លោក ព្រុំ សុខា ណែនាំ​ឱ្យធ្វើ​ការ​ត្រួតពិនិត្យ​សារធាតុ​គីមី​ផ្សំ​ទាំង​៦៩​ប្រភេទ និង​រៀបចំ​ស្តង់ដារ​នីតិវិធី​ប្រតិ​ប​តិ្ត (SOP) ឱ្យបាន​ឆាប់

ភ្នំពេញ​ ៖ ​ប្រធាន​ក្រុមការងារ​អន្តរក្រសួង​ត្រួតពិនិត្យ​សារធាតុ​ញៀន និង​សារ​ធាតុគីមី​ផ្សំ ជំរុញ​បែបនេះ ក្នុង​ឱកាស​ដឹកនាំ​កិច្ចប្រជុំ​អន្តរក្រសួង​ក្រោម​វត្តមាន​អញ្ជើញ​ចូលរួម​ពី​លោក​រដ្ឋមន្ត្រី រដ្ឋលេខាធិការ តំណាង​ក្រសួង​ស្ថាប័ន​នានា អគ្គលេខាធិការ ដែលជា​សមាជិក​ក្រុមការងារ​អន្តរក្រសួង និង​លេខាធិការដ្ឋាន​ក្រុមការងារ​ត្រួតពិនិត្យ​សារធាតុ​ញៀន និង​សារ​ធាតុគីមី​ផ្សំ ចំនួន​៥៧​រូប នា​ថ្ងៃទី​៧ ខែកុម្ភៈ ឆ្នាំ​២០២៤​។

លោក​នាយ​ឧ​ត្ត​ម​សេនីយ៍ មាស វិ​រិ​ទ្ធ អគ្គលេខាធិការ បាន​ស្វាគមន៍ រាយការណ៍​ពី​សភាពការណ៍​គ្រឿងញៀន​និង​បាន​ជម្រាបជូន​ពី​គោលបំណង​នៃ​កិច្ចប្រជុំ​និង​កិច្ចពិភាក្សា​បែងចែក​សមត្ថកិច្ច​ដល់​ក្រសួង​-​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ​នឹង​ការគ្រប់គ្រង​ត្រួតពិនិត្យ​សារធាតុ​គីមី​ផ្សំ​ដែល​ត្រូវបាន​អនុញ្ញាត​ឲ្យ​នាំចូល​មកប្រើប្រាស់​ក្នុង​សកម្មភាព​ស្របច្បាប់​

លោក​ទេសរដ្ឋមន្ត្រី ព្រុំ សុខា លោក ព្រុំ សុខា ទេសរដ្ឋមន្ត្រី អនុប្រធាន​ប្រចាំការ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​និង​ជា​ប្រធាន​ក្រុមការងារ​និង​ប្រធាន​អង្គប្រជុំ​ក៏បាន​ជំរុញ និង​ណែនាំ​ដល់​ការរៀបចំ​ស្តង់ដារ​នីតិវិធី​ប្រតិ​ប​តិ្ត​(SOP) ដើម្បី​កំណត់​ភារកិច្ច​ជូន​ក្រុមការងារ​អន្តរក្រសួង និង​ក្រសួង​-​ស្ថាប័ន​សាមី​ពាក់ព័ន្ធ​នឹង​ការគ្រប់គ្រង​ត្រួតពិនិត្យ តាមដាន និង​វាយតម្លៃ​លើ​ការស្នើសុំ​នាំចេញ​ចូល ដឹកជញ្ជូន ចែកចាយ ប្រើប្រាស់ និង​សន្និធិ​សារធាតុ​ញៀន សារធាតុ​គីមី​ផ្សំ និង​សារ​ធាតុគីមី​ពាក់ព័ន្ធ​នឹង​ការផលិត​គ្រឿងញៀន​ខុសច្បាប់​។

ក្នុង​ឱកាស​នោះ​ដែរ លោក​ទេសរដ្ឋមន្ត្រី ព្រុំ សុខា ក៏បាន​ធ្វើការ​ណែនាំ​ដល់​សមាជិក​ក្រុមការងារ​អន្តរក្រសួង និង​លេខាធិការដ្ឋាន​ជាពិសេស​ក្រសួង​-​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ ត្រូវ​ពិនិត្យ​អំពី​បញ្ជី​សារធាតុ​គីមី​ផ្សំ​ទាំង​៦៩​ប្រភេទ ដែល​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​បាន​ផ្តល់​ជូន រួច​ធ្វើ​ការកំណត់​អំពី​ឈ្មោះ​សារធាតុ​គីមី​ផ្សំ​ណាខ្លះ​ដែល​ក្រសួង​-​ស្ថាប័ន​ខ្លួន​បានផ្តល់​អាជ្ញាប័ណ្ណ​ឱ្យ​នាំចូល​ប្រើប្រាស់ ចែកចាយ ដើម្បី​បង្កលក្ខណៈ​ងាយស្រួល​ក្នុងការ​តាមដាន និង​ត្រួតពិនិត្យ​។

ជាមួយគ្នានេះ លោក​ទេសរដ្ឋមន្ត្រី ព្រុំ សុខា ក៏បាន​ជំរុញ​ឱ្យ​ក្រុមការងារ​លេខាធិការដ្ឋាន​នៃ​ក្រុមការងារ​អន្តរក្រសួង​ត្រួតពិនិត្យ​សារធាតុ​ញៀន​និង​សារធាតុ​គីមី​ផ្សំ ដែល​មាន​មន្ត្រី​ជំនាញ​មកពី​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​ជា​សមាជិក ត្រូវ​សហការ​គ្នា​រៀបចំ​សេចក្តីព្រាង​ស្តង់ដារ​នីតិវិធី​ប្រតិ​ប​តិ្ត (SOP) ឱ្យបាន​ឆាប់រហ័ស ដើម្បី​ដាក់ជូន​ក្រុមការងារ​អន្តរក្រសួង​ពិនិត្យ សម្រេច​ឈានទៅ​បន្តការងារ​នៅ​ជំហាន​បន្ទាប់​ទៀត៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds