ក្រសួងអប់រំប្រកាសឱ្យសាលាបឋមសិក្សាសាធារណៈទាំងអស់ពង្រឹងការបង្រៀនមុខវិជ្ជាភាសាខ្មែរពីថ្នាក់ទី៤-ទី៦

ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៤ បានប្រកាសណែនាំដល់គ្រឹះស្ថានបឋមសិក្សាសាធារណៈទាំងអស់ ឱ្យពង្រឹងការអនុវត្តវិធីសាស្រ្តបង្រៀនមុខវិជ្ជាភាសាខ្មែរ ថ្នាក់ទី៤ ដល់ថ្នាក់ទី៦។ ការណែនាំបែបនេះរបស់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងគោលបំណងដើម្បីពង្រឹងការបង្រៀន និងរៀនភាសាខ្មែរនៅកម្រិតបឋមសិក្សា ជាមូលដ្ឋានគ្រឹះក្នុងការសិក្សាមុខវិជ្ជាដទៃ និងកម្រិតសិក្សាជាបន្តបន្ទាប់ទៀត។

តាមរយៈក្របខណ្ឌកម្មវិធីសិក្សា កម្មវិធីសិក្សាលម្អិត និងសៀវភៅសិក្សាគោល ដែលដាក់ចេញដោយក្រសួងអប់រំ យុវជន និងកីឡា ឆ្លើយតបនឹងកំណែទម្រង់វិស័យអប់រំ ដើម្បីអភិវឌ្ឍធនធានមនុស្សប្រកបដោយវិជ្ជាសម្បទា បំណិនសម្បទា ចរិយាសម្បទា និងកាយសម្បទា។ ក្រសួងសង្កត់ធ្ងន់ថា សិស្សម្នាក់ៗត្រូវមានចំណេះដឹងលើការអាន ការសរសេរ ការស្ដាប់ ការនិយាយ និងគោលការណ៍ប្រើប្រាស់ភាសាខ្មែរ។ ជាពិសេស ការសិក្សាមុខវិជ្ជាភាសាខ្មែរ គឺធានាឱ្យសិស្សម្នាក់ៗទទួលបានចំណេះដឹង និងបំណិនភាសាខ្មែររឹងមាំ។ សិស្សមានសមត្ថភាពពិពណ៌នា វិភាគ វិនិច្ឆ័យ ពន្យល់ បកស្រាយបានត្រឹមត្រូវ និងសមហេតុផល ព្រមទាំងសិស្សអាចអនុវត្តចំណេះដឹង បំណិនភាសាខ្មែរក្នុងការសិក្សាមុខជំនាញដទៃទៀត និងការរស់នៅប្រចាំថ្ងៃ។ មិនតែប៉ុណ្ណោះ តាមរយៈការសិក្សាភាសាខ្មែរ និងធ្វើឱ្យសិស្សស្គាល់ និងលើកកម្ពស់តម្លៃមុខវិជ្ជាភាសាខ្មែរ និងមានមោទនភាពក្នុងការប្រើប្រាស់ភាសាខ្មែរ។

យោងតាមសេចក្ដីណែនាំ ក្រសួងអប់រំ យុវជន និងកីឡា បានណែនាំដល់គ្រូបង្រៀនកម្រិតចាប់ពីថ្នាក់ទី៤ ដល់ថ្នាក់ទី៦ ឱ្យខិតខំអភិវឌ្ឍសមត្ថភាពបន្ថែម តាមរយៈការចូលរួមវគ្គបណ្ដុះបណ្ដាលនានា និងបន្តសិក្សាស្រាវជ្រាវវិធីសាស្រ្តថ្មីៗជាប់ជាប្រចាំ។ គ្រូបង្រៀនថ្នាក់ទី៤ ដល់ថ្នាក់ទី៦ ត្រូវយកចិត្តទុកដាក់ក្នុងការគ្រប់គ្រងថ្នាក់រៀនប្រកបដោយប្រសិទ្ធភាព និងដឹកនាំការបង្រៀន និងរៀនមុខវិជ្ជាភាសាខ្មែរ បន្ថែមលើការអនុវត្តវិធីសាស្រ្តបង្រៀនដែលបាននិងកំពុងអនុវត្ត។

ជាមួយគ្នា ក្រសួងបានណែនាំដល់គណៈគ្រប់គ្រងសាលា ត្រូវចូលរួមគាំទ្រដល់ការលើកទឹកចិត្ត និងបង្កលក្ខណៈងាយស្រួលដល់គ្រូបង្រៀនទាំងពេលវេលា និងសម្ភារៈ ដើម្បីមានសមត្ថភាព និងលទ្ធភាពពេញលេញក្នុងការបង្រៀនសិស្ស និងជួយគាំទ្រផ្សេងៗទៀត។ ទន្ទឹមគ្នា ក្រសួងអប់រំ យុវជន និងកីឡា ក៏បានអំពាវនាវដល់មាតាបិតា អាណាព្យាបាលសិស្សឱ្យចូលរួមបង្រៀន និងណែនាំដល់កូនៗបន្ថែមនៅតាមផ្ទះផងដែរ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds