តុលាការចោទ​ប្រកាន់ ករណីប៉ូលិសខេត្តស្ទឹងត្រែង ដឹកគ្រឿងញៀ.ន​តាមឡាន ចូលមកភ្នំពេញ ពីបទរក្សាទុក​ ដឹកជញ្ជូន និងជួញដូរ​ដោយខុសច្បាប់នូវសារធាតុ​ញៀន

ភ្នំពេញ៖ តំណាងអយ្យ​ការបានសម្រេច​ចោទប្រកាន់​លើជនសង្ស័យ​ ទាំង ២នាក់​ ដែលម្នាក់ជាប៉ូលិសខេត្តស្ទឹងត្រែង​ ពីបទរក្សាទុក​ ដឹកជញ្ជូន និងជួញដូរ​ដោយខុសច្បាប់នូវសារធាតុ​ញៀន តាមបញ្ញត្តិមាត្រា៤៨ និងមាត្រា៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យ​គ្រឿងញៀន​។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យនៃអយ្យ​ការអមសាលាដំបូង រាជធានីភ្នំពេញ។

អ្នកនាំពាក្យ បានអោយដឹង​ថា នៅវេលាម៉ោង ១ និង ៤០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤ នៅចំណុចមុខ​មន្ទីរពេទ្យជោរៃ ផ្លូវជាតិលេខ១ ក្នុងបេសកកម្ម​ត្រួតពិនិត្យ​អាវុធជាតិផ្ទុះ និងជាតិស្រវឹង សមត្ថកិច្ច​នគរបាល និងកងរាជអាវុធ​ហត្ថ បានធ្វើការ​ឃាត់ខ្លួនជនសង្ស័យ​ ២នាក់ រួមជាមួយ​ម្សៅក្រាមពណ៌សថ្លា ចំនួន ៥កញ្ចប់ធំ ទម្ងន់ ៤,៩៧៣.៨០ ( បួនពាន់ប្រាំបួន​រយចិតសិបបីក្បៀស​ប៉ែតសិប ) ក្រាម និងម្សៅម៉ដ្ឋពណ៌កាហ្វេ ចំនួន ១០០កញ្ចប់តូច ទម្ងន់ ២.៥២៨ ( ពីរពាន់ប្រាំរយម្ភៃប្រាំបី ) ក្រាម ដែលសង្ស័យថា ជាគ្រឿងញៀន ដែលជនសង្ស័យ​ដឹកតាមរថយន្ត បើកឆ្លង​កាត់ប៉ុស្តិ៍ត្រួតពិនិត្យរបស់សមត្ថកិច្ច​។
អ្នកនាំពាក្យ លើកឡើងថា ឆ្លងតាមលទ្ធផល​នៃការធ្វើតេស្ត​បឋមរបស់សមត្ថកិច្ច បានបង្ហាញថា ម្សៅក្រាមពណ៌សថ្លាជាគ្រឿងញៀនប្រភេទកេតាមីន ( KETAMINE ) ចំណែកម្សៅ​ម៉ដ្ឋពណ៌កាហ្វេជាគ្រឿងញៀន ប្រភេទ អ៊ិច​ស្តាស៊ី ( MDMA ) ដែលស្ថិតនៅក្នុង​តារាងទី៣ និងតារាងទី២ នៃតារាង​ឧបសម្ព័ន្ធ​ច្បាប់ ស្តីពី ការត្រួតពិនិត្យគ្រឿងញៀន​។

 

អ្នកនាំពាក្យតុលាការ បានបញ្ជាក់ថា «ក្រោយពីទទួលបានសំណុំរឿងពីសមត្ថកិច្ច និងបន្ទាប់ពីបានស៊ើបអង្កេតល្អិតល្អន់ និងគ្រប់ជ្រុងជ្រោយលើភ័ស្តុតាងនានា តំណាងអយ្យ​ការ​បានសម្រេចចោទប្រកាន់លើជនសង្ស័យ​ទាំងអស់ ២នាក់ ខាងលើ ពីបទរក្សា​ទុក ដឹកជញ្ជូន និងជួញដូរ​ដោយខុសច្បាប់នូវសារធាតុញៀន តាមបញ្ញត្តិ​មាត្រា៤៨ និងមាត្រា ៤០ នៃច្បាប់ស្តីពី ការត្រួតពិនិត្យ​គ្រឿងញៀន​»។

​សូមរម្លឹកថា នាយរងការិយាល័យនគរបាលចរាចរណ៍ ខេត្តស្ទឹងត្រែងម្នាក់ រួមនឹងបក្ខពួកម្នាក់ ត្រូវបានសមត្ថកិច្ច ចាប់ខ្លួន ខណៈធ្វើសកម្មភាពដឹកជញ្ជូនគ្រឿងញៀន ទៅលក់ នៅរាជធានីភ្នំពេញ កាលពីរំលងអធ្រាត្រ ថ្ងៃទី២៧ ចូលថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤។

ការឃាត់ខ្លួននេះ បានធ្វើឡើង ក្នុងពេលកងកម្លាំងចម្រុះ បានដាក់ប៉ុស្តិ៍​ត្រួតពិនិត្យអាវុធជាតិផ្ទុះ និងជាតិស្រវឹង នៅមុខមន្ទីរពេទ្យជោរៃ តាមផ្លូវជាតិលេខ១ ចំណុចបឹងស្នោរ។ ក្នុងពេលឃាត់ខ្លួន​ជនសង្ស័យ ២នាក់នោះ កងកម្លាំងសមត្ថកិច្ច បាន​ដកហូតម្សៅក្រាមពណ៌​សថ្លា (សង្ស័យគ្រឿងញៀន) ៥កញ្ចប់ធំ (៥Kg) និងម្សៅកញ្ចប់ពណ៌ស្វាយ មានអក្សរថៃ លេខ២០២៣ ចំនួន ១០០កញ្ចប់តូច ស្រោមអាវុធខ្លី ១ មានគ្រាប់ចំនួន ៦គ្រាប់ និងរថយន្ត ១គ្រឿង ម៉ាកឡិចស៊ីស ៣៣០ ពណ៌ទឹកប៊ិច ផ្លាកលេខ ភ្នំពេញ 2BH 9687 ។

ជនសង្ស័យទាំងពីរនាក់នេះ មានម្នាក់ឈ្មោះ ប្រាក់ ភារម្យ ជាមន្ត្រីនគរបាល ឋានៈអនុប្រធានការិយាល័យចរាចរណ៍ជើងគោក ពាក់ស័ក្តិ ៤កន្លះ នៃស្នងការដ្ឋាន​នគរបាល ខេត្តស្ទឹងត្រែង៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds