អ្នកនាំពាក្យបរិស្ថាន៖ ការនាំចូលថង់ប្លាស្ទិកមានការថយចុះប្រមាណ៥០%នៅចុងឆ្នាំ២០២៣
ភ្នំពេញ៖ ការនាំចូលប្លាស្ទិកនៅក្នុងត្រីមាសទី៤ ឆ្នាំ២០២៣ មានការថយចុះចំនួន ៣២ ២២៨,៧៣ គីឡូក្រាម ដែលស្មើនឹងប្រមាណ៥០% បើប្រៀបធៀបនឹងត្រីមាសទី៣ នៃឆ្នាំដដែល។ នេះបើយោងតាមអ្នកនាំពាក្យក្រសួងបរិស្ថាន ឯកឧត្តម ខ្វៃ អាទិត្យា បានបញ្ជាក់នៅថ្ងៃទី៧ ខែកុម្ភៈ នេះ។
របាយការណ៍នេះ បានបង្ហាញផងដែរថា ការនាំចូលថង់ប្លាស្ទិកចំនួន ១២ ០៧៨,០៤ គីឡូក្រាម នៅក្នុងខែមករា ឆ្នាំ២០២៤ មានការថយចុះប្រមាណ ៨០% ក្នុងរយៈពេលដូចគ្នា នៅឆ្នាំ២០២៣ ដែលមានចំនួនសរុប ៦២ ២៨៤,០១គីឡូក្រាម។ មន្រ្តីនាំពាក្យក្រសួងបរិស្ថាន បានបញ្ជាក់បន្ថែមថា ទិន្នន័យ នៃការនាំចូល ថង់ប្លាស្ទិកនេះ ត្រូវបានកត់ត្រា ក្នុងឆ្នាំ២០២៣ និងនៅដើមឆ្នាំ២០២៤ ដែលក្រុមហ៊ុនឯកជនបានស្នើសុំការអនុញ្ញាតនាំចូលថង់ប្លាស្ទិក សម្រាប់បម្រើសេវាវេចខ្ចប់ទំនិញក្នុងសង្វាក់ផលិតកម្មរបស់ខ្លួន សម្រាប់ច្រកសំរាម វេចខ្ចប់អាហារ និងប្លាស្ទិកដែលងាយពុកផុយក្នុងបរិស្ថាន (Biodegradable Plastic Bag)។ ចំពោះថង់ប្លាស្ទិកដែលក្រុមហ៊ុនសុំអនុញ្ញាតនាំចូលពីបណ្តាប្រទេសផ្សេងៗនេះ បានអនុលោម ទៅតាមលក្ខខណ្ឌអនុញ្ញាតឱ្យនាំចូល ដែលមានចែងក្នុងអនុក្រឹត្យលេខ ១៦៨ អនក្រ.បក ស្តីពីការគ្រប់គ្រងថង់ប្លាស្ទិក (កម្រាស់ចាប់ពី ០,០៣មីល្លីម៉ែត្រ ឡើងទៅ)។
ជាមួយគ្នានេះ ឯកឧត្តម ខ្វៃ អាទិត្យា បានចាត់ទុកថា ការថយចុះនៃការនាំចូលថង់ប្លាស្ទិកមកកម្ពុជា មាន២ករណី ទី១ ការយល់ដឹងនិងការចូលរួមរបស់ប្រជាពលរដ្ឋទូទាំងប្រទេស ក្នុងយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ដែលបានចាប់ផ្តើមពីថ្ងៃទី១ ខែកញ្ញា ២០២៣ កន្លងមក ដែលបច្ចុប្បន្នមានមនុស្សប្រមាណ ជិត៥លាននាក់បានចូលរួមអនុវត្តដោយផ្ទាល់ និងទី២ ការចូលរួមបន្ថែមពីវិស័យឯកជន ធ្វើឱ្យកម្ពុជាដែលជាផ្ទះយើងទាំងអស់គ្នាស្អាត ជួយថែរក្សាភពផែនដី គឺកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ស្របតាមយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលបានដាក់ចេញដោយរំលេចចេញលើមុំអាទិភាពចម្បងចំនួន៣ គឺស្អាត បៃតង និងចីរភាព។
មន្រ្តីនាំពាក្យក្រសួងបរិស្ថាន បានកោតសរសើរខ្ពស់ នូវការខិតខំប្រឹងរបស់គណៈគ្រប់គ្រងសាលារៀន លោកគ្រូអ្នកគ្រូ សិស្សានុសិ្ស រដ្ឋបាលរាជធានី ខេត្តទាំងអស់ និងក្រសួង ស្ថាប័ន អង្គការដៃគូ ព្រះសង្ឃ កម្មករកម្មការិនី និងប្រជាពលរដ្ឋទាំងអស់ ធ្វើឱ្យយុទ្ធនាការកាត់បន្ថយ ការប្រើប្រាស់ប្លាស្ទិកនេះ ទទួលបានលទ្ធផលគួរជាទីមោនៈ។ ទន្ទឹមនឹងនេះដែរ ឯកឧត្តម ខ្វៃ អាទិត្យា សំណូមពរឱ្យបន្តសកម្មភាពជាប្រចាំ នឹងអនុវត្តឲ្យបាន១០០ភាគរយ ជាមួយគ្រប់សាលារៀន បណ្តាសហគមន៍ ទីអារាម ទីប្រជុំជន រោងចក្រ សហគ្រាស នៅគ្រប់ទីកន្លែងទូទាំងប្រទេស ដើម្បីមូលដ្ឋានយើងស្អាតគ្មានសំរាម ប្លាស្ទិក ក្នុងឱកាសចូលឆ្នាំថ្មីផងដែរ។
បើតាមមន្រ្តីនាំពាក្យក្រសួងបរិស្ថាន បានដកស្រង់ប្រសាសន៍ របស់ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី អ៊ាង សុផល្លែត ដែលបានលើកឡើងថា ការដែលយើងទាំងអស់គ្នា ជាពិសេសក្មួយៗសិស្សានុសិស្ស ចូលរួមអនុវត្តនូវយុទ្ធនាការនេះ បានជាទៀងទាត់ នោះវានឹងក្លាយជាទម្លាប់ល្អ ដែលធ្វើឱ្យយើងកាត់បន្ថយ រហូតដល់ឈាន ទៅឈប់ប្រើប្រាស់ថង់ប្លាស្ទិកទាំងស្រុងនាពេលអនាគត។ យើងរួមកម្លាំងគ្នា ការពារបរិស្ថានកម្ពុជា បរិស្ថានស្អាត កើតចេញពីការចូលរួមពីយើងទាំងអស់គ្នា៕