សម្តេចធិបតី ហ៊ុន ម៉ាណែត ដាក់ចេញការងារអាទិភាពទាំង៤ របស់ក្រសួងអធិការកិច្ច

ភ្នំពេញ៖ ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីភាពបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងអធិការកិច្ច នាព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងគាំទ្រការដាក់ចេញការងារអាទិភាពទាំង៤ របស់ក្រសួងអធិការកិច្ច។

ការងារអាទិភាពទាំង៤រួមមានទី១. ការពង្រឹងសមត្ថភាពស្ថាប័ន ដោយខិតខំប្រឹងប្រែងថែរក្សាសមិទ្ធផលចាស់ និងបន្តពូនជ្រុំបង្កើន សមិទ្ធផលថ្មីបន្ថែមទៀត ដើម្បីឱ្យក្លាយជាស្ថាប័នមួយដែលមាន សមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ ត្រូវផ្ដោតលើការពង្រឹង និងកែទម្រង់ស្ថាប័ន មានរបៀបរបបការងារកាន់តែច្បាស់លាស់ និងជំរុញការប្រើប្រាស់ បច្ចេកវិទ្យានៅក្នុងស្ថាប័ន នៅក្នុងបរិបទនៃបរិវត្តកម្មឌីជីថល និងអធិការកិច្ចក្នុងបរិបទឌីជីថល។,

ទី២. ការសាង និងអភិវឌ្ឍមូលធនមនុស្ស ដោយមន្ត្រី គ្រប់រូប ត្រូវមានចំណេះដឹង, សមត្ថភាពគ្រប់គ្រាន់ទាំងផ្នែកជំនាញអធិការកិច្ច និងជំនាញបច្ចេកវិទ្យា, អត្តាភិវឌ្ឍ ព្រមទាំងមានលក្ខណៈសម្បត្តិ សីលធម៌ និងគុណធម៌ ទើបជាមូលដ្ឋានគ្រឹះនៃការពង្រឹង និង លើកកម្ពស់សមត្ថភាពស្ថាប័ន ប្រកបដោយចីរភាព និងភាពធន់ ដើម្បីឆ្លើយតបទៅនឹងបរិបទនៃការវិវឌ្ឍ របស់សង្គមជាតិនៅក្នុងយុគសម័យបដិវត្តឧស្សាហកម្ម៤.០ និងឌីជីថលូបនីយកម្មស្ថាប័នសាធារណៈ។ អនុវត្តឱ្យបានខ្ជាប់ខ្ជួនតាម អភិក្រមទាំង៥ របស់ សម្តេចតេជោ គឺ “ឆ្លុះ កញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់”។

ទី៣. ការរៀបចំច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនៅក្នុងសមត្ថកិច្ចក្រសួង ដោយក្រសួងអធិការកិច្ច ត្រូវរៀបចំគោលនយោបាយជាតិស្ដីពីអធិការកិច្ច និងពន្លឿនសេចក្តីព្រាង ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានានៅក្នុងសមត្ថកិច្ចក្រសួង ដែលច្បាប់បានកំណត់ និងរាជរដ្ឋាភិបាល បានប្រគល់ជូន ព្រមទាំងកសាងលិខិតុបករណ៍សំខាន់ៗមួយចំនួនទៀត ដូចជាស្តង់ដាអធិការកិច្ច, ក្រម ស្តង់ដាប្រតិបត្តិ, ក្រមសីលធម៌វិជ្ជាជីវៈ និងវិធាននានា សំដៅធានាដល់ការអនុវត្តតួនាទីរបស់ស្ថាប័ន អធិការកិច្ច ឱ្យមានសង្គតិភាព និងសុខដុមនីយកម្ម ដើម្បីទាំងអស់គ្នា ឆ្ពោះទៅកាន់អភិបាលកិច្ចល្អ។

ទី៤. ការថែរក្សាបរិយាកាសសុខដុមនីយកម្មនៅក្នុងក្រសួង និងអង្គភាពចំណុះទាំងនៅថ្នាក់ ជាតិ និងថ្នាក់ក្រោមជាតិ ដោយសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងកិច្ចសហប្រតិបត្តិការល្អ គឺជាកត្តាកំណត់ភាពជោគជ័យ នៅគ្រប់កាលៈទេសៈ និងជំរុញការពូនជ្រុំសមិទ្ធផលជាបន្តបន្ទាប់ដូចពេលនេះ ចេះស្រឡាញ់គោរពរាប់អានគ្នា យោគយល់អធ្យាស្រ័យ លើកកម្ពស់ទំនាក់ទំនងជិតស្និទ្ធ កិច្ចសហប្រតិបត្តិការ និង សម្របសម្រួលទាំងនៅក្នុង និងក្រៅស្ថាប័ន ដោយឈរលើស្មារតីភាតរភាព និងការគោរពឋានានុក្រមការងារ។

ជាមួយគ្នានេះដែរ សម្តេចធិបតី ក៏បានណែនាំឱ្យក្រសួងស្ថាបូនពាក់ព័នត្រូវមានការសហការគ្នាឱ្យបានល្អជាមួយក្រសួងអធិការកិច្ច ដើម្បីឱ្យការអនុវត្តន៍កាន់តឬមានប្រសិទ្ធភាព ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល៕

 

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds