សិក្ខាកាមក្រីក្រខេត្តកែប ពេញចិត្តក្នុងការរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេស របស់រាជរដ្ឋាភិបាល

ភ្នំពេញ៖ យុវជនមកពីគ្រួសារក្រីក្រដែលកំពុងសិក្សាជំនាញវិជ្ជាជីវៈនិងបច្ចេកទេសនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលខេត្តកែប លើកឡើងថា ខ្លួនពេញចិត្តក្នុងការរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេសរបស់រាជរដ្ឋាភិបាលដោយសារការរៀនជំនាញមានការអនុវត្តជាក់ស្តែង និងមានសម្ភារៈគ្រប់គ្រន់នៅក្នុងថ្នាក់។

ជាសិក្ខាកាមផ្នែកសេវាកម្មត្រជាក់ដែលកំពុងសិក្សានៅមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកែប យុវជន ហួត គីម បានលើកឡើងថា «ខ្ញុំពេញចិត្តនៃការសិក្សាជំនាញវិជ្ជាជីវៈនេះណាស់ ដោយសារលោកគ្រូអ្នកគ្រូមានការពន្យល់ក្បោះក្បាយល្អ យកចិត្តទុកដាក់ជាមួយសិស្ស បូករួមទាំងការអនុវត្តផ្ទាល់ និងមានឧបរកណ៍ សម្ភារៈល្អគ្រប់គ្រន់នៅក្នុងការបង្រៀននៅក្នុងសាលាផងដែរ»

យុវជនរូបនេះបន្ថែមថា រៀនរយៈពេលជិត១ខែមកនេះខ្លួនបានអនុវត្តផ្ទាល់ទៅលើកម្មវិធីកុំព្យូទ័រផ្ទាល់ ជាពិសេសនោះគឺបានចូលអនុវត្តផ្នែកជួសជុលម៉ាស៊ីនត្រជាក់ និងដំឡើងជាដើម បន្ថែមពីលើនេះសិក្ខាកាមមានគ្រូបង្រៀនតាមចង្អុលបង្ហាញត្រឹមត្រូវ និងយកចិត្តទុកដាក់លើកយកឧបករណ៍ជាក់ស្តែងមកបង្ហាញផ្ទាល់តែម្តង ដែលទាំងនេះហើយទើបសិក្ខាកាមមានចិត្តខិតខំរៀនសូត្រ និងមិនអវត្តមាន។

ដោយឡែកយុវជនម្នាក់ទៀត ងិន មីនា ដែលជាសិក្ខាកាមសេវាកម្មត្រជាក់ដែលកំពុងសិក្សានៅមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកែប ដែរនោះលើកឡើងថា «ខ្ញុំពេញចិត្តណាស់ក្នុងការរៀនជំនាញពីព្រោះការបង្រៀនរបស់លោកគ្រូ អ្នកគ្រូល្អ មានភាពទាក់ទាញ មានការអនុវត្តផ្ទាល់និងមានឧបករណ៍ល្អៗជាច្រើននៅក្នុងសាលាផងដែរ»។

យុវជនរូបនេះលើកឡើងថា ខ្លួននឹងមានជំនាញមួយច្បាស់លាស់ មានប្រាក់ចំណូលសមរម្យ នឹងអាចស្រោចស្រង់ជីវភាពគ្រួសារឱ្យល្អប្រសើជាមុន បន្ទាប់ពីបញ្ចប់ការសិក្សាជំនាញវិជ្ជាជីវៈ និងបច្ចេកទេសរបស់រាជរដ្ឋាភិបាលអាណត្តិទី៧នេះ។ ការរៀនជំនាញវិជ្ជាជីវៈនេះគឺជាកត្តាតែមួយគត់ដែលអាចឱ្យខ្លួនត្រលប់មកការសិក្សាវិញ។

យុវជនដែលជាសិក្ខាកាមកំពុងសិក្សាជំនាញវិជ្ជាជីវៈ និងបច្ចេកទេសរបស់រាជរដ្ឋាភិបាលអាណត្តិទី៧នេះបានលើកឡើងថាកម្មវិធីបណ្តុះបណ្តាលនេះគឺល្អណាស់សម្រាប់យុវជនក្រីក្រពីព្រោះវាជាឱកាសមួយដ៍ល្អមួយសម្រាប់យុវជនក្នុងការរៀនជំនាញដោយឥតគិតថ្លៃ ហើយថែមទាំងមានប្រាក់ឧបត្ថម្ភថែមទៀត៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds