តំណាងអយ្យការនឹងពិនិត្យលេីពាក្យបណ្តឹងរបស់ក្រុមមេធាវីតំណាងគណបក្សCPP ដែលប្ដឹងលោក ស៊ឹង សែនករុណា

លោក ប្លង់ សុផល ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានឱ្យដឹងនៅព្រឹកថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៤ថា តំណាងអយ្យការនឹងពិនិត្យលេីពាក្យបណ្តឹងព្រមទាំងភស្តុតាងនានាក្នុងសំណុំរឿងក្រុមមេធាវីតំណាងគណបក្សប្រជាជនកម្ពុជាប្ដឹងលោក ស៊ឹង សែនករុណា។

ការបញ្ជាក់របស់អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញនេះ គឺបន្ទាប់ពីបានទទួលពាក្យបណ្ដឹងរបស់ក្រុមមេធាវីតំណាងគណបក្សប្រជាជនកម្ពុជា ដែលបានដាក់ពាក្យបណ្ដឹងប្ដឹង លោក ស៊ឹង សែនករុណា អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក កាលពីរសៀលនៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៤ម្សិលមិញ។

ក្នុងបណ្ដឹងរបស់មេធាវីតំណាងគណបក្សប្រជាជនកម្ពុជា បានស្រង់នូវខ្លឹមសារសម្ភាសន៍របស់លោក ស៊ឹង សែនករុណា ជាមួយនឹងសារព័ត៌មាន ឌឹ ខេមបូឌា ដេលី កាលពីថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៤ និងបានជម្រាបជូនព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញថា ខ្លឹមសារនោះស្តែងចេញនូវចេតនាបំភ្លៃផ្ទុយពីការពិតថា គណបក្សប្រជាជនកម្ពុជា ប្រើប្រព័ន្ធតុលាការមកដោះស្រាយ និងតែងតែយកតុលាការមកធ្វើជារបាំងក្នុងការគាបសង្កត់ដៃគូនយោបាយប្រឆាំងរបស់ខ្លួន ព្រមទាំងប្រើប្រាស់វប្បធម៌គំរាមកំហែងដៃគូនយោបាយរបស់ខ្លួន ដែលពាក្យពេចន៍អះអាងបំផ្លើសទាំងនេះ ជាអំពើទុច្ចរិត ក្នុងចេតនាទម្លាក់កំហុសដោយអសុទ្ធចិត្ត និងមូលបង្កាច់នាំឱ្យប៉ះពាល់ដ៏ធ្ងន់ធ្ងរដល់កិត្តិយសរបស់គណបក្សប្រជាជនកម្ពុជា។

ជាងនេះទៀត ការប្រព្រឹត្តរបស់បុគ្គលរូបនេះ ជាអំពើបង្កចលាចល ញុះញង់បង្កើតឱ្យមានការស្អប់ រើសអើងចំពោះគណបក្សប្រជាជនកម្ពុជា និងមានចេតនាធ្វើឱ្យប៉ះពាល់ដល់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ ដែលនឹងប្រព្រឹត្តទៅក្នុងខែកុម្ភៈ ឆ្នាំ២០២៤ នាពេលដ៏ខ្លីខាងមុខនេះ។

ក្នុងនាមជាមេធាវីតំណាងគណបក្សប្រជាជនកម្ពុជា ក្រុមមេធាវីបានប្តឹង និងសំណូមពរដល់ព្រះរាជអាជ្ញាឱ្យធ្វើការពិនិត្យសម្រេចចោទប្រកាន់ និងផ្តន្ទាទោសលើឈ្មោះ ស៊ឹង សែនករុណា តាមច្បាប់ និងនីតិវិធីជាធរមាន និងទាមទារឱ្យឈ្មោះ ស៊ឹង សែនករុណា សងសំណងជំងឺចិត្តជូនគណបក្សប្រជាជនកម្ពុជា ចំនួន ពីរពាន់លានរៀល៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds