បង្រ្កាបករណីជួញដូរសត្វព្រៃ ជាច្រើនក្បាល នៅខេត្តកោះកុង
កោះកុង៖ កម្លាំងចម្រុះបានចុះឆែកឆេរលំនៅដ្ឋាន១កន្លែង ស្ថិតនៅភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ដោយបានប្រទះឃើញវត្ថុតាងនៃបទល្មើសប្រភេទវារីសត្វកំពុងរងគ្រោះថ្នាក់ និងសត្វព្រៃជាច្រើនទៀត។
យោងតាមរបាយការណ៍របស់សមត្ថកិច្ចជំនាញ បានឱ្យដឹងថា ប្រតិបត្តិការបង្ក្រាបនេះបានធ្វើឡើងនៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយមានការបញ្ជាពីព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកោះកុង បានដឹកនាំកម្លាំងសមត្ថកិច្ចចម្រុះ ដោយបានសង្គ្រោះសត្វ កន្ធាយអាស៊ីរស់ចំនួន ៦ក្បាល ទម្ងន់១៦,៥០គីឡូក្រាម, អណ្តើកសោមឈ្មោលចំនួន ២៨០ក្បាល ទម្ងន់១៩៦គីឡូក្រាម, អណ្តើកបិទមុខចំនួន ៧ក្បាល ទម្ងន់៧គីឡូក្រាម។
ក្រៅពីនេះ ក៏មានសត្វពពូលងាប់ចំនួន ៦២ក្បាល, សត្វក្លុំងាប់ ចំនួន ៥២ក្បាល, សាច់ជ្រូកព្រៃស្រស់ ទម្ងន់ ១០គីឡូក្រាម, សាច់សំពោចងាប់ចំនួន ២ក្បាល ទម្ងន់ ០,៦០គីឡូក្រាម, សាច់កាំប្រមាស្រស់ ទម្ងន់ ០,៥០គីឡូក្រាម ផងដែរ។ បន្ទាប់ពីបានកសាងសំណុំរឿង ជនសង្ស័យបានសារភាពទោសកំហុស និងយល់ព្រមបង់ប្រាក់ពិន័យអន្តរការណ៍ជូនរដ្ឋបាលជលផល និងរដ្ឋបាលព្រៃឈើតាមនីតិវិធី។
ចំពោះករណីបទល្មើសជលផល ជនសង្ស័យបានយល់ព្រមប្រគល់វត្ថុតាងដែលជាសត្វរស់ទាំងអស់ជូនសមត្ថកិច្ចរដ្ឋបាលជលផល។ ចំណែកសត្វកន្ធាយអាស៊ី៦ក្បាល និងអណ្តើកសោមឈ្មោលចំនួន ៦០ក្បាល ត្រូវបានសមត្ថកិច្ចជលផលប្រគល់ជូនទៅមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍វារីវប្បកម្មទឹកសាប ដើម្បីថែបំប៉ន និងសិក្សាស្រាវជ្រាវ។ ដោយឡែកសត្បអណ្តើកបិទមុខចំនួន ៧ក្បាល និងអណ្តើកសោមឈ្មោលចំនួន ២២០ក្បាលទៀត ត្រូវបានលែងក្នុងដែនជម្រកធម្មជាតិនៃតំបន់អភិរក្សប្រព័ន្ធស្ទឹងព្រាត់ ឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុង៕