របៀបរស់នៅរាល់ថ្ងៃដើរតួនាទីសំខាន់ក្នុងការព្យាបាលជំងឺលើសសម្ពាធឈាមរបស់យើង
ជំងឺលើសឈាមអាចកើតមានជំពោះមនុស្សគ្រប់វ័យ មិនថាក្មេង ឬចាស់ ប្រុសស្រី ឬអ្នកមានអ្នកក្រទេ ។ មនុស្សវ័យក្មេង ប្រមាណជាង៣០ភាគរយត្រូវគេរកឃើញករណីលើសឈាម និងរកឃើញមូលហេតុដែលនាំឱ្យកើតមានជំងឺនេះ ។
អ្នកកើតជំងឺលើសឈាមខ្លះ ព្រួយបារម្ភរឿងលេបថ្នាំឲ្យសម្ពាធឈាមធ្លាក់ចុះ ព្រោះបើភ្លេចលេបអាចធ្វើទុក្ខសុខភាព ។ យើងត្រូវដឹងថា របៀបរស់នៅរាល់ថ្ងៃដើរតួនាទីសំខាន់ក្នុងការព្យាបាលជំងឺលើសសម្ពាធឈាមរបស់យើង។ ប្រសិនបើយើងគ្រប់គ្រងវាបានជាមួយការរស់នៅល្អ យើងអាចចៀសវាង ឬកាត់បន្ថយតម្រូវការថ្នាំបាន ។
១. សម្រកទម្ងន់
ជារឿយៗ បើយើងឡើងទម្ងន់ សម្ពាធឈាមក៏ឡើងតាមហ្នឹងដែរ។ កាលណាឡើងទម្ងន់ ក៏អាចរំខានដល់ការដកដង្ហើមពេលគេងបាន ជាហេតុបណ្ដាលឲ្យសម្ពាធឈាមឡើងខ្ពស់។ ដូចនេះ ការសម្រកទម្ងន់ជាវិធីមានប្រសិទ្ធភាពមួយ ជួយកាត់បន្ថយការឡើងសម្ពាធឈាម។ ក្រៅពីការស្រកទម្ងន់ យើងក៏ត្រូវតាមដានប្រវែងចង្កេះដែរ បើត្រង់កន្លែងចង្កេះមានទម្ងន់ច្រើន អាចប្រឈមនឹងការកើតជំងឺលើសឈាមខ្ពស់។
២. ហាត់ប្រាណទៀងទាត់
ការហាត់ប្រាណជាប្រចាំ ៣០នាទី/ថ្ងៃ អាចកាត់បន្ថយសម្ពាធឈាមពី៥-៨ មិល្លីម៉ែត្របារត ប្រសិនបើយើងមានជំងឺសម្ពាធឈាម។ វាជាការចាំបាច់មួយដែលយើងត្រូវហាត់ប្រាណជាប្រចាំ បើមិនដូច្នោះទេ សម្ពាធឈាមនឹងអាចរើឡើងម្ដងទៀត ។ បើយើងមានសម្ពាធឈាមកើនឡើង ការហាត់ប្រាណរាល់ថ្ងៃ អាចចៀសវាងការវិវត្តទៅជាជំងឺលើសឈាម ហើយបើយើងកើតលើសឈាមហើយនោះ ហាត់ប្រាណអាយជួយកាត់បន្ថយសម្ពាធឈាមយើង ឲ្យធ្លាក់ចុះមកនៅកម្រិតសុវត្ថិភាព។
៣. ញ៉ាំរបបអាហារល្អ
ការមានរបបអាហារដែលសម្បូរដោយគ្រាប់ធញ្ញជាតិ បន្លែ ផ្លែឈើ និងផលិតផលធ្វើពីទឹកដោះគោដែលមានជាតិខ្លាញ់ទាប អាចធ្វើឲ្យសម្ពាធឈាមធ្លាក់ចុះរហូតដល់ទៅ ១១ មិល្លីម៉ែត្របារត បើយើងឈឺសម្ពាធឈាម។ ការដែលផ្លាស់ប្ដូរទម្លាប់ញ៉ាំមិនមែនងាយស្រួលទេ តែគ្នាយើងអាចចាប់ផ្ដើមអនុវត្តតាមតិចនិកនេះបានដោយ កត់ទុកនូវអាហារដែលត្រូវញ៉ាំ បន្ថែមជាតិប៉ូតាស្យូម អាននូវពាក្យណែនាំរាល់ទំនិញដែលទិញ និងកាត់បន្ថយជាតិសូដ្យូម (អំបិល) ដែលយើងញ៉ាំ។
៤. កាត់បន្ថយផឹកគ្រឿងស្រវឹង
គ្រឿងស្រវឹងអាចជាអាវុធមុខពីរសម្រាប់សុខភាពយើង ព្រោះវាផ្ដល់ទាំងផលល្អ និងផលអាក្រក់ បើយើងផឹកច្រើនជ្រុល។ ជាទូទៅ ស្រីៗអាចផឹកស្រាបាន ១កែវ/ថ្ងៃ និងប្រុសៗអាចផឹក ២កែវ/ថ្ងៃ អាចជួយកាត់បន្ថយសម្ពាធឈាមបានប្រហែល ៤ មិល្លីម៉ែត្របារត។ ប៉ុន្តែបើយើងផឹកច្រើនជ្រុល ផលល្អដែលជួយដល់សុខភាពពីការផឹកស្រាបៀរ នឹងត្រូវរលាយបានសូន្យឈឹង ហើយថែមទាំងនាំទុក្ខដល់សុខភាពលើសដើម។
លើសពីនេះ យើងក៏ត្រូវបញ្ឈប់ការជក់បារីដែរ ព្រោះបារីគ្រប់ដើមដែលយើងជក់ចូលទៅ នឹងបង្កើនសម្ពាធឈាមឡើងខ្ពស់។ ឈប់ជក់បារីក៏ជួយដល់សុខភាពបេះដូង និងពង្រឹងសុខភាពជាទូទៅតែម្ដង។
៥. តាមដានសម្ពាធឈាម
ការតាមដានសម្ពាធឈាមនៅផ្ទះ អាចជួយយើងរក្សាសម្ពាធឈាមបានល្អ ជួយឲ្យយើងប្រាកដថា ការផ្លាស់ប្ដូរទម្លាប់រស់នៅដំណើរការបានល្អក្នុងការកាត់បន្ថយសម្ពាធឈាម និងអាចបញ្ជាក់ច្បាស់ពីបញ្ហាសុខភាពអ្វីមួយដែលយើងជួប។ ប៉ុន្តែ មុននឹងសម្រេចចិត្តតាមដានសម្ពាធឈាមដោយខ្លួនឯង ត្រូវទៅពិនិត្យជាមួយគ្រូពេទ្យសិន ៕