រកឃើញបង្គា​ចាក់​ចាហួយ​ជាង​៤​តោន ​​នៅ​ទីតាំង​ស្តុក​ចែក​គ្រឿង​សមុទ្រ​​ត្រឡោក​បែក

ភ្នំពេញ ៖ ​កម្លាំង​អគ្គនាយកដ្ឋាន ការពារ​អ្នក​ប្រើប្រាស់​កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ (​ក​.​ប​.​ប​) សាខា​រាជធានី​ភ្នំពេញ រកឃើញបង្គា​ចាក់​ចាហួយ​ជាង​៤​តោន ​​នៅ​ទីតាំង​ស្តុក​ចែក​គ្រឿង​សមុទ្រ​នៅ​តំបន់​ត្រឡោក​បែក ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ និង​សង្កាត់​ទឹកល្អក់​ទី​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ។

ប្រតិបត្តិការ​ចុះ​ត្រួតពិនិត្យ និង​បង្ក្រាប​បង្គា​ចាក់​ចាហួយ​នេះ បាន​ធ្វើ​ឡើង​កាលពីថ្ងៃ​ទី​០៨ ខែកុម្ភៈ ឆ្នាំ​២០២៤​ក្នុង​គោលបំណង ដើម្បី​ពង្រឹងគុណភាព​ម្អូ​ប​ចំណីអាហារ គ្រឿង​សមុទ្រ នៅ​ក្នុង​ឱកាស​សែន​ចូល​ឆ្នាំ​ចិន និង​វៀតណាម។ ប្រតិបត្តិការ​នេះ​ដឹកនាំ​ដោយ​លោក ហេង មាលី ប្រធាន​សាខា ក​.​ប​.​ប​. រាជធានី​ភ្នំពេញ ព្រមទាំង​ចូល​ពី​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​មូលដ្ឋាន​ផង​ដែរ ។

លោក​ហេង មាលី ប្រធាន​សាខា ក​.​ប​.​ប​. រាជធានី​ភ្នំពេញ បានអោយ​ដឹង​ថា ដោយ​មានការ​យកចិត្តទុកដាក់​ខ្ពស់​ពី​អគ្គនាយកដ្ឋាន ក​.​ប​.​ប​.​មន្ត្រី​ជំនាញ​បាន​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ចុះ​ឃ្លាំង​មើល និង​ត្រួតពិនិត្យ​ទីតាំង​ស្តុក និង​ចែកចាយ​គ្រឿង​សមុទ្រ​នៅ​តំបន់​ត្រឡោក​បែក​នេះ តាំងពី​ម៉ោង​ប្រមាណ​៣​ទៀប​ភ្លឺ ដើម្បី​ធានា​បាន​នូវ​ទំនិញ​ម្ហូបអាហារ​ប្រកបដោយ​គុណភាព និង​មាន​សុវត្ថិភាព​ខ្ពស់ ។

ជា​លទ្ធផល នៅ​ក្នុង​ការ​ត្រួតពិនិត្យ​រក​ឃើញ និង​ដកហូត​បង្គា​មាន​ចាក់​ចាហួយ ចំនួន ២៦០ កេស ស្មើនឹង​ប្រមាណ​៤ ២៣៥ គីឡូក្រាម ដើម្បី​យក​ទៅ​កម្ទេច​ចោល ។

លោក ហេង មាលី ក៏​បាន​អំពាវនាវ​ដល់​អ្នក​ធុរៈកិច្ច​ជន​ត្រូវ​រកស៊ី​ចាយ​ចែក​ផលិតផល​ណា​ពុំ​មាន​សារធាតុ​គីមី ឬ​ចាក់​ចាហួយ និង​នាំ​ចូល​ចែកចាយ​តែ​ផលិតផល​ណា​ដែល​មាន​ឯកសារ​ត្រឹមត្រូវ និង​មាន​ប្រភព​ច្បាស់លាស់ ។ លោក ប្រធាន​សាខា ក ប ប ក៏​បាន​ស្នើ​សុំ​ដល់​គ្រប់​តួអង្គ​ពាក់ព័ន្ធ​ទាំងអស់​មេត្តា​ជួយ​ទប់ស្កាត់​នូវ​ផលិតផល​ណា​ដែល​មិន​មាន​ឯកសារ​ច្បាស់លាស់ ,​ផលិតផល​មាន​សារធាតុ​គីមី​ហាមឃាត់ ផលិតផល​ខូចគុណភាព ផលិតផល​ពុំ​មាន​អនុលោម​ភាព​តាម​បទ​ប្បញ្ញត្តិ ដើម្បី​ធានា​អោយ​បាន​នូវ​ម្ហូបអាហារ​មិន​ប៉ះពាល់​ដល់​សុខភាព សុវត្ថិភាព​អ្នក​ប្រើប្រាស់ ។

គួរ​បញ្ជាក់​ថា កន្លង​មក​លោក​ជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បាន​យកចិត្តទុកដាក់​យ៉ាង​ខ្លាំង​ក្នុង​ការ​លើកកម្ពស់​សុខុមាលភាព សុខភាព​ប្រជាពលរដ្ឋ​តាម​រយៈ​ការ​ត្រួតពិនិត្យ​សុវត្ថិភាព​ម្ហូបអាហារ និង​បាន​ណែនាំ​ឯកឧត្តម ផា​ន អូន ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា​ទទួល​បន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ការពារ​អ្នក​ប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ «​ក​.​ប​.​ប​.»​ឱ្យ​បន្ត​ពង្រឹង​យុទ្ធនាការ​ចុះ​ត្រួតពិនិត្យ​គុណភាព​សុវត្ថិភាព​ទំនិញ ពិសេស​ម្ហូបអាហារ នៅ​តាម​បណ្តា​ទីផ្សារ​នានា​ក្នុង​ក្រប​ខណ្ឌ​ទូ​ទាំង​ប្រទេស ដើម្បី​ធានា​អោយ​បាន​នូវ​ទំនិញ​ម្ហូបអាហារ​ប្រកបដោយ​គុណភាព និង​មាន​សុវត្ថិភាព​ខ្ពស់ និង​បន្ត​អប់រំ​ឱ្យ​ប្រតិបត្តិ​ករ​អាជីវកម្ម​ម្ហូបអាហារ ប្រកប​អាជីវកម្ម​របស់​ខ្លួន​ដោយ​សុចរិត និង​ស្វែង​យល់​ពី​អំពើ​ល្មើស​ពាក់ព័ន្ធ​នឹង​ការ​ប្រកប​អាជីវកម្ម​ដែល​បង្ក​ឱ្យ​មាន​ហានិភ័យ​ដល់​សុខភាព​ប្រជាពលរដ្ឋ ក្នុង​ការ​ប្រើប្រាស់​សារធាតុ​គីមី​ហាមឃាត់ ឬ​ការ​ប្រើប្រាស់​លើស​កម្រិត​ជាដើម ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds