លោក​ណូយ វ៉ាន់ណេត ច្រានចោលព័ត៌មានដែលថាគាត់ទទួលមរណភាព ខណៈលោកស្នើអោយម្ចាស់ផេកលប់ជាបន្ទាន់

ភ្នំពេញ ៖ បន្ទាប់ពីមានគណនេយ្យហ្វេសប៊ុកឈ្មោះ Sopheak M meng បានធ្វើការបង្ហោះថា លោកណូយ វ៉ាន់ណេត បានទទួលមរណភាពហើយ តារាចម្រៀងជើងចាស់លោកណូយ វ៉ាន់ណេតបានចេញមុខប្រឆាំងទាស់ទៅនឹងព័ត៌មានលេចឮថា លោកបានទទួលមរណភាពហើយ ខណៈពេលដំណឹងបានក្លាយជាប្រធានបទដ៏ក្ដៅនៅលើបណ្ដាញសង្គម ។

ម្ចាស់ហ្វេសប៊ុកមួយបានធ្វើការបង្ហោះពីព័ត៌មានតារាចម្រៀងលោកណូយ វ៉ាន់ណេតបានទទួលមរណភាពតាមបណ្ដាញសង្គម ដោយមិនមានមូលដ្ឋានច្បាស់លាស់ ក្នុងពេលតារាចម្រៀងរូបនេះមិនមានរឿងអ្វីកើតឡើង និងទទួលមរណភាពដូចការ​បង្ហោះខាងលើនេះឡើយ។ យ៉ាងណានៅទីបំផុតលោកណូយ វ៉ាន់ណេតបានចេញមុខដោយផ្ទាល់ដោយបានធ្វើការបដិសេធន៍ចោលទាំងស្រុងនូវការបង្ហោះពីផេកខាងលើ និងស្នើឱ្យម្ចាស់ផេកហ្វេសប៊ុករូបនោះលុបព័ត៌មានចេញ និងចេញសុំទោសជាសាធារណៈមុនពេលលោកចាត់វិធានការផ្លូវច្បាប់។

លោកបញ្ជាក់ថា ការបង្ហោះព័ត៌មាននេះ គឺជាការភូតភរចង់បានការចូលមើល(view) ច្រើន ហើយប្រមាថអាយុជីវិតទៅវិញ។ លោកថា ធ្វើបែបនេះមានគោលបំណងអ្វី អ្នកណានៅពីក្រោយ ដោយសារការចង់បានការចូលមើលច្រើនបែរជាមកប្រមាថអាយុជីវិតលោកទៅវិញ ។

លោកបន្ថែមថា ករណីនេះគឺវាធ្ងន់ធ្ងរ ដោយលោកសុំឱ្យក្រសួងយុត្តិធម៌ និងក្រសួងមហាផ្ទៃជួយដោះស្រាយលោកនៅក្នុងករណីខាងលើនេះផង ។ លោកណូយ វ៉ាន់ណេតក៏បានស្នើឱ្យម្ចាស់ផេកដែលបានបង្ហោះថា លោកទទួលមរណភាពនោះឱ្យលុបចេញជាបន្ទាន់ និងចេញមុខសុំទោសលោកជាសាធារណៈមុនពេលលោកចាត់ការតាមផ្លូវច្បាប់ ។

យ៉ាងណាលោកណូយ វ៉ាន់ណេត ក៏បានអំពាវដល់មហាជនមេត្តាកុំមានការយល់ច្រឡំថា លោកពិតជាទទួលមរណភាព ព្រោះលោកមិនងាយស្លាប់ទេ គឺលោកនៅតែបន្តនៅក្នុងបេះដូងទស្សនិកជនដដែល ហើយលោកក៏សូមអរគុណសម្រាប់ការគាំទ្រពីបងប្អូនទាំងអស់ចំពោះលោករហូតមកទល់នាពេលនេះ ។

ជាការកត់សម្គាល់ការផុសព័ត៌មាននៃស្លាប់របស់តារាចម្រៀងលោកណូយ វ៉ាន់ណេតនាពេលនេះ មិនមែន​ជាលើកទីមួយឡើយ ពោលកន្លងមកក៏មានករណីដូចគ្នាផងដែរ ។ កាលពីអំឡុងឆ្នាំ២០១៧ លោក ណូយ វ៉ាន់ណេតក៏ត្រូវបានគេផុសព័ត៌មានពីការស្លាប់របស់លោកដែរ ក្រោយពីលោកជួបប្រទះគ្រោះថ្នាក់ចរាចរណ៍ ។

តែយ៉ាងណាលោក ណូយ វ៉ាន់ណេតក៏បានចេញមុខបដិសេធចោលនូវព័ត៌មានខាងលើនេះដែរ ក្នុងពេលក្រោយជួបគ្រោះថ្នាក់ចរាចរណ៍លោកបានចេញទៅព្យាបាលនៅប្រទេសថៃ៕​

 

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds