១ខែដើឆ្នាំ២០២៤ កម្ពុជាទទួលបានប្រាក់ចំណូលជាង $១២១ លានពីការនាំចេញកៅស៊ូ
ភ្នំពេញ៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានអោយដឹងថា កម្ពុជាទទួលបានប្រាក់ចំណូលជាង ១២១ លានដុល្លារ (១២១.១៩៧.០០០) ពីការនាំចេញកៅស៊ូ និងផលិតផលធ្វើពីកៅស៊ូនៅក្នុងរយៈពេល១ ខែមករា ឆ្នាំ ២០២៤ ចំនួនេះកើនឡើង ១២៣.៥% បើធៀបរយៈពេលដូចគ្នាឆ្នាំ ២០២៣។
ប្រធានសមាគមអភិវឌ្ឍន៍កៅស៊ូកម្ពុជាលោក ម៉ែន សុភក្ដិ បានអោយដឹងថា តម្លៃកៅស៊ូបច្ចុប្បន្នលក់បានជាង ១.៤០០ ដុល្លារក្នុង១ តោន។ លោកថា ការនាំចេញមានដំណើរការល្អ ខណៈកំណើននាំចេញកៅស៊ូកើនឡើង ដោយសារផ្ទៃដីពេញវ័យរបស់កៅស៊ូឱ្យផលកើនឡើងដែលមានការបើកជៀជ័រច្រើន ទើបធ្វើឱ្យបរិមាណផលិតផលក៏កើនឡើងដែរ។
កសិករដាំកៅស៊ូ នៅភូមិមាឃ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម លោក អោក សាវឿន បានឱ្យដឹងថា តម្លៃជ័រកៅស៊ូលោកលក់បាន ២ ១០០ រៀល ក្នុង១គីឡូ (០១ថ្ងៃថ្លឹង) ខណៈ១ យប់បាន ២.២០០។ លោកថា តម្លៃនៅឆ្នាំនេះ មានភាពនឹងនរល្អ មិនដូចឆ្នាំមុនៗ ឡើងចុះគ្រប់ពេលវេលាដែលពេលខ្លះលក់បានតែ ១.៨០០ រៀល ក្នុង១ គីឡូ (០១ថ្ងៃថ្លឹង)។
ទោះជាយ៉ាងណា លោកបញ្ជាក់ថា តម្លៃនេះ សម្រាប់រូបលោក គឺអាចទប់ទល់បាន ប៉ុន្តែមិនអាចឱ្យចំណេញច្រើននោះទេ ដោយសារលោកត្រូវចំណាយទៅលើការទិញជី ថ្នាំ និងកម្លាំងពលកម្មផ្សេងៗ។
យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទំហំផ្ទៃដីដាំកៅស៊ូក្នុងឆ្នាំ ២០២៣ សរុបជាង ៤០ ម៉ឺនហិកតា។ របាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបង្ហាញថា នៅក្នុងឆ្នាំ ២០២៣ ការនាំចេញកៅស៊ូ និងផលិតផលធ្វើពីកៅស៊ូទទួលបានទឹកប្រាក់ជាង ៩១៨ លានដុល្លារ (៩១៨ ៨៩៥ ០០០) កើនឡើងជិត ៧០ ភាគរយ ធៀបនឹងឆ្នាំ ២០២២៕