ទីលានទុកដាក់សំរាមនៅខេត្តស្ទឹងត្រែង និងខេត្តក្រចេះ នឹងដាក់ឱ្យប្រើប្រាស់ជាផ្លូវការក្នុងពេលឆាប់ៗខាងមុខនេះ
បន្ទាប់ពីបញ្ចប់កាសាងសង់កាលពីឆ្នាំកន្លងទៅ គម្រោងសាងសង់ទីលានទុកដាក់សំរាមនៅខេត្តស្ទឹងត្រែង និងខេត្តក្រចេះ នឹងដាក់ឱ្យប្រើប្រាស់ជាផ្លូវការក្នុងពេលឆាប់ៗខាងមុខនេះ ។ អនុគម្រោងនៃការគ្រប់គ្រងសំណល់រឹងទីប្រជុំជនទាំងពីរនេះ ស្ថិតនៅក្នុងគម្រោងអភិវឌ្ឍន៍ក្រុងរបៀងមហាអនុតំបន់ទន្លេមេគង្គ ជំហានទី៤ ដោយប្រើប្រាស់ឥណទានពីធនាគារអភិវឌ្ឍន៍អាស៊ី(ADB)។
ទីលានទុកដាក់សំរាមខេត្តស្ទឹងត្រែង ចំណាយថវិកាសាងសង់ជិត ៥ លានដុល្លារ ចាប់ផ្តើមការសាងសង់នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២២ និងបានបញ្ចប់ការសាងសង់នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ គ្របដណ្តប់លើផ្ទៃដីសរុប ១៩,៤៦ ហិកតា ចំណែកឯទីលានទុកដាក់សំរាមខេត្តក្រចេះ ក៏ចំណាយថវិកាជិត ៥ លានដុល្លារ(៤.៩៤៣.៩៤៨.៩១) ចាប់ផ្តើមការសាងសង់នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ និងបានបញ្ចប់ការសាងសង់នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣ គ្របដណ្តប់លើផ្ទៃដីសរុបចំនួន ២៦,៨៨ ហិកតា៕