យុវជនមកពីគ្រួសារក្រីក្រមួយរូប កំពុងរៀនជំនាញបច្ចេកទេស ព្រោះចង់ក្លាយជាវីរបុរសជួយគ្រួសារ
(ភ្នំពេញ)៖ យុវជនដែលរស់នៅក្នុងគ្រួសារដែលមានជីវភាពក្រីក្រមួយរូប បានបង្ហាញពីមហិច្ឆការបស់ខ្លួនចង់ក្លាយជាវីរបុសជួយគ្រួសារឱ្យរួចផុតពីភាពលំបាក និងការជំពាក់បំណុលគេ។
មកពីគ្រួសារក្រីក្រនៅរាជធានីភ្នំពេញយុវជន រ៉ា សុភាព ដែលបានបោះបង់ចោលការសិក្សាត្រឹមថ្នាក់ទី៨ បានសម្រេចសិក្សាជំនាញបរិក្ខាគ្រឿងត្រជាក់ក្នុងគេហដ្ឋាន វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម តាមរយៈកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈ និងបច្ចេកទេស ១.៥លាននាក់ របស់រាជរដ្ឋាភិបាល។
មានម្តាយជាអ្នកលក់បាយតាមរទេះរុញ យុវជន រ៉ា សុភាព បានបញ្ជាក់ថា ការណ៍ដែលខ្លួនបានសម្រេចចិត្តសិក្សាលើជំនាញបរិក្ខាត្រជាក់នេះ ដើម្បីទទួលបានជំនាញ ច្បាស់លាស់មួយ ងាយស្រួលរកប្រាក់ចំណូល ដើម្បីក្លាយជាវីរបុរស ជាបង្គោលគ្រួសារជួយដោះស្រាយភាពក្រលំបាក និងដើម្បីឱ្យរួចផុតពីការជំពាក់បំណុលគេផងដែរ។
បន្ថែមពីនេះ អ្នកស្រី យ៉ុង សោភា ម្តាយយុវជន រ៉ា សុភាព បានបង្ហាញក្តីត្រេកអរយ៉ាងខ្លាំងដែលកូនបានទៅសិក្សាជំនាញមួយច្បាស់លាស់ ដើម្បីជាដើមទុនសម្រាប់ស្វែងរកការងារ និងរកប្រាក់ចំណូលជួយផ្គត់ផ្គង់គ្រួសារ។ ជាមួយគ្នានេះ អ្នកស្រីក៏បានថ្លែងអំណរគុណយ៉ាងក្រៃលែងដល់សម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលតែងតែគិតគូរដល់យុវជនមកពី គ្រួសារក្រីក្រឱ្យបានចូលរៀនវគ្គជំនាញវិជ្ជាជីវៈ និងបច្ចេកទេសនេះ។
គួរបញ្ជាក់ថា កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១.៥លាននាក់ ត្រូវបានសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដាក់ឱ្យអនុវត្តកាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣។ កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសនេះ ជាគោលនយោបាយថ្មីមួយរបស់រាជរដ្ឋាភិបាល ដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាសេនាធិការ ក្នុងការជួយដល់យុវជនក្រីក្រ ដែលបោះបង់ចោលការសិក្សា អាចបន្តការសិក្សាលើជំនាញមួយច្បាស់លាស់ ដើម្បីងាយស្រួលរកការងារធ្វើ និងបង្កើនប្រាក់ចំណូល។ ការសិក្សាជំនាញនេះ មិនត្រឹមតែមិនបង់ថ្លៃនោះទេ ប៉ុន្តែថែមទាំងទទួលបានប្រាក់ឧបត្ថម្ភ ២៨ម៉ឺនរៀលក្នុង១ខែផងដែរ៕