ក្រសួងការងារ សម្រេចបានលទ្ធផលការងារធំៗនៅពេញមួយឆ្នាំ២០២៣ ក្នុងការបម្រើ​ផលប្រយោជន៍​ពលរដ្ឋ និងកម្មករនិយោជិត

រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានលើកឡើងថា ក្រសួង​ការងារ​បានសម្រេចនូវលទ្ធផលការងារធំៗក្នុងការបម្រើផលប្រយោជន៍ពលរដ្ឋ និងកម្មករ​និយោជិត​នៅ​ពេញមួយឆ្នាំ២០២៣ ស្របតាមអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាលអាណត្តិទី៦ និង​រាជរដ្ឋាភិបាលអាណត្តិទី៧។

ថ្លែងក្នុងពិធីបិទ «សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២៤ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ» និងដាក់ឱ្យអនុវត្ត «ផែនការ​យុទ្ធ​សាស្ត្រ​អភិវឌ្ឍន៍វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ២០២៤-២០២៨» នាថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤ លោកហេង សួរ បានគូសបញ្ជាក់ថា ស្របតាម​ការ​គិតគូរ​ពី​សុខ​ទុក្ខ​កម្មករ​និយោជិតរបស់រាជរដ្ឋាភិបាល ក្រសួងការងារបានសហការ រៀបចំកម្មវិធីសំណេះសំណាល រប​ស់​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី សរុបចំនួន២៩លើក មានកម្មករនិយោជិតប្រមាណ ៤៧ម៉ឺននាក់។

លោករដ្ឋមន្រ្តីបន្តថា ក្នុង​ការ​លើក​កម្ពស់​ជីវភាព​កម្មករ​និយោជិត​ក្រសួង​ការងារ​បាន​ដឹក​នាំ​ពិភាក្សា និងកំណត់ប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៤ ចំនួន ២០៤ ដុល្លារ​អាមេរិក​ក្នុង​មួយ​ខែ ស្របតាមអនុសាសន៍របស់ សម្តេចធិបតីនាយករដ្ឋមន្រ្តី។ ដោយឡែក​លើ​ការ​អភិវឌ្ឍន៍​ធនធាន​មនុស្ស​ក្រសួង​បាន​រៀប​ចំ​ប្រកាស​ដាក់​ឱ្យ​អនុវ​ត្ត​ជា​ផ្លូវ​ការ​កម្ម​វិធី​បណ្តុះ​បណ្តាល​ជំនាញ​វិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនគោលដៅចំនួន ១.៥លាននាក់ និងកម្មវិធីពង្រីកវិសាលភាព របប​សន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត សម្រាប់​បុគ្គល​ស្វ័យ​និយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣។

ជាលទ្ធផល ក្រសួងទទួលបានសិស្សចុះឈ្មោះសរុបចំនួន ២៧ ១៥៨នាក់ បានបើក​វគ្គ​បណ្តុះ​បណ្តាល​ដល់​យុវជន ដែលមានលក្ខខណ្ឌស្របតាមគោលការណ៍កំណត់ចំនួន ៤៧៨ថ្នាក់ ស្មើ​នឹង​សិស្សចំនួន ១៣ ១៨១នាក់។ ទន្ទឹមនិងនេះដោយចុះឈ្មោះសមាជិកបុគ្គលស្វ័យនិយោជន៍ ចំនួន ៧៩ ៦៩៨នាក់ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ចំនួន ៨៨៣នាក់។

បើ​តាមលោករដ្ឋមន្រ្តីក្រសួងការងារក៏បានធានានូវការគោរពលក្ខខណ្ឌការងារ របស់រោងចក្រ សហគ្រាស គ្រឹះស្ថាន ដោយបានធ្វើអធិការកិច្ចការងារនៅតាមសហគ្រាស។ ក្នុង​នោះសិទ្ធិ​សេរី​ភាព​អង្គការ​វិជ្ជាជីវៈ ត្រូវបានលើកកម្ពស់ និងបើកទូលាយអនុលោមតាមច្បាប់ស្តីពីសហជីព និង​បទ​ដ្ឋានការងារអន្តរជាតិ ជាពិសេស អនុលោម​តាម​អនុសញ្ញា​អង្គការ​អន្តរជាតិ​ខាង​ការងារ​ដែល​កម្ពុជា​បាន​ផ្តល់​សច្ចាប័ន។

ក្រសួងការងារបានពង្រឹងយន្តការដោះស្រាយវិវាទការងារ ដោយបានធ្វើឱ្យ​អត្រា​ដោះស្រាយ​សះជា​វិវាទការងាររួម ទាំងកម្រិតមន្ត្រីផ្សះផ្សា និងក្រុមប្រឹក្សាអាជ្ញាកណ្តាល។ និង​បាន​ពង្រឹង​ការ​ផ្សព្វ​ផ្សាយ ទប់ស្កាត់ការប្រើប្រាស់ទម្រង់ធ្ងន់ធ្ងរបំផុត នៃពលកម្មកុមារ និងការងារដោយបង្ខំ ហើយ​បាន​អនុវត្តកិច្ចអន្តរាគមន៍ស្នូលដកហូត និងទប់ស្កាត់ពលកម្មកុមារចំនួន ៤០០នាក់។

ក្រសួងការងារបានបើកផ្តល់ប្រាក់ឧបត្ថម្ភ ដល់កម្មករ​និយោជិត​វិស័យ​វាយ​នភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប និងវិស័យ​ទេសចរណ៍ ដែលព្យួរកិច្ចសន្យាការងារជុំទី២ ក្នុងឆ្នាំ២០២៣ និងបានពង្រឹង និងពង្រីក​ការ​អនុវត្ត​របប​សន្តិសុខ​សង្គមផ្នែកហានិភ័យការងារ ផ្នែកថែទាំសុខភាព និងផ្នែកសោធន​ដល់​កម្មករ​និយោជិត​មន្ត្រីរាជការសាធារណៈអតីតមន្ត្រីរាជការអតីតយុទ្ធជនជាប្រចាំ។

ក្រសួងការងារបានផ្តល់របបសន្តិសុខសង្គមដល់ផ្នែកសេដ្ឋកិច្ចក្រៅប្រព័ន្ធចំនួន ២៧២សហគ្រាស មានកម្មករនិយោជិតសរុបចំនួន ៩៩ ៤១៧នាក់ និងបានបន្តផ្តល់​ប្រាក់​ឧបត្ថម្ភ​ស្រ្តី​ពេល​សម្រាល​កូន ដែលមានស្រ្តីសម្រាលកូន សរុបចំនួន ៦២ ៨៧៨នាក់ ស្មើនឹងចំនួនកូន ៦៣ ៣២៨នាក់។ នៅក្នុងវិស័យជួយរកការងារ​ធ្វើ​ក្រសួង​ការងារ​បាន​ប្រមូល​ចុះឈ្មោះ​អ្ន​កស្វែ​ង​រកការងារចំនួន ៣០ ៨៩៧នាក់ បានផ្គូផ្គងអ្នកស្វែងរកឱកាសការងារ ចំនួន ២៩ ៥៩០​ដង/នាក់ និងបានផ្តល់ឱកាសការងារ និងគាំពារដល់ពលករកម្ពុជាដែលកំពុងស្នាក់នៅ និង​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស ចំនួន ១ ៣៥៦ ៦១៦នាក់។

លើសពីនេះទៅទៀតក្រសួងការងារបានបន្តចូលរួមយ៉ាងសកម្មក្នុងការអនុវត្តកម្មវិធីជាតិកំណែទម្រង់​រដ្ឋបាលសាធារណៈ និងកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងបាន​បន្ត​ពង្រឹង​កិច្ច​សហការល្អជាមួយអង្គការអន្តរជាតិខាងការងារ(ILO), និងដៃគូអភវិឌ្ឍជាតិ និងអន្តរជាតិ​បាន​យ៉ាង​ល្អ​ប្រសើរ។ ជាពិសេសក្រសួងការងារបានចូលរួមលើកកម្ពស់សមភាពយេនឌ័រ, ចូលរួម​យ៉ាង​សកម្មក្នុងផែនការសកម្មភាព សេវាសង្គម៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds