ្នំពេញ បានយកទៅបំផ្លាញចោលតាមនីតិវិធី។
លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ ក៏បានអំពាវនាវដល់សមត្ថកិច្ចពាក់ព័ន្ធ ត្រូវចូលរួមទប់ស្កាត់រាល់បទល្មើសនាំចូលម្ហូបអាហារធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋជាអ្នកប្រើប្រាស់។ ដោយឡែកកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅតែបន្តស្រាវជ្រាវ ស៊ើបអង្កេត បង្ក្រាបរាល់នាំចូលផលិតផលគ្មានគុណភាព គ្មានសុវត្ថិភាព ដែលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ៕