តុលាការ សម្រេចឃុំខ្លួនជនសង្ស័យដែលសម្លាប់ស្ត្រីមានផ្ទៃពោះ៥ខែ និងដុតសាកសព
(កណ្ដាល)៖ លោកស្រី ថ្លាង ស្រីណុច ព្រះរាជអាជ្ញារអយ្យកាលអមសាលាដំបូងខេត្តកណ្តាល សម្រេចឃុំខ្លួនជនសង្ស័យដែលសម្លាប់ស្ត្រីមានផ្ទៃពោះ៥ខែ និងដុតសាកសព ហើយប្លន់យកម៉ូតូ។ ជនសង្ស័យត្រូវបានចោទប្រកាន់ពីបទ «ឃាតកម្មគិតទុកជាមុន» តាមមាត្រា២០០ ក្រមព្រហ្មទណ្ឌ បញ្ជូនទៅចៅក្រមស៊ើបសួររួចរាល់ហើយ។
យោងតាមច្បាប់មាត្រា២០០ បទឃាតកម្មគិតទុកជាមុន ឃាតកម្មគិតទុក គឺអំពើសម្លាប់មនុស្សដោយគិតទុកជាមុន ឬដោយការពួនស្ទាក់។ ការគិតទុកជាមុន គឺជាគម្រោងដែលបង្កើតឡើងមុនអំពើបៀតបៀនទៅលើរូបបុគ្គលនៃជនរងគ្រោះ។ ការពួនស្ទាក់ជាអំពើឃ្លាំចាំបុគ្គលណាម្នាក់ ក្នុងរយៈពេលមួយរយៈដើម្បីប្រព្រឹត្តិអំពើបៀតបៀនទៅលើរូបបុគ្គលនៃជនរងគ្រោះ។ ឃាតកម្មគិតទុកជាមុន ត្រូវដាក់ពន្ធនាគារអស់មួយជីវិត។
ក្រោយមានករណីឃាតកម្មប្លន់សម្លាប់ស្ត្រីមានផ្ទៃពោះ៥ខែ ដោយចាក់សាំងដុតហើយយកប្លន់ម៉ូតូ ត្រូវបានកម្លាំងអាវុធហត្ថខេត្តកណ្ដាល សហការគ្នាជាមួយកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ និងខេត្តបន្ទាយមានជ័យ តាមប្រម៉ាញ់ រហូតឃាតខ្លួនបានកាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ នៅចំណុចមុខផ្សារឃ្លាំងរំសេវថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ក្រោយគេចខ្លួនជាច្រើនថ្ងៃមក។
សូមជម្រាបថា ករណីឃាតកម្មគិតទុកជាមុននេះ (សម្លាប់ ដុតសាកសព យកម៉ូតូជនរងគ្រោះ) បានកើតឡើងកាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ នៅចំណុចព្រៃខាងជើងភូមិរំលេច ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល និងប្រទះឃើញសាកសពជនរងគ្រោះនៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ នៅចំណុចខាងលើ។
លោកឧត្តមសេនីយ៍ត្រីសំ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្ដាល បានឱ្យដឹងថា បន្ទាប់ពីបានទទួលព័ត៌មាននេះភ្លាមលោកបានបញ្ជាដឹកនាំកម្លាំងជំនាញនិងដាក់បទបញ្ជាយ៉ាងមុឺងម៉ាត់ ប្រកបដោយភាពទទួលខុសត្រូវខ្ពស់ឱ្យលោកវរសេនីយ៍ឯក ទូច អុីណាន មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកណ្តាល ចុះដឹកនាំផ្ទាល់ និងសម្របសម្រួលសហការជាស្នងការស្រាវជ្រាវ និងបង្ក្រាបបទល្មើស រួមទាំងអង្គភាពពាក់ព័ន្ធបើកកិច្ចសហប្រតិបត្តិការ ស្រាវជ្រាវ ស្វែងរកឃាត់ខ្លួនមុខសញ្ញាដែលធ្វើសកម្មភាពខាងលើឱ្យបានជាដាច់ខាត។
លោកបានបន្តថា ដោយមានការសម្របសម្រួលនីតិវិធីពីលោក លាវ ស្រេង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល, លោកព្រះរាជអាជ្ញារាជធានីភ្នំពេញ និងលោកព្រះរាជអាជ្ញាខេត្តបន្ទាយមានជ័យ ដោយមានការសហការគ្នា រវាងកម្លាំងជំនាញ កងរាជអាវុធហត្ថខេត្តកណ្តាល កងរាជអាវុធហត្ថរាជធានីភ្នំពេញ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ដែលមានជំនាញស្នងការដ្ឋានស្រាវជ្រាវ និងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថលើផ្ទៃប្រទេស ចុះសម្របសម្រួលផ្នែកបច្ចេកទេសដោយផ្ទាល់ ទើបកំណត់បាននូវមុខសញ្ញាជនដៃដល់ជាឃាតក រហូតឈានដល់ការបើកកិច្ចសហប្រតិបត្តិការរួមគ្នា ស្វែងរកឃើញ និងឃាត់ខ្លួនជនសង្ស័យឈ្មោះ រតនា ហៅ គាង អាយុ ៣៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នសង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ជាឃាតករសម្លាប់ជនរងគ្រោះឈ្មោះ ថារី ហៅ ស្រីម៉ី ភេទស្រី អាយុ២៦ឆ្នាំ មុខរបរកសិករ រស់នៅឃុំពញាឮ ស្រុកពញាឮ ខេត្តកណ្តាល។
លោកបានបញ្ជាក់ថា នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ រតនា ហៅគាង បានឆ្លើយសារភាពថា ខ្លួនពិតជាបានរៀបចំគម្រោងផែនការ និងត្រៀមសម្ភារៈទុកជាមុនដើម្បីសម្លាប់ជនរងគ្រោះឈ្មោះ ថារី ហៅស្រីមុី ពិតប្រាកដមែន។ មូលហេតុដោយគេចាញ់ល្បែង ជំពាក់លុយគេច្រើន។
តាមការបំភ្លឺពីឈ្មោះ ទី ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរជាងភ្លើង មានទីលំនៅបច្ចុប្បន្នឃុំពញាឮ ស្រុកពញាឮ ខេត្តកណ្ដាល ត្រូវជាប្តីជនរងគ្រោះបានបញ្ជាក់ថា ជនរងគ្រោះឈ្មោះ ថារី ហៅស្រីមុី ជាប្រពន្ធខ្លួនមានផ្ទៃពោះ ៥ខែ និងតាមព័ត៌មានពីប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានបានបង្ហើបឱ្យដឹងថាបុគ្គលឈ្មោះ រតនា ហៅគាង នេះគឺជាមនុស្សម្នាក់ញៀនល្បែង ឈ្លក់វង្វែងសប្បាយនឹងស្រីញី ពិសេសតែងតែធ្វើសកម្មភាពលួច ឆបោកគេឯងជាច្រើនលើកច្រើនសារមកហើយ តែជនរងគ្រោះទាំងនោះពុំបានប្តឹងសមត្ថកិច្ចឡើយ៕