កាសែត WSJ រាយការណ៍ថាលោក Elon Musk និងក្រុមប្រឹក្សាភិបាល Tesla ប្រើប្រាស់គ្រឿងញៀន
លោក Elon Musk ដែលជាមហាសេដ្ឋីមានទ្រព្យសម្បត្តិស្តុកស្តមម្នាក់ ត្រូវបានសេចក្តីរាយការណ៍ជាច្រើនលើកឡើងពីការប្រើប្រាស់គ្រឿងញៀន ហើយសេចក្តីរាយការណ៍ចុងក្រោយនេះ បង្ហាញថា លោកបានប្រើប្រាស់គ្រឿងញៀនជាមួយសមាជិកក្រុមប្រឹក្សាភិបាល Tesla មួយចំនួន។ នេះបើតាមកាសែត Wall Street Journal (WSJ) បានរាយការណ៍កាលពីថ្ងៃទី៣ខែកុម្ភៈ។
កាសែតបានរាយការណ៍ថា ការប្រើប្រាស់គ្រឿងញៀនខុសច្បាប់របស់លោក Elon Musk គឺជាការដឹងជាទូទៅក្នុងចំណោមនាយកក្រុមហ៊ុន Tesla និង ក្រុមហ៊ុន SpaceX នាពេលបច្ចុប្បន្ន និងជាអតីតនាយកប្រតិបត្តិមួយចំនួន។ WSJ រាយការណ៍ថា «មានការព្រួយបារម្ភអំពីបរិមាណនៃការប្រើប្រាស់គ្រឿងញៀនខុសច្បាប់របស់លោក Musk និងថាគាត់បានប្រើប្រាស់គ្រឿងញៀនជាមួយសមាជិកក្រុមប្រឹក្សាភិបាលមួយចំនួនរបស់គាត់ ដែលដកស្រង់សម្តីមនុស្សដែលបានឃើញការប្រើប្រាស់គ្រឿងញៀន ឬត្រូវបានប្រាប់ឱ្យដឹងខ្លីអំពីការប្រើប្រាស់នោះ»។
កាសែតនេះបាននិយាយថា ក្រុមប្រឹក្សាភិបាលមិនបានបើកការស៊ើបអង្កេតលើបញ្ហានេះទេ ហើយក៏មិនបានចងក្រងឯកសារអំពីកង្វល់ណាមួយដែរ។ ទំនាក់ទំនងរវាងលោក Musk និងនាយករបស់គាត់ត្រូវបានរិះគន់ដោយចៅក្រមនៃទីក្រុងDelaware ក្នុងសប្តាហ៍នេះ ដែលបានលើកឡើងពីទំនាស់ផលប្រយោជន៍របស់ក្រុមប្រឹក្សាភិបាលចំពោះសេចក្តីសម្រេចរបស់ចៅក្រមដែលថាកញ្ចប់ប្រាក់ឈ្នួលចំនួន៥៥ពាន់លានដុល្លាររបស់លោក Musk គឺហួសប្រមាណ។
លោក Musk និងលោក Alex Spiro ដែលជាមេធាវីរបស់គាត់មិនបានឆ្លើយតបទៅនឹងសំណើសុំការអត្ថាធិប្បាយរបស់ WSJ ទេ។ កាសែតរាយការណ៍ថាលោក Musk បានប្រើថ្នាំញៀន ដូចជា LSD កូកាអ៊ីន ផ្សិត ecstasy និង psychedelic ជាញឹកញាប់នៅឯពិធីជប់លៀងឯកជន។
នៅក្នុងរបាយការណ៍ WSJ នោះ លោកមេធាវី Spiro បាននិយាយថា លោក Musk ត្រូវបានធ្វើតេស្តថ្នាំជាប្រចាំ និងម្តងម្កាលនៅការិយាល័យក្រុមហ៊ុន SpaceX ហើយមិនដែលបរាជ័យក្នុងការធ្វើតេស្តនោះទេ។ កាសែតបានរាយការណ៍កាលពីថ្ងៃទី៣ខែកុម្ភៈ ដោយដកស្រង់សម្តីមនុស្សមួយចំនួនថា មិត្តភក្តិ និងអ្នកដឹកនាំមួយចំនួនមានអារម្មណ៍ថា ពួកគេត្រូវប្រើថ្នាំខុសច្បាប់ជាមួយលោក Musk ព្រោះថា បើមិនប្រើទេ នឹងធ្វើឱ្យគាត់មិនសប្បាយចិត្តជាមួយ៕