អត្ថន័យនៃជីវិតគូរ តើស្រឡាញ់គ្នាបែបណា ទើបអាចហៅថា ជាគូជីវិតពិតប្រាកដ?
បងស្រឡាញ់អូន ឬអូនស្រឡាញ់បង អ្នកណាក៏អាចនិយាយបានដែរ ហើយចង់និយាយទៅកាន់អ្នកណាផ្សេង ក៏រឹតតែងាយ ប៉ុន្តែឱ្យស្រឡាញ់ពេញមួយជីវិត មិនប្រែប្រួល មិនបោះបង់គ្នា ទើបជារឿងដែលពិបាក។
កុំទៅច្រណែនក្មេង ដែលស្រឡាញ់គ្នាផ្អែមល្ហែម ពូកែលួងលោម តែគួរតែស្ញប់ស្ញែង យាយតា កុងម៉ា ដែលចាស់ៗហើយ នៅតែអាចកាន់ដៃគ្នា រស់នៅជាមួយគ្នា មើលថែគ្នារហូតដល់ចាស់ ដ្បិតថា គាត់មិនផ្អែមល្ហែមយកចិត្តដូចក្មេងៗក៏ពិតមែន ប៉ុន្តែការដែលគាត់បាននៅក្បែរគ្នាដល់ចាស់រៀងៗខ្លួននេះ ដឹងទេថា វាជាអារម្មណ៍កក់ក្ដៅប៉ុនណា ។
កុំទៅច្រណែន ពេលឃើញគេទិញនេះ ទិញនោះ មានកាដូថ្លៃៗជូនគ្នា វាមិនមានតម្លៃស្មើនឹង គេអាចផ្ដល់ក្ដីស្រឡាញ់ដ៏ពិតប្រាកដ និងអាចមើលថែយើងពេញមួយជីវិតនោះទេ។មនុស្សខ្លះ ទិញកាដូដើម្បីបន្ទន់ចិត្តដៃគូប៉ុណ្ណោះ! មនុស្សខ្លះសម្ញែងរបស់ថ្លៃៗ ទិញឱ្យដៃគូ ដើម្បីបង្អួតគេ ថាខ្លួនមាន ឬចង់ប្រាប់ថា ស្រឡាញ់សង្សារ ឬប្ដី ប្រពន្ធខ្លាំងតែប៉ុណ្ណោះ។
កុំសូវជឿ អ្វីដែលត្រឹមតែឃើញនឹងភ្នែក សំខាន់តើអ្វីដែលយើងខ្លួនឯងទទួលបាន និងអ្វីដែលដៃគូរយើងផ្ដល់ឱ្យយើងពិតប្រាកដ។ បើរវល់តែច្រណែនគេ ច្បាស់ណាស់ យើងនឹងមើលមិនឃើញពីភាពល្អរបស់ដៃគូយើងឡើយ យើងប្រាកដជាយកដៃគូរបស់ខ្លួន ទៅប្រៀបធៀបជាមួយអ្នកដទៃមិនខាន។
ចង់ឱ្យជីវិតគូ បានសុខសាន្ត មានសុភមង្គល វាមិនសំខាន់លើកាដូថ្លៃៗ មិនសំខាន់ថា បានដើរកាន់ដៃណ្ដើរគ្នាអួតគេក៏មិនសំខាន់ត្រឹមតែពាក្យថា ស្រឡាញ់ដែលនិយាយរាល់ថ្ងៃនោះទេ តែវាជាថ្ងៃអនាគត វាជារឿងតទៅមុខទៀត អាចបានហៅគ្នា យាយវា តាវា ឬក៏អត់? អាចបានកាន់ដៃគ្នានៅពេលចាស់កោងខ្នង ឬក៏អត់? អាចបាននៅមើលថែពេលជរា ឈឺជា បញ្ចុកបាយទឹកគ្នាពេលចាស់ ឬក៏អត់? នេះទើបជាចំណុចមួយដែលអាចនិយាយបានថា ជាគូរួមសុខ រួមទុក្ខពិតប្រាកដ ជាគូដែលហែលឆ្លងគ្រប់យ៉ាងជាមួយយើងពិតប្រាកដជាមនុស្សដែលផ្ដល់ពេលវេលាមួយជីវិតរបស់គេនៅជាមួយយើងពិតមែន៕