យុវជនជិត៤ពាន់នាក់ រៀននៅសាលាបច្ចេកទេសNPIC បោះជំរុំរួមគ្នា បង្ហាញពីសាមគ្គីភាពក្រោមដំបូលសន្តិភាព
ភ្នំពេញ៖ សិស្សនិស្សិតនៃវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា NPIC បានអោយដឹងថា ពិធីបោះជំរុំលើកទី៧ក្រោមប្រធានបទ «យុវជនក្រោមដំបូលសន្តិភាព» គឺជាព្រឹត្តការណ៍ដ៏អស្ចារ្យមួយដែលបង្ហាញពីការសាមគី្គភាពគ្នា សហការគ្នា ស្រលាញ់គ្នារវាងយុវជន និងយុវជនក្នុងការធ្វើកិច្ចការងារមួយទទួលបានជោគជ័យ។
យុវជន ឡាយ អ៊ីវស៊ូ ដែលជានិស្សិតរៀននៅ NPIC បានអោយដឹងថា «ការបោះជំរុំនេះគឺមានសារសំខាន់ណាស់សម្រាប់យុវជនពីព្រោះវាជាកិច្ចការងារមួយដែលទាមទារជាចាំបាច់ការសាមគ្គីគ្នា សហការគ្នា ហើយពួកយើងនៅទីនេះគឺបានរួបរួមគ្នាល្អណាស់ក្នុងពិធីបោះជំរុំឆ្នាំនេះ»។
យុវជនរូបនេះបន្ថែមថា ការបោះជំរុំនេះគឺជាការជួបជុំមួយដ៏ធំប្រចាំឆ្នាំ ដែលមានសិស្សប្រមាណជិត៤ពាន់នាក់បានចូលរួមបោះជំរុំហើយកិច្ចការងារមួយចំនួននៃការបោះជំរុំនេះធ្វើឡើងដោយមានកិច្ចសហការរវាងយុវជន និងយុវជននៅទីនេះផ្ទាល់តែម្តង ដែលកិច្ចការយុវជនទាំងអស់អាចធ្វើវាបានដោយរលូន។
យុវតី មឿន សុហេង ក៏បានលើកឡើងថា ការបោះជំរុំក្រោមប្រធាន យុវជនក្រោមដំបូលសន្តិភាព ឆ្នាំនេះគឺមានភាពអស្ចារ្យខ្លាំងណាស់ដោយវាត្រូវបានធ្វើឡើងក្រោមស្មារតីរួបរួមគ្នា និងអធ្យាស្រ័យគ្នា ស្របទៅតាមស្មារតីនៃរបៀបវិរៈបោះ
ជំរុំរបស់យើង គឺយុវជនក្រោមដំបូលសន្តិភាព។
ដោយឡែកយុវតី ម៉ឺន ដាណេត ដែលកំពុងសិក្សានៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជាមួយរូបទៀតបានស្នើសុំឱ្យថ្នាក់ដឹកនាំទាំងអស់គិតគូរក្នុងការបន្តរៀបចំពិធីដ៏ល្អនេះជារៀងរាល់ឆ្នាំ ពីព្រោះតាមរយៈពិធីនេះហើយទើបធ្វើឱ្យយុវជនដែលសុទ្ធសឹងតែជាបញ្ញវន្តជំនាន់ក្រោយមានស្មារតីសាមគ្គីគ្នា សហការគ្នា ស្រលាញ់គ្នា និងជាពិសេសអាចធ្វើកិច្ចការងាររួមគ្នាមួយប្រកបដោយស្មារតីជឿជាក់ និងពុះពារ។
យុវជន ហុក សៀងហៃ ជានិស្សិតនៃវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា បានអោយដឹងថា «យើងមើលទៅ ប្រធានបទនៃការបោះជំរុំគឺ យុវជនក្រោមដំបូលសន្តិភាព គឺមានអត្ថន័យណាស់វាបញ្ជាក់ពីយុវជនដែលរស់នៅប្រកបដោយកម្លាំង សាមគ្គីគ្នា ទើបពួកយើងក្លាយជាបញ្ញវន្តជំនាន់ក្រោយរបស់ប្រទេសយើង»។
គូសបញ្ជាក់ផងដែរថា វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជាបាននឹងកំពុងរៀបចំកម្មវិធីបោះជំរុំលើកទី៧ក្រោមប្រធានបទ «យុវជនក្រោមដំបូលសន្តិភាព» រយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី១ កុម្ភៈ រហូតដល់ថ្ងៃទី៣ កុម្ភៈ ឆ្នាំ២០២៤ ដែលមានអ្នកចូលរួមប្រមាណ៣៨៥១នាក់៕