ចាប់ខ្លួន អ្នកសារព័ត៌មានម្នាក់ និងដៃជើង២នាក់ ព្រោះឆបោកពលរដ្ឋរឿងដីធ្លី នៅស្រុកលំផាត់

រតនគិរី៖ កម្លាំងអធិការនគរបាលស្រុកលំផាត់បានចាប់ឃាត់ខ្លួន មេខ្លោង៣នាក់ ក្នុងនោះមានអ្នកសារព័ត៌មានម្នាក់ ពាក់ព័ន្ធករណីឆបោកប្រាក់ពីពលរដ្ឋជាថ្នូរនឹងការទទួលបានដីធ្លី។ ការចាប់ខ្លួននេះធ្វើឡើងកាលពីថ្ងៃទី៤ ខែកុម្ភ: ឆ្នាំ២០២៤ វេលាម៉ោង១១និង៤០នាទីថ្ងៃត្រង់ ក្រោមការសម្របសម្រួលនីតិវិធី ពីព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តរតនគិរី លោកលាង អ៊ូ ។

ជនសង្ស័យទាំង៣នាក់រួមមាន ទី១/ ឈ្មោះ ណយ ចិន ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នកយកព័ត៌មានឲ្យសារព័ត៌មានក្រុងកម្ពុជា មានទីលំនៅបច្ចុប្បន្នភូមិក្បាលរមាស ឃុំក្បាលរមាស ស្រុកសេសាន្ត ខេត្តស្ទឹងត្រែង។ ទី២/ឈ្មោះ ឡុង ចិន្តា ភេទប្រុស អាយុ៥៣ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់អីវ៉ាន់ចាប់ហួយ ស្នាក់នៅចំណុចអូររ៉ាហា ស្ថិតក្នុងភូមិស្រែពកធំ ឃុំសេរីមង្គល ស្រុកកូនមុំ ខេត្តរតនគិរី និងទី៣/ឈ្មោះ គឹម ប៊ុនហន ភេទប្រុស អាយុ៤៧ឆ្នាំ ជនជាតិខ្មែរ មុខរបរសន្តិសុខក្រុមហ៊ុនចម្ការចេក ស្នាក់នៅភូមិស្រែពកធំ ឃុំសេរីមង្គល ស្រុកកូនមុំ ខេត្តរតនគិរី។

អធិការនគរបាលស្រុកលំផាត់ បានឲ្យដឹងថា លោកអនុវត្តន៍ទៅតាមបទបញ្ជារបស់ព្រះរាជអាជ្ញា ព្រោះជនសង្ស័យទាំង៣​នាក់​នេះ ជាប់ពាក់ព័ន្ធករណីបំផុសបំផុលឲ្យប្រជាពលរដ្ឋផ្ដិតមេដៃចែកដីធ្លី ខណៈអាជ្ញាធរស្រុក ខេត្តមិនបានដឹង។

 

សម្រាប់ដំណើរដើមទងនៅមុនការចាប់ខ្លួនគឺ កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ បុគ្គលឈ្មោះ ណយ ចិន ជាអ្នកសារព័ត៌មានបានផឹកស្រាស នៅផ្ទះឈ្មោះ ឡុង ចិន្ដា ដោយក្នុងពេលនោះបានសួរនាំអំពីបញ្ហាដីនៅមុខផ្ទះរបស់ឈ្មោះឡុង ចិន្តា ថាជាដីរបស់អ្នកណា។ ជាការឆ្លើយតប ឈ្មោះឡុង ចិន្តា បានប្រាប់ថា ដីដែលនៅខាងមុខផ្ទះរបស់ខ្លួននោះ ជាដីរបស់សហគមន៍។ ស្រាប់តែពេលនោះឈ្មោះណយ ចិន បានឲ្យឈ្មោះ ឡុង ចិន្តា និងឈ្មោះកឹម ប៊ុនហន ស្រង់ឈ្មោះយកលេខទូរស័ព្ទ និងឱ្យផ្តិតមេដៃប្រជាពលរដ្ឋដែលខ្វះខាតដី ដើម្បីស្នើសុំតាមរយៈអង្គការការពារកម្ពុជាដើម្បីយុត្តិធម៌។

បន្ទាប់មក ឈ្មោះ ឡុង ចិន្តា និងឈ្មោះ កឹម ប៊ុនហន ក៏បានស្រង់ឈ្មោះ និងមេដៃរបស់ប្រជាពលរដ្ឋ ដែលខ្វះខាតដី ។ ពេលនោះឈ្មោះឡុង ចិន្ដា និងគឹម ប៊ុនហន បានតម្រូវឲ្យប្រជាពលរដ្ឋបង់លុយ២ សរុបជាទឹកប្រាក់ទាំងអស់ចំនួន៨០ម៉ឺនរៀល ជាមួយនឹងពាក្យសន្យាថា ក្នុងមួយគ្រួសារៗទទួលបានដីទំហំ២៥ mx៥០m និងដីចម្ការចំនួន៥ហិកតា។ ក្នុងករណី មិនបានដី គឺឈ្មោះ ណយ ចិន ជាអ្នកទទួលខុសត្រូវសង់លុយវិញឲ្យប្រជាពលរដ្ឋ ដោយមិនឲ្យបាត់លុយមួយកាក់មួយសេនទេ។

តាមចម្លើយសារភាពរបស់ឈ្មោះឡុង ចន្តា និងឈ្មោះ គឹម ប៊ុនហន បានរៀបរាប់ ស្រដៀងគ្នាថា ពួកគេបានធ្វើតាមបញ្ជារបស់ឈ្មោះណយ ចិន ដែលបានឲ្យប្រជាពលរដ្ឋផ្តិតមេដៃ និងបង់លុយមុនចំនួន២០ម៉ឺនរៀល ដោយស្រង់បានចំនួន២៩៩គ្រួសារស្មើ និង២៩៩នាក់ ប៉ុន្តែមិនទាន់បានទទួលលុយនោះទេ។

ឈ្មោះឡុង ចន្ដានិងឈ្មោះគឹម ប៊ុនហន ក៏បានណាត់ជាមួយប្រជាពលរដ្ឋឲ្យយកលុយមកបង់នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤ នៅផ្ទះឈ្មោះឡុង ចិន្តា នៅចំណុចអូររ៉ាហា ស្ថិតក្នុងភូមិស្រែពកធំ ឃុំសិរីមង្គល ស្រុកកូនមុំ ខេត្តរតនគិរី។

ក្នុងពេលចុះឃាត់ខ្លួន សមត្ថកិច្ចដកហូតវត្ថុតាងមួយចំនួនដូចជា ក្រដាស់ដែលមានបញ្ជីឈ្មោះ និងស្នាមមេដៃប្រជាពលរដ្ឋ ចំនួន៣៤សន្លឹក កាតប័ណ្ណព័ត៌មាន ១សន្លឹក ពាក្យស្នើសុំជួយអន្តរាគមន៍២សន្លឹក លិខិតបញ្ជាបេសកកម្ម ១សន្លឹក ក្រដាស់ឡូហ្គោអង្គការ ១សន្លឹក បង្កាន់ដៃទទួលពាក្យស្នើសុំប្រើប្រាស់ដីធ្លី ២សន្លឹក និងពាក្យស្នើសុំអាស្រ័យផលដីធ្លី ១សន្លឹក។

បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ ត្រូវបានសមត្ថកិច្ចនគរបាលស្រុកលំផាត់រៀបចំសំណុំរឿងបញ្ជូនមកតុលាការខេត្តរតនគីរី នៅល្ងាចថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤ ដើម្បីចាត់ការបន្តទៅតាមនីតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds