រសៀលនេះ នគរបាលបញ្ចូនខ្លួនជនប្រឌិតរឿង និងក្លែងជាតួអង្គ ម៉ូលីកា ទៅតុលាការ
ភ្នំពេញ ៖ សមត្ថកិច្ចធ្វើការបញ្ចូនខ្លួនបុរសជនដែលបាននិពន្ធរឿង និងដើរតួជាតួអង្គស្រី ក្នុងរឿងក្លែងជាអ្នកលេងបណ្តាញសង្គមឈ្មោះ ម៉ូលីកា សរសេរ និងបង្ហោះធ្វើឱ្យប៉ះពាល់ កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់មន្ត្រីនគរបាល ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នារសៀលថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០២៤នេះ ដើម្បីបន្តនីតិវិធីច្បាប់ ។
ជនសង្ស័យមានឈ្មោះ យឹម សុផាន់ណា ភេទប្រុស អាយុជាង៣០ឆ្នាំ។ ជនសង្ស័យកំពុងស្ថិតក្រោមការបន្តនីតិវិធីរបស់តុលាការ ដោយពុំទាន់សម្រេចយ៉ាងណានៅឡើយនោះទេ ។
អ្នកនាំពាក្យស្នងការនគរបាលរាជធានីភ្នំពេញ លោក សំ វិច្ឆិកា បានប្រាប់ឱ្យដឹងថា ជនសង្ស័យរូបនេះ ជាម្នាក់ក្នុងចំណោមបក្សពួកដែលកំពុងរត់គេច ដែលបានចូលរួមក្នុងការរៀបចំផែនការណ៍បង្កើតព្រឹត្តិការណ៍ ពិសេសបង្កើតគ្រុបតេឡេេក្រាមក្លែងក្លាយប្តឹងនគរបាលចរាចរណ៍ផ្លូវគោក ប្រចាំការនៅស្តុបក្តាន់២ ដែលយកតួអង្គ អាខោនឈ្មោះ គង់ ម៉ូលីកា ជាគណនេយ្យអាខោនក្លែងក្លាយ ដើម្បីផ្សព្វផ្សាយព័ត៌មានចោទប្រកាន់មួលបង្កាច់បង្ខូចសេចក្តីថ្លៃថ្នូររបស់នគរបាលជាតិ ។
អ្នកនាំពាក្យនគរបាល បានបន្តថា សមត្ថកិច្ចមិនទាន់អាចកំណត់បាន១០០ភាគរយថា ក្រុមជនសង្ស័យធ្វើឡើងក្នុងគោលដៅអ្វីឱ្យពិតប្រាកដនៅឡើយទេ ប៉ុន្តែ អាចមានការពាក់ព័ន្ធនឹងការធ្លាប់មានទំនាស់អ្វីមួយជាមួយនឹងកម្លាំងនគរបាលចរាចរណ៍ដែលប្រចាំការនៅស្តុបក្តាន់២នោះ ។
រឿងរ៉ាវនេះ មុនពេលដែលសមត្ថកិច្ចរកការពិតឃើញ គឺបានផ្ទុះការរិះគន់យ៉ាងខ្លាំងខ្លា ពីសំណាក់មហាជនអ្នកប្រើប្រាស់បណ្តាញសង្គម បន្ទាប់ពីបែកធ្លាយព័ត៌មានទារប្រាក់ក្នុងពេលអនុវត្តច្បាប់ និងសារឆាតផ្តោះផ្តោះស្នេហា ពីសំណាក់នគរបាលចរាចរណ៍ នៅស្តុបក្តាន់២ ជាមួយគណនេយ្យក្លែងក្លាយ ដោយភ្ជាប់នារីរូបស្រស់ម្នាក់ និងប្រើឈ្មោះ មូលីកា ខាងលើ៕