ក្រសួងអប់រំចេញ៧ចំណុចឱ្យទប់ស្កាត់សកម្មភាពមិនប្រក្រតីក្នុងថ្ងៃ១៤កុម្ភៈ
ភ្នំពេញ ៖ ដើម្បីទប់ស្កាត់សកម្មភាពមិនប្រក្រតី ក្នុងទិវាក្ដីស្រឡាញ់នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ក្រសួងអប់រំយុវជន និងកីឡា បានណែនាំ៧ចំណុចកុំឱ្យសិស្សានុសិស្សមួយចំនួនតូចយល់ច្រឡំថា ថ្ងៃ១៤ កុម្ភៈ គឺជាថ្ងៃបុណ្យសង្សារ។
សេចក្ដីណែនាំរបស់ក្រសួងអប់រំ នាថ្ងៃទី១៣ កុម្ភៈ នេះ ថា ក្រសួងអប់រំ យុវជន និងកីឡា បានសង្កេតឃើញថា សិស្សានុសិ ស្សមួយចំនួនតូចយល់ច្រឡំថា ថ្ងៃ១៤ កុម្ភៈ ជាថ្ងៃបុណ្យសង្សារ ឬជាថ្ងៃណាត់ជួបគ្នារវាងគូស្នេហ៍ ។ ទិវានេះ ពុំមែនជាប្រពៃណីរបស់ជនជាតិខ្មែរទេ។ យុវជនមួយចំនួនតូចភ្លើតភ្លើន ភ្លេចការសិក្សា បាត់បង់សេចក្ដីថ្លៃថ្នូរជាបុគ្គល និងក្រុមគ្រួសារ ដោយប្រាស់ចាកវប្បធម៌ និងប្រពៃណីជាតិរបស់ខ្មែរ។
ដើម្បីបន្តពង្រឹងការអនុវត្តបទបញ្ជាផ្ទៃក្នុងនៅគ្រប់គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ក្រសួងអប់រំ យុវជន និងកីឡា សូមធ្វើការណែនាំដូចតទៅ៖
១-ត្រូវផ្សព្វផ្សាយអំពីអត្ថន័យទិវានៃក្តីស្រឡាញ់ដល់សិស្សានុសិស្សឱ្យបានទូលំទូលាយគ្រប់មធ្យោបាយ និងគ្រប់រូបភាព ដើម្បីចៀសវាងការយល់ច្រឡំដែលនាំឱ្យប្រាសចាកវប្បធម៌ និងប្រពៃណីជាតិរបស់ខ្មែរ។ ២-ត្រូវពង្រឹងការអនុវត្តវិន័យឱ្យបានម៉ឺងម៉ាត់ ដោយតាមដានអវត្តមានរបស់សិស្សានុសិស្សជាប់ជាប្រចាំ។
៣-ត្រូវបញ្ជ្រាបការអប់រំសីលធម៌តាមមុខវិជ្ជានីមួយៗ។
៤-ត្រូវជំរុញដំណើរការរបស់ក្រុមប្រឹក្សាយុវជនក្រុមប្រឹក្សាកុមារប្រចាំសាលាដោយអនុវត្តសកម្មភាព«មិត្ត អប់រំមិត្ត»។
៥-ត្រូវទំនាក់ទំនងជាមួយមាតា-បិតា ឬអ្នកអាណាព្យាបាលសិស្ស និងសហគមន៍ ដើម្បីផ្តល់និងទទួលព័ត៌មាននានាដែលពាក់ព័ន្ធនឹងសកម្មភាពមិនប្រក្រតី ។
៦-ត្រូវរួមសហការគ្នាទប់ស្កាត់ អប់រំណែនាំ និងកែលម្អឱ្យបានទាន់ពេលវេលា ។
៧-មន្ទីរអប់រំ យុវជន និងកីឡារាជធានី-ខេត្ត គណៈគ្រប់គ្រងសាលារៀន និងគ្រប់ភាគីពាក់ព័ន្ធបន្តពង្រឹងការ អនុវត្តប្រកាសស្តីពីបទបញ្ជាផ្ទៃក្នុងសម្រាប់ គ្រឹះស្ថានបឋមសិក្សា និងប្រកាស ស្តីពីបទ បញ្ជាផ្ទៃក្នុងសម្រាប់គ្រឹះស្ថានមធ្យមសិក្សាចំណេះទូទៅសាធារណៈ ៕