ក្មេងប្រុសអាយុ៩ឆ្នាំម្នាក់នៅខេត្តក្រចេះស្លាប់ដោយសារជំងឺផ្ដាសាយបក្សី
ក្រសួងសុខាភិបាលបានប្រកាសថា នៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៤ កុមារាអាយុ៩ឆ្នាំម្នាក់ បានស្លាប់បាត់បង់ជីវិត ដោយសារជំងឺផ្ដាសាយបក្សី ប្រភេទហាស់៥អ៊ិន១(H5N1)។ កុមារដែលបានស្លាប់់នេះមានទីលំនៅក្នុងភូមិកាប៉ូ១ ឃុំអូរឫស្សី ក្រុងក្រចេះ ខេត្តក្រចេះ។
ក្រសួងគូសបញ្ជាក់ថា ក្រុមគ្រូពេទ្យបានខិតខំយកចិត្តទុកដាក់ថែទាំ និងជួយសង្រ្គោះចំពោះកុមារអាយុ៩ឆ្នាំ ដែលបានស្លាប់នេះ ប៉ុន្តែដោយសារតែស្ថានភាពជំងឺរបស់កុមារានេះមានស្ថានភាពធ្ងន់ធ្ងរ រួមមាន គ្រុនក្ដៅ ពិបាកដកដង្ហើម ហត់ ក្អក និងសន្លប់ ទើបបណ្ដាលឱ្យកុមារានេះស្លាប់នៅថ្ងៃទី០៨ ខែកុម្ភៈតែម្ដង។ តាមការសាកសួរបង្ហាញថា នៅផ្ទះអ្នកជំងឺមានមាន់ ៥ក្បាល និងទា ៣ក្បាល បានងាប់ហើយបានយកមាន់ទានោះមកធ្វើម្ហូបបរិភោគ។
ក្រុមឆ្លើយតបបន្ទាន់របស់ក្រសួងសុខាភិបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បាននិងកំពុងសហការជាមួយក្រុមការងារ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងបរិស្ថាន អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ចុះអង្កេតស្រាវជ្រាវយ៉ាងសកម្មលើការកើតឡើងនូវជំងឺផ្ដាសាយបក្សី និងឆ្លើយតបទៅតាមវិធីសាស្រ្ត និងពិធីសារបច្ចេកទេស បន្តស្វែងរកប្រភពចម្លង ទាំងលើសត្វ និងមនុស្ស និងបន្តស្វែងរកករណីសង្ស័យ និងអ្នកប៉ះពាល់ ដើម្បីទប់ស្កាត់ការឆ្លងបន្តទៅអ្នកដទៃទៀតក្នុងសហគមន៍ ព្រមទាំងចែកជូនឱសថតាម៊ីហ្លូ(Tamiflu) ដល់អ្នកប៉ះពាល់ជិតស្និទ្ធ និងធ្វើយុទ្ធនាការអប់រំសុខភាពប្រជាពលរដ្ឋនៅក្នុងភូមិកើតហេតុខាងលើ។
ក្រសួងសុខាភិបាល បានក្រើនរម្លឹកជាថ្មីម្ដងទៀត ដល់ប្រជាពលរដ្ឋទាំងអស់ ឱ្យយកចិត្តទុកដាក់ប្រុងប្រយ័ត្នលើជំងឺផ្ដាសាយបក្សីជានិច្ច ពីព្រោះជំងឺផ្ដាសាយបក្សី H5N1 នៅតែបន្តគំរាមកំហែងដល់សុខភាពប្រជាពលរដ្ឋ។ មិនតែប៉ុណ្ណោះ ក្រសួងក៏បានអំពាវនាវដល់ ប្រជាពលរដ្ឋដែលមានអាការៈក្ដៅខ្លួន ក្អក ហៀរសំបោរ ឬពិបាកដកដង្ហើម និងមានប្រវត្តិធ្លាប់បានប៉ះពាល់ជាមួយសត្វមាន់ទាឈឺ ឬស្លាប់ ក្នុងអំឡុង១៤ថ្ងៃ មុនចាប់ផ្ដើមមានរោគសញ្ញា សូមកុំទៅជួបជុំ ឬទៅទីប្រជុំជនដែលមានមនុស្សច្រើន និងត្រូវស្វែងរកការពិគ្រោះយោបល់ និងការពិនិត្យនៅតាមមូលដ្ឋានសុខាភិបាល ដែលនៅជិតបំផុតឱ្យបានឆាប់ទាន់ពេលវេលា៕