មេធាវី CPP ប្តឹងអនុប្រធានសមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ទាជំងឺចិត្តចំនួន២ពាន់លានរៀល

ភ្នំពេញ៖ បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៤ បានបញ្ជាឱ្យមេធាវីរបស់គណបក្ស សិក្សាផ្លូវច្បាប់ ដើម្បីប្តឹង លោក ស៉ឹង សែនករុណា ក្រោយពីបានផ្ដល់សម្ភាសន៍ដល់សារព័ត៌មាន ឌឹ ខេមបូឌា ដេលី នូវចេតនាបំភ្លៃផ្ទុយពីការពិត មេធាវី៣រូប របស់គណបក្សកាន់អំណាច នៅរសៀលថ្ងៃទី៥ ខែកុម្ភៈ​ ឆ្នាំ២០២៤នេះ បានដាក់ពាក្យបណ្តឹង ប្តឹងអនុប្រធានសមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (Adhoc) ទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ រួចរាល់ហើយ។ នេះបើតាមពាក្យបណ្តឹងដែលបណ្តាញព័ត៌មាន Fast News ទទួលបាន។

ក្នុងពាក្យបណ្តឹងរបស់មេធាវីរបសគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ ការថ្លែងរបស់ឈ្មោះ ស៊ឹង សែនករុណា ស្តែងចេញនូវចេតនាបំភ្លៃផ្ទុយពីការពិតថា គណ​បក្សប្រជាជនកម្ពុជា «…ប្រើប្រព័ន្ធតុលាការមកដោះស្រាយ…និង….តែងតែយកតុលាការមកធ្វើជារបាំង ក្នុងការគាបសង្កត់ដៃគូនយោបាយប្រឆាំងរបស់ខ្លួន»… ព្រមទាំងប្រើប្រាស់ «វប្បធម៌គំរាមកំហែងដៃគូនយោបាយរបស់ខ្លួន… ដែលពាក្យពេចន៍អះអាងបំផ្លើសទាំងនេះ ជាអំពើទុច្ចរិត ក្នុងចេតនាទម្លាក់កំហុសដោយអសុទ្ធចិត្ត និងមូលបង្កាច់នាំ ឱ្យប៉ះពាល់ដ៏ធ្ងន់ធ្ងរដល់កិត្តិយសរបស់គណបក្សប្រជាជនកម្ពុជា។ ជាងនេះទៀត ការប្រព្រឹត្តរបស់បុគ្គលរូបនេះ ជាអំពើបង្កចលាចល ញុះញង់បង្កើតឱ្យមានការស្អប់ រើសអើងចំពោះគណបក្សប្រ ប្រជាជនកម្ពុជា និងមានចេតនា ធ្វើឱ្យប៉ះពាល់ដល់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ ដែលនឹងប្រព្រឹត្តទៅក្នុងខែកុម្ភៈ ឆ្នាំ២០២៤ នាពេលដ៏ខ្លីខាងមុខនេះ។

ពាក្យបណ្តឹងបញ្ជាក់ថា ក្នុងនាមជាជាមេធាវីតំណាង គណបក្សប្រជាជនកម្ពុជា សុំប្តឹង និងសំណូមពរដូចខាងក្រោម៖
ស្នើសុំឱ្យធ្វើការពិនិត្យ សម្រេចចោទប្រកាន់ និងផ្តន្ទាទោសលើឈ្មោះ ស៊ឹង សែនកុរណា និងនីតិវិធីជាធរមាន។
ទាមទារឱ្យឈ្មោះ ស៊ឹង សែនករុណា សងសំណងជំងឺចិត្តជូន គណបក្ស ២.០០០.០០០.០០០ (ពីរពាន់លាន) រៀល ស្មើជិត៥០ម៉ឺនដុល្លា៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds