ស្នងការ​ក្រុង៖ ស្ត្រី​ឈ្មោះ​ម៉ូ​លី​កា មិនមែន​ជា​តួអង្គ​ក្នុង​រឿង​នេះ​ទេ និង​ស្នើ​ឲ្យ​អ្នកនិពន្ធ ចេញ​មក​សារភាព​ឲ្យ​ទាន់​ពេល

ភ្នំពេញ ៖ ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ នៅ​ល្ងាច​ថ្ងៃ​ទី​០៧ ខែកុម្ភៈ ឆ្នាំ​២០២៤​នេះ បាន​បញ្ជាក់​ថា ស្ត្រី​ឈ្មោះ​ម៉ូ​លី​កា មិនមែន​ជា​តួអង្គ​ក្នុង​រឿង​នេះ​ទេ និង​ស្នើ​ឲ្យ​អ្នកនិពន្ធ ចេញ​មក​សារភាព​ឲ្យ​ទាន់​ពេល ករណី​ស្ត្រី​ឈ្មោះ​ម៉ូ​លី​កា បាន​សរសេរ​សារ​ក្នុង​គ្រុប​តេ​ឡេ​ក្រាម​ឈ្មោះ សុវត្ថិភាព​ចរាចរណ៍​យើង ដោយ​សំណូមពរ​លោកពូ ជួន ណា​រិ​ន្ទ ជួយ​រក​យុត្ដិធម៌ ករណី​ប៉ូលិស​ចរាចរណ៍​(​ស្តុ​ប​ក្តាន់​២) ផាកពិន័យ និង​បា​.​ញ់​លុយ​ឲ្យ​ជន​ស៊ី​វិល ។

ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ បញ្ជាក់​យ៉ាង​ដូច្នេះ​ថា«​សួស្ដី ក្មួយ​ស្រី ម៉ូ​នី​កា ជាទី​រាប់អាន​! ក្មួយ​ពិតជា​ចិត្តដាច់​មែន មិន​ព្រម​មក​ស្នងការដ្ឋាន​នគរបាល​រាជធានី ដើម្បី​សហការ​ជាមួយ​ពូ ដើម្បី​រក​យុត្តិធម៌​ជូន​ក្មួយ​! ពូ​ពិតជា​ខកចិត្ត​ណាស់ ដែល​ពូ​រង​ចាំ​នៅ​ស្នងការដ្ឋាន តាំងពី​ម៉ោង​៦​ព្រឹក រហូត​ដល់​ម៉ោង​៦​ល្ងាច​! ខ្ញុំបាទ សូម​ជូន​ព័ត៌មាន​ដល់​មហាជន​ទាំងអស់​ជ្រាប​ថា ក្មួយ​ស្រី​ម៉ូ​លី​កា មិនមែន​​ជា​​តួអង្គ​ក្នុង​រឿង​នេះ​ទេ (​ខ្ញុំ​ស្នើ​សុំ​អ្នកនិពន្ធ​ចេញ​សារភាព​ឲ្យ​ទាន់​ពេល​) ព្រោះ​ខ្ញុំ ត្រូវការ​រក​យុត្តិធម៌ និង​កិត្តិយស់​ឲ្យ​អ្នក​រង​គ្រោះ​ពិតប្រាកដ​!»
គួរ​រម្លឹក​ថា កាលពី​ថ្ងៃ​ទី​០៦ ខែកុម្ភៈ ឆ្នាំ​២០២៤ ម្សិលមិញ​នេះ ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​អំពាវនាវ​ឲ្យ​ស្ត្រី​ឈ្មោះ គង់ ម៉ូ​លី​កា ដែល​បាន​សរសេរ​សារ​បង្ហោះ​ក្នុង​គ្រុប​តេ​ឡេ​ក្រាម​ឈ្មោះ សុវត្ថិភាព​ចរាចរណ៍​យើង ហើយ​ត្រូវ​បាន​អ្នក​សារព័ត៌មាន និង​អ្នកលេង​បណ្តាញ​សង្គម យក​មក​បង្ហោះ​ខ្លឹមសារ​ពាក់ព័ន្ធ​ទៅ​នឹង​នគរបាល​ចរាចរណ៍ និង​ជន​ស៊ី​វិល នៅ​ចំណុច​ភ្លើងស្តុប​ក្តាន់​ពីរ ខណ្ឌដូនពេញ បាន​ផាកពិន័យ​យក​ប្រាក់ បង់​តាម ABA ទៅ​ឲ្យ​ជន​ស៊ី​វិល ចំនួន​២០​ដុល្លារ ពី​គាត់ ខណៈ​គាត់​ជូន​ម្តាយ​ទៅ​មន្ទីរពេទ្យ​ជា​បន្ទាន់។
ជុំវិញ​ការ​ចោទប្រកាន់​នេះ លោកស្នងការ​នគរបាល​រាជធានី សូម​ឱ្យ​ស្ត្រី​ឈ្មោះ គង់ ម៉ូ​លី​កា ចូលខ្លួន​មក​បំភ្លឺ​ចំពោះ​មុខ​សមត្ថកិច្ច នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​សួរនាំ​ព័ត៌មាន​មួយ​ចំនួន ក្នុង​ការ​ស្វែងរក​យុត្តិធម៌​ជូន​។ ព្រោះថា សមត្ថកិច្ច​ព្យាយាម​ទំនាក់ទំនង​សួរនាំ​តាម​លេខ​ទូរ​សព្ទ​របស់​ស្ត្រី​ឈ្មោះ គង់ ម៉ូ​លី​កា ដែរ​ប៉ុន្តែ​ទាក់ទង​មិន​បាន ។

ដោយឡែក​ចំពោះ​មន្ត្រី​នគរបាល​ចរាចរណ៍ និង​ជន​ស៊ី​វិល ដែល​រង​ការ​ចោទប្រកាន់ ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ កោះហៅ អញ្ជើញ​ឲ្យ​ចូលខ្លួន​មក​បំភ្លឺ​នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ រួច​ហើយ។

សូម​បញ្ជាក់​ថា មាន​បណ្ដាញ​ព័ត៌មាន​មួយ​ចំនួន បាន​ផ្សព្វផ្សាយ​កាលពី​ព្រឹក​ថ្ងៃ​ទី​០៦ ខែកុម្ភៈ ដោយ​ដកស្រង់​សំ​ណេ​រ​របស់​ស្ត្រី​ឈ្មោះ គង់ ម៉ូ​លី​កា យ៉ាង​ដូច្នេះ​ថា ៖ «​នាង​ខ្ញុំ​ឈ្មោះ ម៉ូ​លី​កា សូម​ប្តឹង​ទៅ​លោកពូ​ៗ មេ​ប៉ូលិស​ក្រសួងមហាផ្ទៃ លោកពូ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា និង លោក​អ៊ុំ ជួន ណា​រិ​ន្ទ ដែល​ជា​ស្នងការ​រាជធានី​ភ្នំពេញ កាលពី​ម្សិលមិញ​ថ្ងៃ​ព្រ​ហ​ស្បត៍ ទី​១ ខែកុម្ភៈ ឆ្នាំ​២០២៤ វេលា​ម៉ោង​០២​រសៀល នាង​ខ្ញុំ បាន​ចេញពីផ្ទះ​នៅ​ស្ទឹង​មាន​ជ័យ ដែល​នាង​ខ្ញុំ បើកឡាន ជូន​ម្តាយ​ទៅ​ពេទ្យ​បន្ទាន់ ដោយសារ​ម្តាយ​ថប់​ដ​ណ្ហើ​ម ដោយសារ​គាត់​មាន​ជំងឺ​បេះដូង ហូប​អត់​ទៀងទាត់ គាត់​ក៏​បាន​ធ្វើទុក្ខ​ខ្លាំង ។

លុះ​ពេល​មក​ដល់​ចំណុច ស្តុ​ប​ក្តាន់​២ នៅ​វេលា​ម៉ោង ២​និង​៥៣​នាទី​រសៀល នាង​ខ្ញុំ​ឃើញ ភ្លើងស្តុប​ពណ៌​លោត​(​ក្រហម​)​ហើយ ឡាន​ខ្ញុំ​ជ្រុល ក៏​បាន​ឈប់ គោរព​ច្បាប់ មិន​ទៅ​មុខ​ទៀត​ទេ ខ្ញុំ​ឈប់​លើ​គំនូស​.​ស ហើយ​ពេល​ភ្លើង​លោត​បៃតង ខ្ញុំ​ក៏​ទៅ​មុខ​ទៀត ឆ្លងកាត់​ចូល​ផ្លូវ​បឹង​កក់ ពេល​នោះ​មាន ប៉ូលិស​គ្នា​៣​នាក់ មាន​គ្នា​២​នាក់ ចុះ​មក​ចាប់​ឡាន​នាង​ខ្ញុំ ហើយ​បាន​អញ្ជើញ​នាង​ខ្ញុំ​ចុះ ខ្ញុំ​សួរ​ថា ពូ​ចាប់ តើ​ខ្ញុំ​ខុស​អី ? គាត់​ថា មី​អូន​ឯង មិនបាច់​និយាយ​ច្រើន​ទេ ចុះ​ទៅ​ដឹង​ហើយ​។ នាង​ខ្ញុំ​ប្រាប់​ថា ពូ​! ខ្ញុំ​ប្រញាប់​ជូន​ម្តាយ​ទៅ​ពេទ្យ គាត់​ថប់​ដ​ណ្ហើ​ម តែ​ពួក​គាត់​អត់​ព្រម​ទេ ហើយ​និយាយ​ថា ហ្អែ​ង​ចុះ​សិន​មក បើ​គាត់​ដកចង្កាមាន់ ចាំ​អញ​ហៅ​ឡានពេទ្យ ដឹង​ទៅ​ពេទ្យ​។ ពេល​ខ្ញុំ ទៅ​ជួប​ពូ​ប៉ូលិស​ម្នាក់​ទៀត នៅ​អង្គុយ​ក្បែរ​ម៉ូតូ គាត់​សុំ​ត្រួតពិនិត្យ​ប័ណ្ណបើកបរ ពេល​នោះ ខ្ញុំ​អោយ​គាត់​មើល ហើយ​គាត់​ថា ចុះ​ឯណា ឆៀក និង​កាត​គ្រី ? គាត់​ថា ឡាន​មី​អូន​ឯង ផុត​ឆៀក​ហើយ ចឹ​ង​មាត្រ​៨០ គេ​ពិន័យ ឆៀក ២០​ម៉ឺន​រៀល មួយទៀត ឈប់​លើ​គំនូស ១៥​ម៉ឺន​រៀល​ទៀត​។ ខ្ញុំ​ថា​ពូ ខ្ញុំ​សុំ ជូន​ពូ 20$ ទៅ​បាន​ហើយ ព្រោះ​ប្រញាប់​ជូន​ម្តាយ​ទៅ​ពេទ្យ​។ ប៉ូលិស​គាត់​ថា បើ​ប្រញាប់ បង់​គំនូស​ជាក់ស្តែង​ទៅ​.. បញ្ចុះតំលៃ​អោយ​សល់ ២៥​ម៉ឺន​រៀល​។ ចុង​ក្រោយ​គាត់​ថា បើ​អត់​លុយ យក​ឡាន​ទៅ​ទុក​ចោល​នៅ​ខណ្ឌ​សិន ខ្ញុំ​សួរ​ថា ខណ្ឌ​នៅឯណា ? គាត់​ថា នៅ​ខណ្ឌដូនពេញ​។ ខ្ញុំ​ថា ឥឡូវ​ពូ​យក​ប៉ុន្មាន ? តែ​មាន តែ​ក្នុង​(​គណនី​ធនាគារ​) ១៧​ម៉ឺន​រៀល​ទេ​។ គាត់​ថា ទៅ​ជួប​មេ​គាត់ ដែល​ពាក់​ស៊ី​វិល​ទៅ​..​។ នៅ​ពេល​ទៅ​ជួប​បង​ជន​ស៊ី​វិល​នោះ គាត់​ឲ្យ​បាញ់ ABA មក​..​។ ហើយ​គាត់​យក 20$ ទៅ​អោយ​កូនចៅ​គាត់ ដែល​ចាប់​ឃាត់​មិ​ញ​ទៅ​។ គាត់​អង្គុយ​ជិត​ម៉ូតូ ខ្ញុំ​មើល​ឈ្មោះ​ព្រិល​ៗ ឈ្មោះ ខៀ សុខ​ឡាយ ។

នាង​ខ្ញុំ​សួរ គាត់​ថាចុះ​ឯណាប័ណ្ណ​ផាកពិន័យ គាត់​ថាបើ​ចង់បាន​ប័ណ្ណ​ផាកពិន័យ យក​ឡាន​ទៅ​ខណ្ឌ​សិន រឺ យក​ទៅ​ក្រោយ​ព្រះ​បរមរាជវាំង។ ហើយ​ជន​ស៊ី​វិល​នេះ ឆ្លៀត​យក​លុយ​ខ្ញុំ​ហើយ សុំ​លេខ​មក​ញ៉ែ នាង​ខ្ញុំ​ទៀត ថោក​ណាស់​! សូម​សំណូមពរ​លោកពូ ជួន ណា​រិ​ន្ទ ណែនាំ​ពួក​គាត់​ផង ចេះ​អនុគ្រោះ​ដល់​អ្នកជំងឺ ក្នុង​ឡាន​ផង​»៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds