៧ថ្ងៃ ក្នុងយុទ្ធនាការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក សមត្ថកិច្ចរកឃើញអ្នកបើកបរស្ថិតក្រោមស្ថានភាពស្រវឹងជាង៣០០គ្រឿង
ភ្នំពេញ៖ ក្នុងរយៈពេល៧ថ្ងៃ ក្នុងយុទ្ធនាការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ជាពិសេសការត្រួតពិនិត្យលើអ្នកបើកបរស្ថិតក្រោមឥទ្ធិពលនៃគ្រឿងស្រវឹងនៅរាជធានីភ្នំពេញ សមត្ថកិច្ចបានរកឃើញអ្នកបើកបរយានយន្ដស្ថិតក្រោមស្ថានភាពស្រវឹងចំនួន៣៣៥គ្រឿង ស្មើនឹង៣៣៥នាក់ និងបានអនុវត្តផាកពិន័យតាមវិធានការណ៍ច្បាប់ និងបានធ្វើកិច្ចសន្យាអប់រំ ក្នុងករណីមិនរាងចាល សមត្ថកិច្ចនឹងពិចារណា និងអនុវត្តតាមនិតិវិធីច្បាប់។
លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានអោយដឹងថា ក្នុងយុទ្ធនាការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវក្នុងរាជធានីភ្នំពេញ ក្នុងរយៈពេល៧ថ្ងៃ គិតចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤នេះ ការអនុវត្តប្រកបដោយប្រសិទ្ធិភាព ហ្មត់ចត់ម៉ឺងម៉ាត់តាមគោលការច្បាប់ និងវិធានការជំនាញ។ ការអនុវត្តរយៈពេល៧ថ្ងៃនេះ មានប្រជាពលរដ្ឋមួយចំនួននៅតែបន្ដបើកបរល្មើសច្បាប់ចរាចរណ៍ដដែល ប៉ុន្តែអ្វីដែលគួរឲ្យកក់សម្គាល់មានប្រជាពលរដ្ឋភាគច្រើនបានចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក ជាពិសេសអ្នកទទួលទានគ្រឿងស្រវឹង អត់ពាក់មួកសុវត្ថិភាពក៏មានការថយចុះ។
បើតាមលោកវរសេនីយ៍ឯក សំ វិច្ឆិកា ការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកក្នុងរាជធានីភ្នំពេញរយៈពេល៧ថ្ងៃនេះដែរ បើប្រៀបធៀន៧ថ្ងៃដូចគ្នាមុនយុទ្ធនាការ និងក្រោយយុទ្ធនាការ សមត្ថកិច្ចបានកក់សម្គាល់ថា រយៈពេល៧ថ្ងៃចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី៣១មករា ករណីគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងចំនួន១៤លើក ស្លាប់ចំនួន៤នាក់ ដោយឡែករយៈពេល៧ថ្ងៃមុនការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ ករណីគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងចំនួន១៨លើក ស្លាប់ចំនួន៩នាក់ អញ្ចឹងអត្រាគ្រោះថ្នាក់ចរាចរណ៍មានការថយចុះចំនួន៤លើក ថយមកស្លាប់ចំនួន៥នាក់ ចំណែកអ្នករងរបួសធ្ងន់ស្រាលក៏ថយចុះដូចគ្នាផងដែរ។
អ្នកនាំពាក្យរូបនេះបន្ថែមថា ការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកក្នុងភូមិសាស្ត្ររាជធានីភ្នំពេញនេះ គឺទទួលបាននូវប្រសិទ្ធិភាពអត្រាគ្រោះថ្នាក់ចរាចណ៍មានការថយចុះ ហើប្រជាពលរដ្ឋកាន់តែច្រើនបានចូលគោរពច្បាប់ចរាចរណ៍ផ្លូវគោក។ ចំពោះវិធានការបន្ទាប់ កម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នឹងសហាការជាមួយកម្លាំងគណៈបញ្ជាការឯកខណ្ឌទាំង១៤ នៅតែបន្តរឹតបន្តឹងគ្រប់ពេលវេលា គ្រប់ទីកន្លែង ជាពិសេសរឹតបន្តឹងការអនុវត្តអ្នកបើកបរក្រោមឥទ្ធិពលនៃជាតិស្រវឹងនេះតែម្ដង៕