ជើងមាន់ជាង១០0តោនដែលដែលរកឃើញនៅក្នុងកុងតឺន័រនាំចូលខុសច្បាប់ ត្រូវបានដុតកម្ទេចចោលនៅខេត្តស្វាយរៀង
(ស្វាយរៀង)៖ ជើងមាន់ដែលឈ្មួញលួចនាំចូលដោយគ្មានច្បាប់ចំនួន៤កុងតឺន័រ ដែលត្រូវសមត្ថកិច្ចជំនាញបង្ក្រាបបាន កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ ត្រូវដុតកម្ទេចចោលនៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៤នេះ នៅក្នុងភូមិចុងព្រែក សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង។
យោងតាមមន្ត្រីជំនាញ ប្រចាំខេត្តស្វាយរៀង បានឱ្យដឹងថា ក្រុមការងារចម្រុះបានចុះត្រួតពិនិត្យទៅលើទំនិញទាំង៤កុងតឺន័រ ដែលផ្ទុកជើងមាន់ស្មើនឹង១០២.៦តោន ដោយពិនិត្យឃើញថា ពុំមានឯកសារគ្រប់គ្រាន់ទើបបាននាំទំនិញទាំងនេះយកមកទីលានចាក់សំរាម ដើម្បីដុតកម្ទេចចោលនៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៤នេះ។
សូមបញ្ជាក់ថា យោងតាមរបាយការណ៍ពីសាខាការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ សាខា ក.ប.ប ខេត្តស្វាយរៀង បានឱ្យដឹងថា នៅថ្ងៃទី៣១ ខែមករា វេលាម៉ោង២១៖២០នាទី មន្ត្រីសាខា ក.ប.ប ខេត្តស្វាយរៀង សហការជាមួយកម្លាំងអាវុធហត្ថ ក្រោមការសម្របសម្រួលពីលោក ខាំ សុផារី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង បានឃាត់កុងទីន័រចំនួន៤គ្រឿង ដើម្បីត្រួតពិនិត្យនៅចំណុចភូមិអកនាគ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។ ក្រោយការត្រួតពិនិត្យបានរកឃើញថា រថយន្តកុងតឺន័រទាំង៤គ្រឿងនេះផ្ទុកជើងមាន់។
អ្នកបើកបរបញ្ជាក់ថា ទំនិញទាំងអស់នេះគឺបាននាំចូលពីប្រទេសវៀតណាម ហើយផ្ទេរទូរកុងតឺន័រនៅចំណុចសូន្យចូលមកកម្ពុជាតាមមាត់ច្រកអន្តរជាតិបាវិត ហើយដឹកទៅច្រកដូង នៅស្រុករមាសហែក រួចនាំចូលទៅវៀតណាមវិញ។ ទំនិញទាំងនេះជារបស់ក្រុមហ៊ុន SBL ដែលមានទីតាំងនៅក្រុងបាវិត។
លោក ពេញ សារ៉េត (ម្ចាស់ឡានកុងតឺន័រ) បានបញ្ជាក់ថា គាត់ជាអ្នកគ្រប់គ្រងឡានកុងតឺន័រទាំង៤គ្រឿងនេះ ហើយមិនបានដាក់ឯកសារ (ដឹកទំនិញ) មកជាមួយតាមឡានទេ ហើយទំនិញទាំងនេះមានទិសដៅទៅច្រកដូង ស្រុករមាសហែក ហើយគ្រោងនាំចូលទៅវៀតណាមវិញ៕