រដ្ឋមន្ត្រីព័ត៌មាន៖ ទិវាវិទ្យុពិភពលោក ត្រូវបានបង្កើតឡើង ក្នុងគោលបំណងជំរុញលើកកម្ពស់ការយល់ដឹងរបស់សាធារណជន ពីសារសំខាន់របស់វិទ្យុក្នុងជីវភាពប្រចាំថ្ងៃ
នៅក្នុងឱកាស ទិវាវិទ្យុពិភពលោក លើកទី១៣ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤នេះ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអោយដឹងថា ទិវាវិទ្យុពិភពលោក ត្រូវបានបង្កើតក្នុងគោលបំណងជំរុញលើកកម្ពស់ការយល់ដឹងរបស់សាធារណជនពីសារសំខាន់របស់វិទ្យុក្នុងជីវភាពប្រចាំថ្ងៃ និងជាឱកាសនៃការបង្កើនទំនាក់ទំនង កិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរបទពិសោធន៍ទៅវិញទៅមករវាងប្រតិបត្តិករនៃស្ថាប័នវិទ្យុ ដើម្បីអភិវឌ្ឍន៍និងធ្វើទំនើបកម្មស្ថានីយវិទ្យុ ឆ្លើយតបតាមតម្រូវការរបស់សាធារណជន និងការវិវត្តសង្គមនៃបច្ចេកវិទ្យាឌីជីថល។
ឯកឧត្តម នេត្រ ភក្ក្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអោយដឹងថា នៅឆ្នាំ២០២៤ ទិវាវិទ្យុពិភពលោក ដែលត្រូវបានប្រារព្ធក្រោមប្រធានបទ «មួយសតវត្សរ៍ នៃវិទ្យុក្នុងការផ្តល់ព័ត៌មាន អប់រំ និងការកម្សាន្ត -Radio: A Century informing, entertaining and educating» បានឆ្លុះបញ្ចាំងពីតួនាទីដ៏សំខាន់ ដែលក្នុងរយៈពេលជាង១ សតវត្សរ៍មកនេះ នៅតែជាឧបករណ៍គមនាគមន៍ដ៏សំខាន់សម្រាប់ការផ្សព្វផ្សាយព័ត៌មាននយោបាយ សេដ្ឋកិច្ច សង្គម វប្បធម៌ ប្រពៃណី ការអប់រំ និងការកម្សាន្ត តាមសម័យកាលនីមួយៗ ប្រកបដោយប្រសិទ្ធភាព និងគុណភាព។ ទន្ទឹមនេះ ក្នុងដំណើរការកសាងសន្តិភាព និងប្រជាធិបតេយ្យនៅកម្ពុជា ស្ថាប័នវិទ្យុបានដើរតួនាទីជាកាតាលីករដ៏សំខាន់ ក្នុងការបញ្ជ្រាបព័ត៌មាន ដើម្បីលើកកម្ពស់ចំណេះដឹងមូលដ្ឋានដល់ប្រជាពលរដ្ឋ។
តាមឯកឧត្តម រដ្ឋមន្ត្រីក្រសួងព័ត៌មាន រហូតមកដល់បច្ចុប្បន្ននេះ ស្ថាប័នវិទ្យុនៅតែបំពេញតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមគ្រប់គ្រងលំហព័ត៌មាន សន្តិសុខព័ត៌មាន និងសណ្តាប់ធ្នាប់សង្គមកម្ពុជា តាមរយៈការរួមចំណែកយ៉ាងសកម្មក្នុងការផ្តល់ព័ត៌មានពិតជូនប្រជាពលរដ្ឋទូទាំងប្រទេស ជាពិសេសការផ្សព្វផ្សាយពីគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ក្នុងគោលបំណងកៀរគរការចូលរួមអនុវត្តនៅតាមមូលដ្ឋានឱ្យកាន់តែល្អប្រសើរ ដើម្បីបង្កើននូវជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋ។
ឯកឧត្តម បានគូសបញ្ជាក់ទៀតថា ក្នុងដំណាក់កាលរីកចម្រើននៃសង្គម សេដ្ឋកិច្ច និងបច្ចេកវិទ្យា និងជាពិសេស ការវិវត្តនៃបច្ចេកវិទ្យាឌីជីថល ស្ថាប័នវិទ្យុកម្ពុជា កំពុងយកចិត្តទុកដាក់បង្កើនប្រតិបត្តិការ ដោយបានសម្របខ្លួនតាមរយៈការរួមបញ្ចូលមធ្យោបាយផ្សព្វផ្សាយជំនាន់ថ្មី ដែលមានទម្រង់ចម្រុះ មានទាំងរូបភាព និងសំឡេង ព្រមទាំងបានផ្សព្វផ្សាយទូលំទូលាយខ្លាំងជាងមុន ទាំងបែបបុរាណនិងទំនើប ដោយបានបង្កើតកម្មវិធីជាច្រើនប្រធានបទ ដើម្បីចូលរួមអប់រំ និងលើកកម្ពស់ចំណេះដឹងប្រជាជនកម្ពុជា។
ជាមួយកិច្ចខិតខំប្រឹងប្រែងអនុវត្តនូវភារកិច្ចក្នុងស្មារតីទទួលខុសត្រូវ ឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការពុះពារជំនះនូវរាល់ឧបសគ្គរបស់លោក លោកស្រីជាផលិតករ ពិធីករ ពិធីការិនី អ្នកបច្ចេកទេស និងអ្នកសារព័ត៌មាន នៃស្ថាប័នវិទ្យុរដ្ឋនិងឯកជន ដែលបានបំពេញតួនាទីយ៉ាងសកម្មក្នុងការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជា ជូនសាធារណជនជាតិនិងអន្តរជាតិ ជាពិសេសគឺការចូលរួមយ៉ាងសកម្មក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ដែលមានចរិកអុជអាល ញុះញង់ ជេរប្រមាថ និងរើសអើង ក្នុងគោលបំណងបង្កអសន្តិសុខសង្គម និងបំផ្លាញនូវសណ្តាប់ធ្នាប់សាធារណៈ និងសន្តិសុខជាតិ៕