លោកស សុខា ប្រកាសបន្តចាត់វិធានការចំពោះ កងកម្លាំងដែលពាក់ព័ន្ធនឹងគ្រឿងញៀន
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ អះអាងថា យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងចំណោមកងកម្លាំង តាមរយៈការអនុវត្តវិធានការតេស្តរកសារធាតុញៀនលើមន្រ្តីនគរបាលជាតិ និងមន្រ្តីពន្ធនាគារ នឹងត្រូវអនុវត្តបន្ដ ដោយគ្មានការដកដៃឡើយ ។
ក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលកម្រិតបឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី១៧ លើកទី២ នៅសាលានគរបាលជាតិភូមិភាគ១ នៅខេត្តស្ទឹងត្រែង នាព្រឹកថ្ងៃទី១៣ ខែកម្ភៈ ឆ្នាំ២០២៤នេះ លោក ស សុខា ចាត់ទុកការបន្តអនុវត្តវិធានការចំពោះកងកម្លាំងដែលពាក់ព័ន្ធនឹងគ្រឿងញៀននេះ គឺដើម្បីធានាភាពជាគម្រូនៃមន្រ្តីអនុវត្តច្បាប់។ ជាមួយគ្នានេះដែរ លោកបានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះថ្នាក់ដឹកនាំ និងមន្រ្តីកងកម្លាំងចំណុះក្រសួងមហាផ្ទៃទាំងអស់ ដែលបានចូលរួមអនុវត្តវិធានការនេះយ៉ាងសកម្មធ្វើឱ្យក្រសួងមហាផ្ទៃ ឈានទៅអនុវត្តវិធានការវិន័យចំពោះមន្រ្តីប្រើប្រាស់គ្រឿងញៀន ។
លោកស សុខា បញ្ជាក់ឱ្យដឹងថា ៥ខែចុងក្រោយនេះ មានមន្រ្តីដែលប្រព្រឹត្តបទល្មើស ឬល្មើសវិន័យ០០៦ ជាបន្តបន្ទាប់ត្រូវបានបន្ថយស័ក្ដិ ឬដកហូតតួនាទី ខណៈមន្ត្រីខ្លះរហូតត្រូវបានបណ្ដេញចេញពីក្របខ័ណ្ឌ។ លោកសង្កត់ធ្ងន់ថា«វិធានការទាំងនេះ គឺជាការកាត់សាច់ស្អុយ ជាការសម្អាតផ្ទះយើង មុននឹងយើងរៀបចំផែនការបន្តទៀត រួមទាំងការអភិវឌ្ឍធនធានមនុស្ស»។
ជាមួយគ្នានេះដែរ លោកឧបនាយករដ្ឋមន្រ្តី ស សុខា បានផ្ដល់ដំបូន្មានដល់សិស្សនាយនគរបាល នាយនគរបាលរងដែលបញ្ចប់ការសិក្សានៅសាលានគរបាលជាតិភូមិភាគ១ ត្រូវមានស្មារតីម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន ដោយផ្ដើមចេញពីខ្លួនឯងជាមុន ពីព្រោះប្រសិនបើកងកម្លាំងណាម្នាក់ផុងខ្លួនប្រើប្រាស់ ឬពាក់ព័ន្ធបទល្មើសគ្រឿងញៀន រួមទាំងបទល្មើសផ្សេងៗក្នុងសង្គម ក្រសួងនឹងសម្រេចបណ្ដេញចេញពីក្របខណ្ឌដោយគ្មានការលើកលែងនោះឡើយ។
គួរកត់សម្គាល់ថា «ការវះកាត់» គឺជាជម្រើសចុងក្រោយមួយនៃការអនុវត្តមរតក «អភិក្រម ឆ្លុះកញ្ចក់ ងូតទឹក ដូសក្អែល ព្យាបាល និងវះកាត់» របស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃកម្ពុជា។ ឈរលើអភិក្រមនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដាក់ចេញគោលការណ៍ដឹកនាំ «សម្អាតផ្ទះយើង» ដើម្បីឱ្យក្រសួង-ស្ថាប័ន ពង្រឹងគុណភាពធនធានមនុស្ស ប្រកដោយភាពស្អាតស្អំ និងភាពជាគម្រូនៃការអនុវត្តច្បាប់៕